website_news:2017310804

តំណាងពលករដាក់ញត្តិទៅស្ថានទូតខ្មែរនៅទីក្រុងបាងកកទាក់ទងរឿងបោះឆ្នោត

http://www.rfa.org/khmer/news/politics/migrant-worker ដោយ តាំង សារ៉ាដា 2017-08-30

តំណាងពលករចំណាកស្រុកប្រចាំនៅប្រទេសថៃ ឲ្យដឹងនៅថ្ងៃពុធ ទី៣០ សីហា ថា ពួកគេជោគជ័យក្នុងការដាក់ញត្តិទៅស្ថានទូតខ្មែរក្នុងទីក្រុងបាងកក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកឱកាសឲ្យពលរដ្ឋខ្មែរនៅបរទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានដូចបណ្តាប្រទេសជឿនលឿនខាងប្រជាធិបតេយ្យដទៃៗទៀត។ តំណាងពលករខ្មែរក្នុងប្រទេសថៃ លោក លី រតនរស្មី បានប្រាប់អាស៊ីសេរីថា មន្ត្រីស្ថានទូតខ្មែរក្នុងទីក្រុងបាងកក បានទទួលយកញត្តិរបស់ពលករខ្មែរចំនួនបីច្បាប់ ដែលផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភា លោក ហេង សំរិន និងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបង្ហាញពីឆន្ទៈរបស់ពលករចំណាកស្រុកខ្មែរក្នុងប្រទេសថៃ ថាពួកគេក៏ត្រូវការចូលរួមការបោះឆ្នោតដូចពលរដ្ឋខ្មែរក្នុងប្រទេសកំណើតទូទៅដែរ។

ការទាមទាររបស់ក្រុមពលករចំណាកស្រុកទាំងនេះ ធ្វើឡើងក្រោយពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣៣រូប បានផ្ញើសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយថែមជំពូកមួយទៀតមាន ១០មាត្រា ចែងអំពីនីតិវិធី និងគោលការណ៍ច្បាប់សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅប្រទេសដែលខ្លួនកំពុងស្នាក់នៅ និងធ្វើការ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរីតាមសារអ៊ីមែលថា គណៈកម្មការជំនាញរដ្ឋសភា កំពុងពិនិត្យ និងសិក្សាតាមនីតិវិធីលើសេចក្តីស្នើច្បាប់នេះ។ លោកបន្តថា ពេលពិនិត្យរួច គណៈកម្មការជំនាញនឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាវិញ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំសម្រេចដាក់ ឬមិនដាក់ចូលក្នុងអង្គប្រជុំវិសាមញ្ញរដ្ឋសភា៕

website_news/2017310804.txt · Last modified: 2017/08/31 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki