website_news:2017301107

ពលរដ្ឋខ្មែរ១៧នាក់ ត្រូវបានទូតអន្តរាគមន៍ពី ម៉ាឡេស៊ី និងវៀតណាម ឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ

http://ann.com.kh/site/news/ ថ្ងៃព្រហស្បតិ៍, 30 ខែវិច្ឆិកា 2017 10:23 ព្រឹក

រាជធានីភ្នំពេញ៖ ស្ថានទូតតំណាងកម្ពុជា កាលពីពេលថ្មីៗនេះ បានអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ១៧នាក់ ដែលទៅបម្រើការនៅប្រទេសម៉ាឡេស៊ី និងវៀតណាម ដោយខុសច្បាប់ឲ្យបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៩ វិច្ឆិកា ម្សិលមិញ របស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងថា ពលករ និងពលការិនីខ្មែរ៤នាក់ ដែលទៅបម្រើការងារជាកម្មកររោងចក្រ និងអ្នកបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់តាមរយៈមេខ្យល់ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពួកគេ បានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាចុងខែវិច្ឆិកានេះ។

ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ក៏បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរ១៣នាក់ ដែលចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតនៅវៀតណាមផងដែរ។ ដែលអ្នកទាំងនោះ មកពីខេត្តស្វាយរៀង មានអាយុចន្លោះពី១ឆ្នាំដល់៧០ឆ្នាំ (កុមារចំនួន៨នាក់) ហើយអាជ្ញាធរវៀតណាមបានរៀបចំអោយស្នាក់នៅបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលគាំពារសង្គមទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុល និងបន្តមកស្រុកកំណើតវិញ តាមច្រកអន្តរជាតិបាវ៉ិត កាលពីថ្ងៃទី២៩ វិច្ឆិកា ម្សិលមិញ នោះ៕

website_news/2017301107.txt · Last modified: 2017/11/30 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki