website_news:2017310502

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ ជួយពលការិនីខ្មែរ៣នាក់

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២៩ ឧសភា ២០១៧ 20:20 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានជួយដោះស្រាយបញ្ហា និងរៀបចំ មាតុភូមិនិវត្តន៍ ដល់ពលការិនីខ្មែរចំនួន៣នាក់ ឲ្យវិលកមកម្ពុជាវិញ។

ពលការិនីខ្មែរចំនួន៣នាក់នេះ ទី១, ពលការិនី ដ.គ អាយុ៤៣ឆ្នាំ មកពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ធ្វើការតាមផ្ទះ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ទី២, ពលការិនី ព.ទ អាយុ ៣៧ឆ្នាំ មកពីស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការតាមផ្ទះ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ទី៣, ពលការិនី ឈ.ចដ អាយុ២០ឆ្នាំ មកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការតាមផ្ទះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុនមួយ (មិនចាំឈ្មោះ) នៅកម្ពុជា។

ក្រោយពីបានធ្វើកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានទៅស្ថានទូតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៧ ហើយបានប្រគល់ប្រាក់ខែដែលនៅសល់ និងទិញសំបុត្រយន្តហោះជូននាង។ ពលការិនីខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK534 ៕

website_news/2017310502.txt · Last modified: 2017/05/31 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki