website_news:2018011102

មន្ត្រី ៖ តុលាការជាអ្នកសម្រេច រឿងស្ត្រីស៊ីឈ្នួលពពោះ ៣២ នាក់

https://www.postkhmer.com/ ម៉ិច ដារ៉ា and គង់ មេត្ដា date 01 November 2018 08:40 ICT

ភ្នំពេញៈ ស្ត្រីស៊ីឈ្នួលពពោះចំនួន ៣២ នាក់ដែលកំពុងជាប់ឃុំពីបទជួញដូរមនុស្សកំពុងស្ថិតនៅក្នុងការពិចារណារបស់សាលាដំបូងរាជធានីភ្នំពេញអំពីការដោះលែងឲ្យនៅក្រៅឃុំ ឬត្រូវបន្តឃុំខ្លួន បន្ទាប់ពីពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកក្កដាកន្លងមក។ នេះបើយោងតាមការអះអាងរបស់លោកស្រី ជូ ប៊ុនអេង ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨។

លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថាការពិចារណានេះធ្វើឡើងបន្ទាប់ពីមេធាវីការពារឲ្យស្ត្រីពពោះទាំង ៣២ នាក់បានរៀបចំឯកសារដាក់ទៅតុលាការដើម្បីស្នើសុំឲ្យតុលាការធ្វើការពិចារណាដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីឲ្យពួកគេបានចិញ្ចឹមកូនៗដែលពួកគេស៊ីឈ្នួលបង្កើតឲ្យអ្នកផ្សេងនោះ ដោយពួកគេមិនបញ្ជូនកូនទាំងនោះទៅឲ្យអ្នកដែលជួលពួកគេឡើយ។ លោកស្រីបានថ្លែងថា៖ «វាអាស្រ័យលើទឡ្ហីករណ៍មួយចំនួនដែលតុលាការអាចជឿជាក់ថា ពេលដែលគាត់នៅក្រៅឃុំ តើគាត់នឹងប្រព្រឹត្តបទល្មើសបន្តទៀតទេដោយសារតែកូននៅក្នុងដៃគាត់។ បើគាត់ចង់ដោះដូរកូនគាត់នៅពេលណាគឺជារឿងមួយដែលគាត់នឹងអាចធ្វើ បើគាត់នៅតែមានចេតនា ហើយយើងក៏ត្រូវការវិធានការមួយចំនួនដូច្នេះយើងចាំមើលថា តើតុលាការលោកនឹងសម្រេចយ៉ាងណា?វាអាស្រ័យលើចេតនារបស់គាត់ និងចម្លើយរបស់គាត់»។ លោកស្រីបានបន្ថែមថា៖ «យើងខ្ញុំគ្មានចេតនាចង់ធ្វើឲ្យមានភាពអយុតិ្តធម៌ទេទៅលើស្ត្រីទាំងអស់ហ្នឹង។ វាអាស្រ័យលើទង្វើរបស់គាត់ថា បើគាត់នៅតែមានចេតនាប្រព្រឹត្តបទល្មើសគឺជាការទទួលខុសត្រូវរបស់គាត់ខ្លួនឯង»។ លោកស្រីបានបន្តថាក្នុងចំណោមស្ត្រី ៣២ នាក់គឺមានស្ត្រី ៣ នាក់បានរលូតកូន ស្ត្រីម្នាក់ដែលបានសម្រាលកូនតែកូនរបស់គាត់បានស្លាប់មុនពេលការបង្ក្រាបមានស្ត្រី ៩ នាក់បានបង្កើតកូនក្រោយការបង្ក្រាបផងដែរ។ លោកស្រីបានអះអាងថា ស្ត្រីទាំងនោះគឺមានចេតនាក្នុងការពពោះដើម្បីយកទារកទៅដោះដូរយកផលប្រយោជន៍ដោយពួកគេបានអះអាងថាគឺជាការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ ឬដោះដូរបំណុល។លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ករណីពពោះជំនួសនេះគឺជារឿងរំលោភសិទិ្ធទារកយ៉ាងធ្ងន់ធ្ងរ ហើយមិនមែនជារឿងលើកកម្ពស់សិទ្ធិស្ត្រីទេពីព្រោះស្ត្រីមិនមានសិទ្ធិក្នុងការលក់កូនខ្លួនឯងអ៊ីចឹងទេ»។

លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា ករណីស្ត្រីពពោះជំនួសនេះគឺស្ថិតនៅក្នុងនីតិវិធីស៊ើបសួររបស់ចៅក្រមស៊ើបសួរ។ ស្ត្រីចំនួន ៣២ នាក់កាលពីដំបូងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាលក្នុងនាមជាជនរងគ្រោះ ប៉ុន្តែនៅទីបំផុតពួកគេត្រូវបានចោទប្រកាន់ និងឃុំខ្លួនមុនការជំនុំជម្រះដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដាក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងលក់ ទិញ ឬដោះដូរមនុស្សសម្រាប់ការផ្ទេរឆ្លងព្រំដែន និង ប្រព្រឹត្តជាអន្តរការីរវាងឪពុក ម្តាយស្មុំកូន និងស្ត្រីដែលមានផ្ទៃពោះតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌដែលអន្តរការីរវាងឪពុកម្តាយស្មុំកូន និងស្ត្រីមានផ្ទៃពោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ ទៅ ៦ ខែ ប៉ុន្តែឥឡូវនេះស្ត្រីទាំង ៣២ នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនឯមន្ទីរពេទ្យ ១៦ ឧសភា ជាមន្ទីរពេទ្យនគរបាលដែលអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ២០ ឆ្នាំ។

មន្ត្រីជំនាញការិយាល័យប្រឆាំងការជួញដូរធ្លាប់ឲ្យដឹងថា ស្ត្រីខ្មែរត្រូវបានជួលឲ្យពពោះជំនួសក្នុងតម្លៃ ១ ម៉ឺនដុល្លារក្នុងម្នាក់ដោយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះចំនួន ៥០០ ដុល្លារ ហើយពេលកូនកើតមកពួកគេទទួលបាន ៣០០ ដុល្លារក្នុង ១ ខែរហូតគ្រប់ចំនួន៕

website_news/2018011102.txt · Last modified: 2018/11/01 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki