website_news:201801៩1101

របបក្រុងភ្នំពេញកំពុងសម្របសម្រួលជាមួយភាគីថៃ អំពីការចាប់បញ្ជូនពលករខ្មែរ

https://www.rfa.org/khmer/news/ ដោយ យន់ សាមៀន 2018-11-17

អ្នកនាំពាក្យរបបក្រុងភ្នំពេញអះអាងថា ក្រសួងការងារក្រសួងការបរទេស និងស្ថានទូតខ្មែរប្រចាំប្រទេសថៃ កំពុងជួបជជែកជាមួយភាគីថៃ ដើម្បីសម្របសម្រួលករណីការចាប់បញ្ជូនពលករខ្មែរដែលកំពុងធ្វើការងារខុសច្បាប់ នៅប្រទេសថៃ ដើម្បីដោះស្រាយបញ្ហានេះ។ កន្លងមកសង្គមស៊ីវិល លើកឡើងថា អាជ្ញាធរបានរំលោភសិទ្ធិពលករខ្មែរ ដោយការចាប់បញ្ជូនពួកគេមកកម្ពុជាវិញធ្វើ ឲ្យគ្មានស្តង់ដារ ដោយសារចាប់ពួកគេដាក់ក្នុងទ្រុងដូចសត្វធាតុ។លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៧ ខែវិច្ឆិកាថា ទន្ទឹមនឹងការស្វែងរកដំណោះស្រាយបញ្ហាពលករនេះ សមត្ថកិច្ចកម្ពុជា ក៏កំពុងស្វែងរកចាប់មេខ្យល់ដែលនាំពលករទៅធ្វើការងារខុសច្បាប់នៅថៃផងដែរ ព្រោះក្រុមមេខ្យល់នេះ គឺជាប្រភពនាំពលករទៅធ្វើការងារខុសច្បាប់។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា របបលោកកំពុងព្យាយាមប្រែក្លាយពលករធ្វើការងារនៅថៃខុសច្បាប់ឲ្យស្របច្បាប់វិញ៖ «កំពុងរៀបចំធ្វើឲ្យពួកគាត់ក្លាយជាអ្នកធ្វើការស្របច្បាប់តែម្តង។ បាទកំពុងតែបន្តការសម្របសម្រួលដល់ពលករ ដែលចូលធ្វើការរួចហើយ ដែលខុសច្បាប់នេះឯង»។

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ ត្រាល់ លោក ឌី ថេហូយ៉ា ស្នើសុំថា លទ្ធផលនៃកិច្ចប្រជុំកម្ពុជា និងថៃត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យពលករអាចស្នើសុំឯកសារស្របច្បាប់។ លោកទាមទារឲ្យអាជ្ញាធររៀបចំកន្លែងធ្វើឯកសារឲ្យមានសេវាកម្មល្អ គ្មានអំពើពុករលួយ ឬគ្មានអ្នករត់ការខុសច្បាប់៖ «បើតម្លៃប៉ុណ្ណាប៉ុណ្នឹង ទៅកុំឲ្យមានអ្នករត់ការក្រៅស្មុគស្មាញ និយាយឲ្យស្រួល គឺបង្កលក្ខណៈងាយស្រួលដល់ពលករក្នុងការធ្វើឯកសារ»។

សមត្ថកិច្ចអន្តោប្រវេសន៍ថៃរាប់ពាន់នាក់កំពុងសម្រុកចុះចាប់ខ្លួនពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅខុសច្បាប់លើទឹកដីថៃដល់កន្លែងពួកគេស្នាក់នៅ កន្លែងពួកគេធ្វើការ និងទីកន្លែងដែលមានពលករខ្មែរក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីសេចក្តីសុខពលរដ្ឋថៃ។ អាស៊ីសេរីនៅមិនទាន់មានតួលេខពលករខ្មែរត្រូវចាប់ខ្លួនសរុបនៅឡើយទេ ប៉ុន្តែ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ហាញរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០១៨ នេះថា សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរ ដែលធ្វើការងារខុសច្បាប់នៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត ៣ម៉ឺននាក់។

របាយការណ៍ក្រសួងមហាផ្ទៃគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះបង្ហាញថា ពលករខ្មែរ ១លាន ៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ ក្នុងនោះមានពលករស្របច្បាប់តែជាង ៥សែននាក់ប៉ុណ្ណោះ៕

website_news/201801៩1101.txt · Last modified: 2018/11/19 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki