website_news:20180120602

មិនគួរសោះ ដោយសារតែបាល់មួយ ពលករខ្មែរម្នាក់បាត់បង់ជីវិត

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៩:០៤ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅខេត្តឈុនបុរី ប្រទេសថៃ ក្រោយពីបាល់រត់ចូលក្រោមបន្ទប់ស្នាក់នៅ ហើយយកឈើឆ្កិះ នៅតែយកមិនបាន ក៏លូនចូលទៅយក ហើយដងខ្លួនប៉ះចំជញ្ជាំងស័ង្កសីដែលមានខ្សែភ្លើងដាច់ពីខាងលើ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃ កាលពីរសៀលថ្ងៃទី១០ មិថុនា ឆ្នាំ២០១៨ នេះបើយោងតាមគេហទំព័រ និងកាសែតក្នុងស្រុករបស់ថៃចេញផ្សាយកាលពីពេលថ្មីៗ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះកង កឿយ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ អ្នកឃើញហេតុការណ៍ និងជាពលករខ្មែរដូចគ្នាបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិជាច្រើនបាននាំគ្នាលេងបាល់ទះ ព្រោះជាថ្ងៃឈប់សម្រាក ពេលកំពុងតែលេងនោះ ស្រាប់តែបាល់នោះរត់ចូលទៅក្រោមបន្ទប់ស្នាក់នៅរបស់កម្មករ ហើយដំបូងជនរងគ្រោះបានយកឈើឆ្កិះដើម្បីទាញបាល់ចេញ តែយកមិនដល់ ក៏លូនចូលទៅយក ស្រាប់តែខ្លួនប៉ះទៅនឹងស័ង្កសីជញ្ជាំងបន្ទប់ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចថៃបានចុះទៅដល់កន្លែងកើតហេតុ ហើយពេលធ្វើការត្រួតពិនិត្យទើបរកឃើញខ្សែភ្លើងដែលគេតចូលបន្ទប់ចំណុចស្នាក់នៅផ្នែកខាងលើមានស្នាមដាច់ជាប់នឹងស័ង្កសីជញ្ជាំងបន្ទប់ ទើបបណ្តាលឲ្យឆក់ជនរងគ្រោះស្លាប់បែបនេះ ។

សមត្ថកិច្ចថៃយល់ថា ខ្សែភ្លើងដែលដាច់នោះអាចបណ្តាលមកពីខ្យល់បក់យូរៗទៅ វាកកិតនឹងស័ង្កសី ទើបដាច់ ។ យ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចថៃកំពុងស្រាវជ្រាវរកអ្នកតខ្សែភ្លើងខុសបច្ចេកទេសដើម្បីយកទៅសួរនាំហើយ ។ ចំណែកសពពលករដែលស្លាប់ដោយសារឆក់ចរន្តអគ្គិសនីនៅខេត្តឈុនបុរីនេះត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ភាគីថៃបានបញ្ជូនសពឲ្យសាច់ញាតិរួចហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ មិថុនានេះ ។ សពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/20180120602.txt · Last modified: 2018/06/12 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki