website_news:2017310303

កម្ពុជា-ថៃស្រុះស្រួលលើការថែរក្សាសន្តិភាពស្ថិរភាពតាមបណ្ដោយព្រំដែន

http://www.rfa.org/khmer/news ដោយ ហង្ស សាវយុត 2017-03-30

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងថៃ បានដឹកនាំគណៈប្រតិភូយោធារៀងៗខ្លួនមកជួបប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី១២ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា។ កិច្ចប្រជុំដែលធ្វើឡើងរយៈពេលតែជាង ២ម៉ោងនោះ គឺប្រមុខនៃក្រសួងការពារជាតិ របស់ប្រទេសទាំងពីរ បានស្រុះស្រួលគ្នាទៅលើការថែរក្សាសន្តិភាព ស្ថិរភាពតាមបណ្ដោយព្រំដែន ទប់ស្កាត់បញ្ហារត់ពន្ធគ្រឿងញៀន និងអំពើជួញដូរមនុស្សជាដើម ដើម្បីនាំមកនូវការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាងឲ្យបានសុខសាន្ត។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺលោក ទៀ បាញ់។ លោកបានថ្លែងបន្ទាប់ពីបិទកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ថា កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅពេលនេះមានតួនាទីសំខាន់ គឺជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពនៃប្រទេសទាំងពីរនៅគ្រប់កម្រិតឲ្យកាន់តែប្រសើរ ដើម្បីបង្កើតសន្តិភាព ស្ថិរភាពនៅតាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា-ថៃ៖ «បញ្ហាណាដែលនៅសេសសល់ គឺនឹងរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព ជាពិសេសកសាងឲ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។

ក្រុមអ្នកកាសែតខ្លះបានចោទសួរទៅប្រទេសថៃ អំពីបញ្ហាដែលទាហានថៃ នៅតាមព្រំដែនតែងបាញ់សម្លាប់កម្មករខ្មែរ ដែលឆ្លងដែនទៅធ្វើការជាញឹកញាប់ ថាតើជាអំពើបែបណា?

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wong Suwan) បានបដិសេធថា ទាហានថៃ ដែលការពារនៅតាមព្រំដែនមិនដែលបានប្រើអាវុធបាញ់សម្លាប់កម្មករខ្មែរណាម្នាក់ ដែលឆ្លងដែនទៅរកការងារធ្វើនៅឯប្រទេសថៃ នោះទេ ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ បានទទួលស្គាល់ថា ជាញឹកញាប់ ទាហានថៃ តែងចាប់ឃុំខ្លួនកម្មករខ្មែរណាដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មែន ហើយក៏បានបញ្ជូនត្រឡប់មកឲ្យកម្ពុជា វិញជាបន្តបន្ទាប់ដែរ៕

website_news/2017310303.txt · Last modified: 2017/08/24 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki