website_news:2017310803

មួយទៀតហើយ...ម៉ាស្សាកោសជប់លួចបង្កប់សេវាផ្លូវភេទ

https://kohsantepheapdaily.com.kh/ ៖ យឹម ឈឿន ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៩:២០

រាជធានីភ្នំពេញ ៖ ហាងម៉ាស្សាកោសជប់លួចប្រព្រឹត្តសញ្ចាកម្មមួយកន្លែងស្ថិតនៅតាមផ្លូវ២០០៤ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជនចុះបង្ក្រាប និងឃាត់ខ្លួនថៅកែស្រីម្នាក់ជាមេខ្លោង ព្រមទាំងរំដោះស្ត្រីរងគ្រោះ៦នាក់ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យជាមេខ្លោងបើកហាងកោសជប់លួចបម្រើសេវាផ្លូវភេទត្រូវបានគេស្គាល់ឈ្មោះ មេ ស៊ីថា ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងហាងកើតហេតុខាងលើ ចំណែកបុរសជាប្តីរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះទាំង៦នាក់សុទ្ធតែស្រីត្រូវបានគេស្គាល់ទី១-ឈ្មោះ យាន សម្ជស្ស អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ តាវ ស្រីមុំ អាយុ២៥ឆ្នាំ, ទី៣-ឈ្មោះ ឡាយ ស្រីធី អាយុ២៥ឆ្នាំ, ទី៤-ឈ្មោះ ចន ស្រីប៉ុក អាយុ២៥ឆ្នាំ, ទី៥-ឈ្មោះ បាត់ បញ្ញា អាយុ២៤ឆ្នាំ និងទី៦-ឈ្មោះ ម៉ែន សានី អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅហាងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី សំបូរ មាណ្ណារិទ្ធ អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានឱ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបជនសង្ស័យជាមេខ្លោងបើកហាងម៉ាស្សាលួចលាក់បម្រើផ្លូវភេទ សមត្ថកិច្ចធ្វើការស្រាវជ្រាវដឹងហើយបានស្នើសុំលោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គីមឡុង ព្រះរាជរាជ្ញារងដើម្បីចុះបង្ក្រាបហាងម៉ាស្សាកោសជប់បំភាន់ភ្នែកសមត្ថកិច្ចការពិតលួចលាក់ប្រព្រឹត្តអំពើសញ្ចារកម្ម ។ ការចុះបង្ក្រាបនេះបានចុះឆែកឆេរផ្ទះម៉ាស្សារកោសជប់បាន៤បន្ទប់ ក្នុងនោះបន្ទប់ទី១មានស្រោមអនាម័យ មិនទាន់ប្រើប្រាស់ចំនួន៣ប្រអប់តូច និងបន្ទប់៣ទៀតសុទ្ធតែមានស្រោមដែលប្រើរួច និងមានស្ត្រីរងគ្រោះចំនួន៦នាក់ ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅឆែកឆេរឃើញជាក់ស្តែង ហើយថៅកែស្រីហាងម៉ាស្សាលួចប្រព្រឹត្តសញ្ចារកម្មខាងលើនេះមិនព្រមចុះហត្ថលេខា និងផ្តិតមេដាយទទួលស្គាល់កំហុសខ្លួនដែលបានប្រព្រឹត្តទេ ព្រោះកន្លងមកស្ត្រីខាងលើនេះធ្លាប់ជាប់ពាក់ព័ន្ធម្តងរួចមកហើយ ។ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃនាំទៅសាកសួរហើយប្រគល់ឲ្យអង្គការយកទៅណែនាំ ។ ដោយឡែកថៅកែស្រីហាងម៉ាស្សាកោសជប់លួចប្រព្រឹត្តសញ្ចារកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ រីឯទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ៕

website_news/2017310803.txt · Last modified: 2017/08/31 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki