website_news:2018011103

កុមារី ប្រឈមមុខខ្ពស់នឹងការចាប់រំលោភ ពេលឪពុកម្ដាយធ្វើការឆ្ងាយ

https://www.postkhmer.com/ តុង សុប្រាជ្ញ | Publication date 30 October 2018 | 09:54 ICT

នៅពេលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ មកដល់ហើយកំពុងរីកចម្រើន និងដំណើរការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនោះ ការប្រើប្រាស់មនុស្សយន្ត និង Cyber-Physical Systems (CPS) ជាដើមបាននិងកំពុងចាប់ផ្តើមពី Version4.0 ទៅហើយ។ ការប្រើប្រាស់បច្ចេកវិទ្យានេះក៏កំពុងពេញនិយមផងដែរក្នុងចំណោមយុវវ័យជាច្រើនតាមបណ្ដាប្រទេសនានាដែលអាចដំណើរការបានតាមរយៈអ៊ីនធឺណិត។ រីឯនៅកម្ពុជាហាក់ដូចជាងាយទទួលយកមកប្រើប្រាស់ដោយសារមានតម្លៃថោកតាមរយៈការភ្ជាប់ប្រព័ន្ធទូរស័ព្ទទិញ ១ ដុល្លារដូរបានតម្លៃ ១០០ ដុល្លារដែលនៅទីណាក៏អាចបើកមើលបានដែរឲ្យតែមានសេវាទូរស័ព្ទទៅដល់។

តាមរយៈប្រព័ន្ធឌីជីថលនៅលើទូរស័ព្ទនេះគឺទទួលបាននូវព័ត៌មានដ៏សម្បូរបែប ទាំងល្អ ទាំងអាក្រក់តាមកម្មវិធី អ៊ីនធឺណិត យូធូប YouTube និងបណ្តាញសង្គមហេ្វសប៊ុក Facebook ជាដើម។ ផលវិជ្ជមានចំពោះការប្រើនោះគឺសម្រួលរាល់ដំណើរការកិច្ចការងារ ការស្រាវជ្រាវ និងព័ត៌មានទាន់សភាពការណ៍ ប៉ុន្តែក៏មានបញ្ហាអវិជ្ជមានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ ជាពិសេសយុវជនដូចជា សកម្មភាព ប្រើអំពើហិង្សាដ៏ឃោរឃៅ ឃាតកម្ម អត្តឃាត និងរូបភាព និងវីដេអូអាសអាភាស ជាដើម។

ផ្ទុយទៅវិញការធ្វើអន្តរាគមន៍ និងការទប់ស្កាត់អំពើការចាប់រំលោភសេពសន្ថវៈ និងអំពើហិង្សាលើស្រី្ត និងកុមារីនាពេលសព្វថ្ងៃនេះ គឺដើរមិនទាន់សម័យឌីជីថលទេ ដោយសារការទប់ស្កាត់ ការអប់រំ និងយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រី្ត និងកុមារពីថ្ងៃទី ២៥ វិច្ឆិកាដល់ ១០ ធ្នូជារៀងរាល់ឆ្នាំដែលរៀបចំដោយក្រសួងកិច្ចការនារី និងអង្គការធ្វើការពាក់ព័ន្ធនឹងយេនឌ័រគឺធ្វើជុំៗគ្នាតែនៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តតែប៉ុណ្ណោះ ដូចជា ការបំពាក់បូពណ៌ស និងការរាំម៉ាឌីហ្សុនដដែលៗនោះ។

ចំណែកឯសមត្ថកិច្ចវិញទាល់តែមានករណីហិង្សា និងករណីរំលោភសេពសន្ថវៈ ឬរំលោភហើយសម្លាប់កើតឡើងទើបបានខ្នះខ្នែងស្វែងរកចាប់ខ្លួនអ្នកប្រព្រឹត្ត ហើយពេលចាប់បានក៏ឱ្យជនសង្ស័យឲ្យធ្វើត្រាប់តាមអ្វីដែលគេបានធ្វើនោះរួចទើបបញ្ជូនទៅតុលាការឱ្យកាត់ទោសតាមច្បាប់។ ដូចជាករណីយុវជនម្នាក់បានរំលោភសេពសន្ថវៈរួចសម្លាប់កុមារី ២ នាក់បងប្អូនក្នុងផ្ទះនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីសប្តាហ៍មុនគឺកំពុងកា្លយជាបញ្ហាក្តៅគគុកទូទាំងប្រទេសនៅឡើយដែលជនសង្ស័យត្រូវបានសមត្ថកិច្ចឲ្យត្រាប់ពីរបៀបរំលោភ និងសម្លាប់ដែលខ្លួនបានប្រព្រឹត្តលើកុមារីទាំង ២ នាក់បងប្អូន។ ម្យ៉ាងវិញទៀតឪពុកម្តាយសម័យថ្មីនេះគឺខំប្រឹងធ្វើការងារបាត់ៗពីផ្ទះ ដូចជា ទៅធ្វើជាកម្មករ-កម្មការិនី តាមរោងចក្រដោយខ្លះក៏ធ្វើបន្ថែមម៉ោង និងធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃដោយ ទុកឲ្យកូនៗនៅផ្ទះ និងទៅសាលារៀន ហើយខ្លះបើទោះបីជាការបែកបាក់គ្រួសាររស់ក៏ដោយ ក៏ឪពុកម្តាយយកកូនតូចៗទៅផ្ញើនឹងយាយតា ឬក៏ពូមីងឬក៏អ៊ំជាដើម។ បើធ្វើការនៅជិតក៏ឪពុកម្តាយត្រូវចាកចេញពីផ្ទះពីព្រលឹមរហូតដល់ព្រលប់ដែរទើបបានមកផ្ទះវិញជួបមុខកូនៗដែលសកម្មភាពនេះធ្វើឲ្យកូនៗខ្វះភាពកក់ក្តៅហើយខ្លះក៏បានទៅរៀន តែខ្លះក៏មិនបានទៅរៀនដែរ។ បញ្ហាភាពក្រីក្ររបស់ឪពុកម្តាយមួយចំនួនធំគឺមកពីខ្វះចំណេះដឹង និងការទទួលកេរមរតកពីឪពុកម្តាយពួកគេបានតិចតួច ឬក៏អត់មានតែម្តងដូចជា ដីស្រែ ដីផ្ទះ និងការរកស៊ីបន្តពីឪពុកម្តាយជាដើម។ អ៊ីចឹងហើយដំណោះស្រាយគឺមានតែលក់កម្លាំងពលកម្មដើម្បីទ្រទ្រង់ជីវភាពគឺការមកធ្វើការរោងចក្រនៅទីក្រុង ឬទីប្រជុំជន និងធ្វើចំណាកស្រុក បើទោះបីជាជួបការលំបាកប្រៀបដូចទាសករក៏ដោយក៏សុខចិត្តដែរ ពោលគឺមកពីអស់ជម្រើស។ លក្ខខណ្ឌចន្លោះប្រហោងទាំង ២ នេះពោលគឺភាពងាយស្រួលដល់យុវជនមួយចំនួនក្នុងការទទួលបាននូវរូបអាសអាភាសតាមរយៈឌីជីថល និងការធ្វើចំណាកស្រុករបស់ឪពុកម្តាយដែលខំប្រឹងធ្វើការដោយទុកកូនតូចៗផ្ញើនឹងសាច់ញាតិនេះហើយ ដែលធ្វើឲ្យកុមារីប្រឈមមុខនឹងគ្រោះថ្នាក់ដែលជនល្មើសអាចឆ្លៀតឱកាសចាប់រំលោភសេពសន្ថវៈបានងាយស្រួល។ ដូចករណីរំលោភ និងសម្លាប់កុមារី ២ នាក់បងប្អូននៅខេត្តកំពង់ឆ្នាំងជាដើមគឺម្តាយបានមកធ្វើការរោងចក្រនៅភ្នំពេញ រីឯឪពុកធ្វើចំណាកស្រុកទៅប្រទេសថៃ ហើយផ្ញើកូនជាមួយពូបង្កើតដែលការគ្រប់គ្រងបែបនេះមិនបានពេញលេញដូចឪពុកម្តាយបង្កើតទេ។

រីឯការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក៏មិនទាន់ដំណើរការបានល្អដែរពោលគឺនៅខ្វះចំណុចមួយចំនួនក្នុងការគ្រប់គ្រងស្ថានការណ៍ និងទំនាក់ទំនងល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ជាងនេះទៀតការផ្សព្វផ្សាយពីអំពើហិង្សាលើស្រី្ត និងកុមារដោយក្រុមគណៈកម្មការទទួលបន្ទុកផ្នែកស្ត្រី និងកុមារថ្នាក់ឃុំ និងស្រុកក៏មិនទាន់ជ្រួតជ្រាបដល់សហគមន៍ទូលំទូលាយដែរពោលគឺឲ្យតែអញ្ជើញចូលរួមគឺភាគច្រើនអ្នកភូមិមកតែស្ត្រីទេ រីឯបុរស និងយុវជនតែងតែគេចវេះមិនចង់ចូលរួមឡើយ។

ហេតុដូច្នេះទាំងក្រសួងកិច្ចការនារី និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ស្រុក និងឃុំ និងអង្គការដៃគូដែលធ្វើការជាមួយសិទ្ធិស្ត្រី និងកុមារគួរតែប្តូរយុទ្ធសាស្ត្រថ្មីៗឱ្យសមស្របនឹងសម័យឌីជីថលក្នុងការទប់ស្កាត់ការចាប់រំលោភសេពសន្ថវៈស្ត្រី និងកុមារីបើទោះបីជាប្រព័ន្ធឌីជីថលនេះមិនត្រូវបានផ្តល់ជាអាទិភាពក្នុងការធ្វើអន្តរាគមន៍ក្នុងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្ត្រីឆ្នាំ ២០១៤ ដល់ ២០១៨ នេះក៏ដោយ។

រីឯថវិកាយេនឌ័រ (Gender Budget) ក៏ត្រូវបន្ថែមមកគណៈកម្មការទទួលបន្ទុកស្ត្រី និងកុមារនៅថ្នាក់ស្រុក និងឃុំផងដែរដោយសារនៅជិតពលរដ្ឋដើម្បីងាយស្រួលផ្សព្វផ្សាយទាំងតាមមូលដ្ឋាន ទាំងប្រព័ន្ធឌីជីថល ដូចជា ការដាក់បញ្ចូលសារអប់រំតាមហ្វេសប៊ុក (Boost) និងការបង់លុយបញ្ជ្រាបបញ្ចូលសារ និងរូបភាពអប់រំតាមឌីជីថលក្នុងយូធូប ឬក៏ក្នុងអត្ថបទសារព័ត៌មានជាដើម។ ជាងនេះទៅទៀតគឺការបង្កើនទំនាក់ទំនងគ្នាឲ្យល្អរវាងពលរដ្ឋ និងអាជ្ញាធរ ប្រសិនបើមានពលរដ្ឋចំណាកស្រុកក៏គួរតែផ្តល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានឲ្យបានដឹងហើយសហគមន៍គួរតែចងក្រងជាក្រុមឲ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងការផ្ញើសារអប់រំទៅបុរស និងយុវជនចំពោះការប្រើអំពើហិង្សា និងការចាប់រំលោភសេពសន្ថវៈនេះ ព្រោះករណីនេះឃាតករភាគច្រើនគឺជាបុរស ឬយុវជនដែលរស់នៅក្នុងភូមិជាមួយជនរងគ្រោះតែម្តង៕

website_news/2018011103.txt · Last modified: 2018/11/01 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki