website_news:2018011001

នាំនាងទៅឱ្យបុរសម្នាក់ប្រើថ្នាំសម្រើបនេះនោះសម្រេច៤ដងក្នុង១យប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:២៧ ឈឺន ធា

ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនស្ត្រីម្នាក់កាលពីថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីមានពាក្យបណ្ដឹងថាបានលួងលោមក្មេងស្រីម្នាក់ អាយុ១៤ឆ្នាំ នាំទៅឲ្យបុរសម្នាក់ប្រើថ្នាំសម្រើបរំលោភនាងនៅផ្ទះសំណាក់បានសម្រេចចំនួន៤លើក ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ស្ត្រីដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ ម៉ាន រ៉េត អាយុ៤៩ឆ្នាំ ទីលំនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ មានមុខរបរជាអ្នកលាងចានតាមរោងការ ។ ប្រភពដដែលឱ្យដឹងទៀតថា តាមការរៀបរាប់របស់ក្មេងស្រី កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា រូបនាងនិងមិត្តភក្តិម្នាក់ បាននាំគ្នាទៅដើរលេងនៅសួនច្បារមាត់ទន្លេតាខ្មៅ ។ ពេលនាងកំពុងអង្គុយហូបប្រហិត ស្រាប់តែឃើញស្ត្រីចំណាស់រូបនោះដើរមករកនាង ក៏ហៅហូបប្រហិតជាមួយ តែស្ត្រីរូបនេះមិនហូបទេគ្រាន់តែចូលអង្គុយមើល ។ ពេលហូបរួច ស្ត្រីចំណាស់រូបនេះក៏បបួលនាងដើរចេញមក ដោយហៅម៉ូតូឌុបជិះទៅ៣នាក់ គឺមានរូបនាង ជនល្មើស ព្រមទាំងកូនស្រីរបស់ជនល្មើស ។ ពេលឌុបដល់រាជធានីភ្នំពេញជិតរបងសាលារៀនមួយ ចម្ងាយប្រហែល២០០ម៉ែត្រពីរង្វង់មូលដែលនាងមិនស្គាល់ ស្ត្រីរូបនេះបានឲ្យម៉ូតូឌុបឈប់ ហើយទូរស័ព្ទហៅបុរសម្នាក់មិនស្គាល់ឈ្មោះ ជិះរថយន្ត១គ្រឿងមិនស្គាល់ម៉ាកមកដល់ ។ ពេលនោះស្ត្រីរូបនេះបានចូលទៅក្នុងរថយន្តបុរសនោះ និយាយគ្នាបានមួយសន្ទុះក៏ចេញមកវិញ រួចហុចលុយឲ្យថ្លៃម៉ូតូឌុបហើយក៏នាំនាងជិះរថយន្តបុរសនោះទៅផ្ទះសំណាក់មួយមិនស្គាល់យីហោក្នុងរាជធានីភ្នំពេញ ដោយជនល្មើសឲ្យនាងនៅអង្គុយលេងក្នុងបន្ទប់ជាមួយបុរសម្នាក់នោះ ។ ចំណែកជនល្មើសប្រាប់ថា ចុះទៅក្រោមមួយភ្លែតក៏ទៅបាត់រហូត ។

ក្រោយមកនាងត្រូវបុរសនោះលួងលោម និងប្រើថ្នាំសម្រើបរួមភេទជាមួយនាងបានសម្រេច៤ដងក្នុងមួយយប់ ។ លុះដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា បុរសម្នាក់នោះបានប្រាប់ថា ចេញទៅធ្វើការហើយ និងប្រាប់នាងថា ចាំនៅក្នុងបន្ទប់ចុះ បន្តិចទៀតអ្នកជូនមកយកទៅវិញហើយ ។ ពេលនាងរង់ចាំមិនឃើញជនល្មើសមកយកក៏ទូរស័ព្ទទៅជនល្មើស ពេលនោះជនល្មើសប្រាប់ឲ្យជិះម៉ូតូមកចាំខ្លួនចេញលុយឲ្យ ហើយនាងបានជិះម៉ូតូឌុបមកផ្ទះជនល្មើសវិញ ។ រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ទើបក្រុមគ្រួសាររបស់នាងតាមរកនាងឃើញនៅផ្ទះជនល្មើស ក៏ប្តឹងសមត្ថកិច្ចឲ្យជួញអន្តរាគមន៍ឃាត់ខ្លួនជនល្មើសយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្ដង ។ នគរបាលឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនល្មើសពុំព្រមឆ្លើយសារភាពទៅតាមការចោទប្រកាន់ខាងលើទេ តែករណីនេះនៅតែបន្តនីតិវិធី ៕

website_news/2018011001.txt · Last modified: 2018/10/01 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki