website_news:2017311003

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

https://www.mlvt.gov.kh/index.php/km/ ច័ន្ទ, 30 តុលា 2017 10:00 Written by MLVT

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការ បានទទួលដោះស្រាយនូវសំណូមពរ និងជំរុញក្រុមការងារទាំងអស់ត្រូវបង្កើនការផ្តល់សេវាជូនបងប្អូនពលករដែលបានមកបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងបងប្អូនដែលមកស្នើសុំបញ្ជាក់អត្តសញ្ញាណពីក្រុមការងារអន្តរក្រសួងចល័តទាំងបីការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំបំពេញការងារ ជាពិសេសក្នុងយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជាដែលទើបនឹងចាប់ផ្តើមនាពេលថ្មីៗនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។ នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀតសម្រាប់ការជួយផ្តល់ភាពស្របច្បាប់ដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

website_news/2017311003.txt · Last modified: 2017/10/31 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki