website_news:2017310802

សាសនាធំៗទាំង៤រៀបចំវេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជាៈ ពិធីសូត្រធម៌ អធិដ្ឋាន បញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងជួញដូរមនុស្ស

http://www.rasmeinews.com/ August 31, 2017

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជា ពិធីសូត្រធម៌ អធិដ្ឋាន និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប។ពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧នេះដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាសនាធំៗ ចំនួន៤ នៅក្នុងប្រទេសកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏មហោឡារិក ដែលសាសនាធំៗទាំង៤ (១.ព្រះពុទ្ធសាសនា ទី២.ឥស្លាមសាសនា ទី៣.គ្រឹស្ទបរិស័ទកាតូលិក និងទី៤.គ្រឹទ្ទបរិស័ទដំណឹងល្អ)ក្នុងព្រះរាជាណាចក្រកម្ពុជាបានឯកភាពគ្នារៀបចំជាវេទិកាអន្តរសាសនា រួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំ នៃព្រះពុទ្ធសាសនា សាសនាកាតូលិក គ្រឹទ្ទបរិស័ទដំណឹងល្អ និងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ យុវជន យុវនារី ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាអំពើឃោរឃៅ និងជាអំពើបាបដ៏ធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្សគ្រប់វ័យ តាំងពីទារក កុមារ យុវវ័យ មនុស្សពេញវ័យ មនុស្សចាស់ គ្រប់ភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុសុ្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទរហូតដល់អាយុជីវិតរបស់មនុស្សរៀងរាល់ថ្ងៃរាប់លាននាក់នៅលើពិភពលោក។

សម្តេចក្រឡាហោមបានបញ្ជាក់ថា “យើងទាំងអស់គ្នាប្តេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នានិងបន្តផ្សព្វផ្សាយតាយមរយៈការអប់រំសាសនាដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្សនិងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាសកម្មភាពដ៏កម្រមួយដែលបង្ហាញពីភាពសុខដុមរមនានៃសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅរួមគ្នា គឺការបង្កើតឲ្យមានសេចក្តីសុខផ្លូវកាយផ្លូវចិត្តដល់មនុស្សផងគ្នា មិនបៀតបៀនគ្នា មិនប្រឈមមុខដាក់គ្នា ព្រមទាំងបានរួមគ្នាអប់រំចិត្ត អប់រំកាយតាមបែបសាសនារៀងៗខ្លួនដល់សាសនិកទាំងឡាយឲ្យលើកកម្ពស់សីលធម៌ដល់ការរស់នៅនិងជួយដាសតឿនក្រើនរម្លឹកគ្នាមិនឲ្យធ្វើនៅអំពើបាបដោយការកេងប្រវ័ញ្ច រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯងរងទុក្ខវេទនា”។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រសកម្មភាពនេះឲ្យមានជារៀងរហូតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគ្រឹះដ៏រឹងមាំ នៃសីលធម៌ក្នុងការរស់នៅ សេចក្តីសុខ សន្តិភាពផ្លូវកាយផ្លូវចិត្តរបស់មនុស្សក្នុងសង្គម ក៏ដូចជាក្នុងប្រទេសជាតិ ដែលជាសេចក្តីត្រូវការចាំបាច់ និងមិនអាចខ្វះបាន។ សាសនាគឺជាឱសថ ដែលព្យាលបាជំងឺផ្លូវចិត្តជាមាគាតម្រង់ផ្លូវឲ្យមនុស្សដើរទៅតាមផ្លូវសុចរិតជាច្បាប់កម្រិតឲ្យមមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រិដ្ឋកម្មនានា ឲ្យមនុស្សចេះរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក ដែលនេះ គឺជាប្រភព នៃសេចក្តីសុខ។

ចំណែកលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា ការរៀបចំវេទិកានេះឡើង គឺដើម្បីបង្ហាញអំពីភាពសុខដុមនីយកម្ម នៃសាសនានៅកម្ពុជា ដែលបានរួមធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាព្រឹត្តិការណ៍លើកទី១ សម្រាប់កម្ពុជាក៏ដូចជាបណ្តាប្រទេសទាំងឡាយ ដែលយើងឃើញថា មានប្រទេសមួយចំនួនដែលមិនទាន់អាចធ្វើបាន ប៉ុន្តែកម្ពុជាអាចចាប់ផ្តើមបានដោយសារថា សាសនាទាំងឡាយមានការឯកភាពគ្នានៅក្នុងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្រៅពីផ្នែកសាសនាក៏មានអង្គការដៃគូ ហើយអង្គការ ការីតាស បានគៀងគរដៃគូដទៃទៀតដែលមានឆន្ទៈធ្វើឲ្យមានព្រឹត្តិការណ៍នេះកើតឡើង ហើយយមានការចូលរួមរបស់សាសនិកនៃសាសនា៤ធំៗ ទី១.ព្រះពុទ្ធសាសនា ទី២.ឥស្លាមសាសនា ទី៣.គ្រឹស្ទបរិស័ទកាតូលលិក និងទី៤.គ្រឹទ្ទបរិស័ទដំណឹងល្អ។ ហើយសាសនាទាំង៤នេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយៈ មុនីរ័ត្ន/sn

website_news/2017310802.txt · Last modified: 2017/08/31 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki