website_news:2017310704

ពលករចំណាកស្រុក ខ្វះលទ្ធភាពទទួលបានយុត្តិធម៌

http://www.phnompenh-post-news.html Mon, 31 July 2017

ភ្នំពេញៈ ពលករចំណាកស្រុកកម្ពុជាជាញឹកញាប់តែងខ្វះលទ្ធភាពធ្វើឲ្យមានប្រសិទ្ធភាពក្នុងការទទួលបានយុត្តិធម៌បើទោះបីជាមានការកែលម្អនៅកម្ពុជាក្ដី។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ បើទោះបីជាមានការបង្កើតយន្តការដាក់ពាក្យបណ្តឹងនៅកម្ពុជាដែលបានដោះស្រាយករណីចំនួនដ៏ធំបំផុតក្នុងតំបន់គឺប្រហែល ៥០០ ករណីក៏ដោយ ក៏ ILO បានកំណត់អត្តសញ្ញាណគម្លាតនៃលទ្ធភាពទទួលបានយុត្តិធម៌។ បើតាមរបាយការណ៍នេះថា៖ «នៅក្នុងប្រទេសកំណើតរបស់ខ្លួន ការរំលោភបំពានសិទ្ធិរបស់កម្មករចំណាកស្រុកជាធម្មតាត្រូវបានកែលម្អដូចជា ការយកលុយថ្លៃជ្រើសរើសបុគ្គលិក ឬការដាក់ពាក្យឯកសារសម្រាប់ការងារ» ។ នៅក្នុងទម្រង់ដទៃៗទៀតនៃការរំលោភបំពានដែលត្រូវបានគេដឹងយ៉ាងទូលំទូលាយរួមមានការកំណត់យកកម្រៃថ្លៃជ្រុលទៅលើពលករចំណាកស្រុកសម្រាប់ការជ្រើសរើសពលករ និងលក្ខខណ្ឌការងារមិនល្អនៅតែបន្តកើតមាន។

នៅកម្ពុជាបញ្ហាដែលត្រូវបានរួមបញ្ចូលជាឧទាហរណ៍រួមមានគម្លាតរវាងសំណងដែលកម្មករចង់បាន និងសំណងដែលពួកគេទទួលបាន «សមត្ថភាពមិនគ្រប់គ្រាន់» នៅការិយាល័យដោះស្រាយបណ្តឹងនិង «ការខ្វះធនធានសម្រាប់បេសកកម្មការទូត»។ ភាគច្រើនបំផុតនៃពាក្យបណ្តឹងនៅកម្ពុជាពាក់ព័ន្ធនឹងការពន្យារពេលផ្តល់ការងារ ឬការមិនត្រូវបានផ្តល់ឲ្យការសន្យាផ្តល់លិខិតឆ្លងដែនមិនត្រូវបានផ្តល់ឲ្យសំណងរបស់កម្មករមនុស្សបាត់ខ្លួន និងការមិនផ្តល់ប្រាក់ឈ្នួល ឬការផ្តល់ប្រាក់ឈ្នួលតិចមិនត្រូវតាមស្តង់ដារ។ ករណីមួយចំនួនក្នុងចំណោមករណីមនុស្សបាត់ខ្លួនដែលមានចំនួន ១៤ ភាគរយនៃបណ្តឹងគឺពាក់ព័ន្ធនឹងការបាត់ខ្លួននៅក្នុងវិស័យនេសាទនៅក្នុងប្រទេសថៃ និងវិស័យបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។

លោក មុំ សុខចារ អ្នកគ្រប់គ្រងកម្មវិធីគាំពារផ្លូវច្បាប់សម្រាប់កុមារ និងស្ត្រីបានថ្លែងថា បើទោះបីជាមានការកែលម្អមួយចំនួនក្នុងឆ្នាំកន្លងមកដោយមានការបង្កើតយន្តការដាក់ពាក្យបណ្តឹងនៅកម្ពុជាក៏ដោយ ក៏ក្តីបារម្ភដ៏ធំនៅតែជាការខ្វះខាតចំណេះដឹងអំពីយន្តការនេះក្នុងចំណោមពលករចំណាកស្រុក។ បញ្ហានេះដែលរួមផ្សំជាមួយនឹងចំនួនការិយាល័យតិចតួចពេកសម្រាប់ការដាក់ពាក្យបណ្តឹងមានន័យថាពលករចំណាកស្រុកជាច្រើនមិនអាចដាក់បណ្តឹងបាន។ លោកបានបន្តថារដ្ឋាភិបាលកម្ពុជាក៏ត្រូវការកែលម្អប្រព័ន្ធតាមដានរបស់ទីភ្នាក់ងារជ្រើសរើសពលករឯកជនផងដែរដើម្បីការពារមិនឲ្យមានការរំលោភបំពានសិទ្ធិ។ លោកបានបន្ថែមថាក្តីបារម្ភធំមួយទៀតគឺការខ្វះខាតជំនួយនៅក្នុងប្រទេសទិសដៅ។ លោកថា៖ «ក្នុងប្រទេសមួយចំនួនមានពលករចំណាកស្រុករាប់ពាន់នាក់។ ស្ថានទូតមិនមានបុគ្គលិកគ្រប់គ្រាន់ដើម្បីធ្វើការលើករណីទាំងនោះ»។

ក្រសួងការបរទេសកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុនបានលើកឡើងថាការចោទប្រកាន់បែបនេះ «មិនមានមូលដ្ឋាន»។

ប៉ុន្តែ កៅ ពឿន អ្នកសម្របសម្រួលគម្រោងសម្រាប់សមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យក្រៅប្រព័ន្ធបានថ្លែងថា ស្ថានភាពក្នុងប្រទេសម៉ាឡេស៊ីបង្ហាញនូវភាពមិនអាចជួយបានក្នុងការដោះស្រាយបញ្ហាសម្រាប់ពលករចំណាក ស្រុក។ លោកបានថ្លែងបន្តថា៖ «ពេលខ្លះយើងប្តឹងទៅស្ថានទូត…ប៉ុន្តែស្ថានទូតគ្រាន់តែនិយាយថាពួកគេមានបុគ្គលិកតិចពេក ពួកគេមិនអាចមកជួយបាន»។ «ពេលខ្លះមិនមានការឆ្លើយតបពីស្ថានទូតនៅពេលយើងទាក់ទង ពួកគេតាមទូរស័ព្ទ whatsapp អ៊ីមែលមិនមានការឆ្លើយតប»។ លោកបានបន្តថា៖ «ប្រសិនបើកម្មកររត់ទៅស្ថានទូតមានការឆ្លើយតប ប៉ុន្តែបើពាក់ព័ន្ធនឹងបណ្តឹងអំពីសិទ្ធិ ខ្ញុំមិនឃើញមានការឆ្លើយតបណាមួយទេ»។ នេះមានន័យថា ពលករចំណាកស្រុកជាច្រើនបានត្រឡប់មកកម្ពុជាវិញដោយមិនអាចស្វែងរកដំណោះស្រាយអំពីសិទ្ធិរបស់ពួកគេបាននៅពេលនីតិវិធីដាក់ពាក្យបណ្តឹងនៅម៉ាឡេស៊ីមានរយៈពេលយូរដែលអាចចំណាយពេលរហូតដល់បីឆ្នាំ។

លោក វេត វ៉ន អ្នកសម្របសម្រួលគម្រោងជាតិរបស់អង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជាបានថ្លែងថាភាគច្រើននៃបណ្តឹងត្រូវបានដាក់ដោយបុរសដែលលោកបានពន្យល់ពាក់ព័ន្ធនឹងកត្តាវប្បធម៌ និងសង្គម។ «[ស្ត្រី] ត្រូវតែថែរក្សាគ្រួសារ [ដូច្នេះពួកគេមិនអាច] ធ្វើដំណើរទៅការិយាល័យខេត្ត»។ ជាងនេះទៀតពួកគេមិនទំនងជាដាក់ពាក្យបណ្តឹងទេបើមិនមានការគាំទ្រពីគ្រួសាររបស់ពួកគេ។ លោកបានបន្ថែមថាទីភ្នាក់ងារណាដែលបំពានច្បាប់គួរទទួលនូវការដាក់ទោសព្រហ្មទណ្ឌជាជាងគ្រាន់តែដាក់ទណ្ឌកម្មរដ្ឋបាល និងការផ្តល់សំណងដល់កម្មករ៕ PS

website_news/2017310704.txt · Last modified: 2017/09/07 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki