website_news:2017310805

សម្តេចក្រឡាហោម ស ខេងៈ អំពើជួញដូរមនុស្ស ជាអំពើឃោរឃៅ

http://www.cen.com.kh/local/ (ថ្ងៃទី 31 សីហា 2017, ម៉ោង 11:13:AM) | ដោយ: មុនីរាជ

ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អំពើជួញដូរមនុស្ស ជាអំពើឃោរឃៅ និងជាអំពើបាបដ៏ធ្ងន់ធ្ងរ ដែលជនល្មើស បានប្រព្រឹត្តទៅលើ ជនរងគ្រោះ ជាមនុស្សគ្រប់វ័យ តាំងពីទារក កុមារ យុវវ័យ មនុស្សពេញវ័យ មនុស្សចាស់ គ្រប់ភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុសុ្ស បាត់បង់សេចក្តីសុខ ក្នុងគ្រួសារ ខូចខាតសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់អាយុជីវិត របស់មនុស្ស រៀងរាល់ថ្ងៃ រាប់លាននាក់ នៅលើពិភពលោក។

ការថ្លែងបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើង ក្នុងវេទិកាអន្តរសាសនា ថ្នាក់ជាតិនៅកម្ពុជា ពិធីសូត្រធម៌ អធិដ្ឋាន និងបញ្ជូនសារ ដើម្បីប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងបញ្ចប់ទាសភាព សម័យទំនើប ធ្វើនៅមជ្ឈមណ្ឌល និងពិព័រណ៍ កោះពេជ្រ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ នេះ។ សម្តេចក្រឡាហោម បានបន្តថា នេះជាព្រឹត្តិការណ៍ ដ៏មហោឡារិក ដែលសាសនាធំៗ ទាំង៤ (១.ព្រះពុទ្ធសាសនា ទី២.ឥស្លាមសាសនា ទី៣.គ្រឹស្ទបរិស័ទកាតូលិក និងទី៤.គ្រឹទ្ទបរិស័ទដំណឹងល្អ) ក្នុងព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នា រៀបចំជាវេទិកា អន្តរសាសនា រួមជាមួយ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដើម្បីបញ្ជាក់ អំពីការប្តេជ្ញាចិត្ត របស់ប្រមុខដឹកនាំ នៃព្រះពុទ្ធសាសនា សាសនាកាតូលិក គ្រឹទ្ទបរិស័ទដំណឹងល្អ និងគណៈដឹកនាំ ជាន់ខ្ពស់ សាសនាឥស្លាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ យុវជន យុវនារី ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស។

សម្តេចក្រឡាហោម បានបញ្ជាក់ថា “យើងទាំងអស់គ្នា ប្តេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នា និងបន្តផ្សព្វផ្សាយ តាយមរយៈការអប់រំសាសនា ដល់សាសនិកគ្រប់ និកាយសាសនា ទាំងអស់ ដែលមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយល់ដឹង អំពីអំពើជួញដូរមនុស្ស និងនាំគ្នាលុបបំបាត់ ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាសកម្មភាព ដ៏កម្រមួយ ដែលបង្ហាញពី ភាពសុខដុមរមនា នៃសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅ រួមគ្នា គឺការបង្កើតឲ្យមាន សេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្តដល់មនុស្សផងគ្នា មិនបៀតបៀនគ្នា មិនប្រឈមមុខដាក់គ្នា ព្រមទាំងបានរួមគ្នាអប់រំចិត្ត អប់រំកាយ តាមបែបសាសនា រៀងៗខ្លួន ដល់សាសនិកទាំងឡាយ ឲ្យលើកកម្ពស់សីលធម៌ ដល់ការរស់នៅ និងជួយដាស់តឿនក្រើនរម្លឹកគ្នា មិនឲ្យធ្វើនៅអំពើបាប ដោយការកេងប្រវ័ញ្ច រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯង រងទុក្ខវេទនា”។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រសកម្មភាពនេះ ឲ្យមានជារៀងរហូត ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគ្រឹះដ៏រឹងមាំ នៃសីលធម៌ ក្នុងការរស់នៅ សេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តរបស់មនុស្ស ក្នុងសង្គម ក៏ដូចជា ក្នុងប្រទេសជាតិ ដែលជាសេចក្តីត្រូវការចាំបាច់ និងមិនអាចខ្វះបាន។ សាសនា គឺជាឱសថ ដែលព្យាលបាជំងឺផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឲ្យមនុស្ស ដើរទៅតាមផ្លូវសុចរិត ជាច្បាប់កម្រិតឲ្យមនុស្ស ជៀសវាងនូវកំហុស ក្នុងការកសាងបាបកម្ម និងឧក្រិដ្ឋកម្មនានា ឲ្យមនុស្សចេះរស់ នៅក្នុងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នា ទៅវិញទៅមក ដែលនេះ គឺជាប្រភព នៃសេចក្តីសុខ។

ចំណែកលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានថ្លែងថា ការរៀបចំវេទិកានេះឡើង គឺដើម្បីបង្ហាញអំពី ភាពសុខដុមនីយកម្ម នៃសាសនានៅកម្ពុជា ដែលបានរួមធ្វើ ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជាព្រឹត្តិការណ៍ លើកទី១ សម្រាប់កម្ពុជា ក៏ដូចជាបណ្តា ប្រទេសទាំងឡាយ ដែលយើងឃើញថា មានប្រទេសមួយចំនួន ដែលមិនទាន់អាចធ្វើបាន ប៉ុន្តែកម្ពុជាអាចចាប់ផ្តើម បានដោយសារថា សាសនាទាំងឡាយ មានការឯកភាពគ្នា នៅក្នុងការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស។ ក្រៅពីផ្នែកសាសនាក៏មានអង្គការដៃគូ ហើយអង្គការ ការីតាស បានគៀងគរដដៃគូដទៃទៀតដែលមានឆន្ទៈធ្វើឲ្យមានព្រឹត្តិការណ៍នេះកើតឡើង ហើយយមានការចូលរួម របស់សាសនិក នៃសាសនា៤ធំៗ ទី១.ព្រះពុទ្ធសាសនា ទី២.ឥស្លាមសាសនា ទី៣.គ្រឹស្ទបរិស័ទកាតូលលិក និងទី៤.គ្រឹទ្ទបរិស័ទដំណឹងល្អ។ ហើយសាសនាទាំង៤នេះ បានដើរតួនាទី យ៉ាងសំខាន់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លោកស្រី បានបន្តថា បន្ទាប់ពីមានការប្តេជ្ញាចិត្ត ទៅអ្នកដឹកនាំសាសនាធំៗ នឹងត្រឡប់ទៅផ្សព្វផ្សាយបន្ត ទៅដល់សាសនិករបស់ខ្លួន ឲ្យបានយល់ដឹង អំពីអំពើជួញដូរមនុស្ស ទូន្មានឲ្យមានសីលធម៌ល្អ និងប្រព្រឹត្តតែអំពើល្អ និងសេចក្តីស្ងប់សុខ នឹងកើតមាននៅកម្ពុជា ហើយក៏ជាសារឲ្យជនល្មើស បានដឹងដែថា នៅកម្ពុជា មិនទទួលយក នូវការប្រព្រឹត្តបទល្មើស ជួញដូរមនុស្សទេ និងមិនអនុញ្ញាត ឲ្យជនល្មើស ជួញដូរមនុស្ស ឬមួយចាត់ទុកមនុស្ស ជាទាសករសម័យទំនើប។

រីឯតំណាងក្រុមការងារ មហាអនុតំបន់ ទន្លេមេគង្គ ប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា ក្រុមការងារ មហាអនុតំបន់ ទន្លេមេគង្គប្រឆាំង ការជួញដូរមនុស្ស មានទស្សនលើកកម្ពស់ សេចក្តីថ្លៃថ្នូររបស់មនុស្ស កសាងសាមគ្គីភាព ធានា និងការពារឲ្យរួចផុត ពីការចាកផុតពីការជួញដូរ។ ដើម្បីសម្រេចបាន ទស្សនវិស័យនេះ ក្រុមការងារ មានបេសកកម្មការងារ ចំនួន៥ ដែលត្រូវបំពេញរួមមាន ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ការងារជាមួយនឹងសមាជិក អង្គការការីតាស លើពិភពលោក រាជរដ្ឋាភិបាល នៃបណ្តាប្រទេសនានា អង្គការមិនមែន រដ្ឋាភិបាលផ្នែកសាសនា និងដៃគូរអភិវឌ្ឍន៍នានា៕N/S

website_news/2017310805.txt · Last modified: 2017/08/31 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki