website_news:20180110604

ថៃអំពាវនាវឲ្យ ពលករបរទេសរួមទាំងកម្ពុជាផង ទៅបញ្ជាក់អត្តសញ្ញាណ

http://km.rfi.fr/ វិទ្យុបារាំង ដោយ សឿង ភារៈ 11/06/2018

រដ្ឋមន្ត្រីក្រសួងការងារ បានអំពាវនាវឲ្យពលករបរទេសកំពុងធ្វើការក្នុងប្រទេសថៃ ដែលក្នុងនោះមានពលករកម្ពុជាផង ទៅចុះឈ្មោះបញ្ជាក់អត្តសញ្ញាណ ដើម្បីទទួលបានភាពស្របច្បាប់ធ្វើការក្នុងប្រទេសថៃ មុនពេលការអនុវត្តច្បាប់ត្រូវធ្វើនាដំណាច់ខែមិថុនាខាងមុខនេះ។ ចំណែកកម្ពុជាធ្លាប់បានអះអាងថា ពលករដែលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ បានទទួលភាពស្របច្បាប់ជិតអស់ហើយ។ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Pol Gen. Adul sangsingkeo បានអំពាវនាវឲ្យពលករខ្មែរ ភូមា និងឡាវ មកបញ្ជាក់អត្តសញ្ញាណ និងចុះឈ្មោះ ដើម្បីធ្វើការងារស្របច្បាប់ក្នុងប្រទេស មុនពេលយុទ្ធនាការចុះឈ្មោះនេះត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រThe Nation របស់ប្រទេសថៃកាលពីថ្ងៃទី៨ ខែមិថុនា។

នាយកដ្ឋានផ្នែកការងាររបស់ថៃ លោក Anurak Thossarat បានបញ្ជាក់កាលពីថ្ងៃសុក្រប្រាប់សារព័ត៌មាន The Nation ថា ការចុះឈ្មោះពលករបរទេសក្នុងប្រទេសថៃ នឹងមិនមានការពន្យារពេលតទៅទៀតទេ។ នាយកដ្ឋានផ្នែកការងាររបស់ថៃបញ្ជាក់ថា នៅក្រោយថ្ងៃទី៣០ ខែមិថុនា ពលករដែលធ្វើការខុសច្បាប់ ថៅកែរបស់ពួកគេនឹងប្រឈមនឹងការផាកពិន័យពីអាជ្ញាធរថៃក្រោមច្បាប់គ្រប់គ្រងពលករបរទេស ដែលបានវិសោធនកម្មកាលពីឆ្នាំ២០១៧កន្លងទៅ។

អ្នកនាំពាក្យក្រសួងការងារកម្ពុជាមិនមានអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសថៃនាពេលនេះទេ។ ប៉ុន្តែបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី២២ ឧសភា កម្ពុជា និងថៃបានសហការរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានជាង៣០ម៉ឺននាក់រួចហើយ ក្នុងចំណោមពលករជាង៤០ម៉ឺននាក់ ដែលកំពុងបំរើការងារ ដោយខុសច្បាប់នៅក្នុងប្រទេសថៃ។

លោក អ៊ិត សំហេង ថាពលករកម្ពុជា ដែលបំរើការងារ ដោយគ្មានឯកសារស្របច្បាប់ នៅក្នុងប្រទេសថៃ ពីមុនមកនោះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះឱ្យបានរួចរាល់ នៅមុនដំណាច់ ខែ មិថុនា ឆ្នាំ២០១៨ខាងមុខនេះ។ លោកបញ្ជាក់ថានៅពាក់កណ្តាលខែមិថុនានេះ លោកនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យចុងក្រោយ និងដោះស្រាយបញ្ហាដែលនៅសេសសល់។

កាលពីថ្ងៃទី១៨ ខែឧសភា គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋកម្ពុជា បានអំពាវនាវឲ្យពលករខ្មែរ ដែលពុំទាន់បានមកបញ្ជាក់អត្តសញ្ញាណ ត្រូវប្រញ៉ាប់រួសរាន់មកធ្វើការបញ្ជាក់អត្តសញ្ញាណជាមួយក្រុមការងារ ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្តផាធុមថានី ខេត្តរ៉ាក់យ៉ង និងក្រុមការងារចល័តដែលចុះទៅតាមខេត្តពលករស្នាក់នោះឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា។

សូមជម្រាបជូនថា ពលករបរទេស ដែលធ្វើការនៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាតនឹងត្រូវផាកពិន័យពី១៥៥ដុល្លារ ដល់១,៥៦០ដុល្លារ ហើយនឹងមិនអនុញ្ញាតឲ្យដាក់ពាក្យសុំធ្វើការរយៈពេល២ឆ្នាំ។ ចំណែកឯនិយោជករូបណា ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់នឹងត្រូវផាកពិន័យពី៣១២ដុល្លារ ដល់៣,១២០ដុល្លារ ក្នុងពលករម្នាក់៕

website_news/20180110604.txt · Last modified: 2018/06/11 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki