website_news:20180121102

លោកស្រី ជូ ប៊ុនអេង៖ ការពពោះជំនួសដោយលាក់លៀមត្រូវបានចាត់ចូលជាបទល្មើស ក្រោយថ្ងៃ៨មករាឆ្នាំ២០១៧

http://km.rfi.fr/cambodia ដោយ អ៊ឹង ប៊ុនថន11/11/2018

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានគូសបញ្ជាក់ថា ការពពោះជំនួសដោយលាក់លៀមត្រូវបានចាត់ចូលជាបទល្មើសព្រហ្មទណ្ឌចាប់តាំងពីក្រោយថ្ងៃទី៨ខែមករាឆ្នាំ២០១៧។ ការបញ្ជាក់របស់លោកស្រី គឺដោយសារតែនៅពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីខ្មែរចំនួន១៣នាក់ទៀត ដែលរងការចោទថា ស៊ីឈ្នួលពពោះជំនួស។ លោកស្រី ជូ ប៊ុនអេង បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យនេះថា កាលពីមុនថ្ងៃទី៨ខែមករាឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាមានការយោគយល់ដោយផ្តល់ឱកាសដល់ស្រ្តីដែលពពោះជំនួស មកធ្វើកិច្ចសន្យា និងសហការជាមួយតុលាការ។ ប៉ុន្តែលោកស្រីកត់សំគាល់ថា មិនមានស្រ្តីពពោះជំនួសមកបង្ហាញខ្លួនដូចដែលអាជ្ញាធរចង់បានទេតែករណីពពោះជំនួសនេះនៅតែកើតមានទើបសម្ថកិច្ចចុះឃាត់ខ្លួនបញ្ជួនទៅតុលាការជាបន្តបន្ទាប់នៅពេលថ្មីៗនេះ។

កាលពីថ្ងៃទី ៨ ខែវិច្ឆិកានេះ កម្លាំងនគរបាលបានឆ្មក់ចូលផ្ទះមួយកន្លែងក្នុងខណ្ឌសែនសុខ ហើយឃាត់ខ្លួនស្ត្រីស៊ីឈ្នួល ពពោះជំនួសចំនួន១៣នាក់។ លើសពីនេះទៀត សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីស៊ីឈ្នួលពពោះជំនួស៣២នាក់ ដោយចោទពី «ការជួញដូរមនុស្សដោយឆ្លងដែន» តាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា បានឲ្យដឹងថា អ្នកដែលជួលឲ្យស្រ្តីខ្មែរពពោះជំនួសនោះ គឺសុទ្ធតែជាជនបរទេសដែលត្រូវយកទារកឆ្លងដែន ហើយក្នុងនោះក៏មានជនជាតិចិនផងដែរ។ លោកស្រី ចាត់ទុកករណីនេះថា មានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ថា នាំមនុស្សឆ្លងមនុស្សឆ្លងដែនខុសច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម បន្ទាប់មានការពពោះដោយលាក់លៀម ខណៈច្បាប់ស្តីពីការពពោះជំនួសកំពុងតែព្រាងនៅឡើយ។ នៅពេលសួរថាតើទារកនៅក្នុងផ្ទៃរបស់ស្រ្តីខ្មែរដែលពពោះជំនួសនោះ ជាកូនរបស់ភាគីដែលជួលឬយ៉ាងណា លោកស្រី ជូ ប៊ុនអេង ក៏មិនដឹងច្បាស់ដែរ ដោយគ្រាន់តែដឹងថា ទារកដែលគេចាត់ទុកថាជាជនរងគ្រោះ គឺបង្កកំណើតតាមបែបវិទ្យាសាស្ត្រ៕

website_news/20180121102.txt · Last modified: 2018/11/12 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki