website_news:20180121103

ប៉ូលិសបញ្ជូនអ្នកពាក់ព័ន្ធ ស៊ីឈ្នួលពពោះ ១៥ នាក់ទៅកាន់តុលាការ

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 12 November 2018 | 08:46 ICT

ភ្នំពេញៈ អាជ្ញាធរជំនាញខាងបង្ក្រាប និងប្រឆាំងការជួញដូរមនុស្សគ្រោងបញ្ជូនស្ត្រីចំនួន ១៣ នាក់ និងបុរស ២ នាក់ដែលពាក់ព័ន្ធនឹងការស៊ីឈ្នួលពពោះជំនួសទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ ក្រោយពីចាប់ខ្លួនពួកគេបាននៅក្នុងខណ្ឌសែនសុខកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ យោងតាមលោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់កាសែតភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញ។

លោក សារ៉េន ថ្លែងថា៖ «យើងឃាត់ខ្លួនបាន ១៥ នាក់ក្នុងនោះមានស្ត្រីកំពុងពពោះ ១១ នាក់។ យើងកំពុងកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការ។ យើងកំពុងធ្វើនីតិវិធីនៅមិនទាន់ចប់ទេ។ យើងបញ្ជូនគាត់ទៅឆាប់ៗហ្នឹង ពេលដែលយើងរៀបចំឯកសារហើយយើងបញ្ជូនទៅហើយ។ យើងធ្វើមិនទាន់ទេដូច្នេះហើយយើងសុំតុលាការពន្យារពេលដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធីឲ្យបានគ្រប់ជ្រុងជ្រោយថ្ងៃចន្ទយើងបញ្ជូនទៅហើយ»។ លោក សារ៉េន ឲ្យដឹងផងដែរថាក្នុងប្រតិបត្តិការកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្ស ១៥ នាក់ក្នុងនោះមានប្រុស ២ នាក់ និងស្រី ១៣ នាក់ដែលក្នុងនោះមានស្ត្រី ១១ នាក់បាននិងកំពុងមានផ្ទៃពោះ។ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា កម្លាំងអាជ្ញាធរបានកំពុងស្វែងរកមេខ្លោងដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះ។ លោកស្រីបញ្ជាក់ថា ទោះបីជាមានការផ្សព្វផ្សាយទូលំទូលាយ និងការអប់រំតាមសហគមន៍ និងតាមខេត្តផ្សេងៗ តែនៅតែមានអ្នកប្រព្រឹត្តផ្គើននឹងច្បាប់ ដូច្នេះអ្នកដែលជាប់ពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួសនឹងប្រឈមមុខនឹងច្បាប់ពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងច្បាប់ក្រមព្រហ្មទណ្ឌ។ លោកស្រី ប៊ុន អេង ថ្លែងថា៖ «យើងកំពុងតែធ្វើការស្រាវជ្រាវដោយសារពេលដែលយើងបង្ក្រាបនោះគឺយើងអត់បានឃើញមេខ្លោងនៅទីតាំងនោះទេ។ យើងកំពុងតែតាមដាន និងស៊ើបអង្កេតរកប្រភព ហើយខ្ញុំគិតថាករណីនេះមិនខុសគ្នាពីករណីមុនៗទេ រឿងនេះគឺទើបតែកើតពេលថ្មីៗនេះហាក់ដូចជាវាផ្គើនជាមួយនឹងការអនុវត្តច្បាប់។ មកដល់ពេលនេះហើយគាត់ (អង្គការសង្គមស៊ីវិល) នៅតែគិតថា គាត់(អ្នកត្រូវឃាត់ខ្លួន) ជាជនរងគ្រោះទៀតនោះគឺវាមិនស័ក្តិសមនោះទេ ដោយសារគាត់មានចេតនា បើសិនជាយើងសួរគាត់មួយណាក៏គាត់ដឹងយ៉ាងច្បាស់ថា កូនហ្នឹងត្រូវបានដោះដូរជាមួយនឹងលុយតម្លៃប៉ុន្មាន ដូច្នេះគាត់មានចេតនាក្នុងការឃុបឃិតជាមួយជនដៃដល់»។ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពពោះជំនួសចំនួន ៣២ នាក់ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាលក្នុងនាមជាជនរងគ្រោះ ប៉ុន្តែនៅទីបំផុតពួកគេត្រូវបានចោទប្រកាន់ និងឃុំខ្លួនមុនការជំនុំជម្រះដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដាក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងលក់ ទិញ ឬដោះដូរមនុស្សសម្រាប់ការផ្ទេរឆ្លងព្រំដែន និងប្រព្រឹត្តជាអន្តរការីរវាងឪពុក ម្តាយស្មុំកូន និងស្ត្រីដែលមានផ្ទៃពោះតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។

កាលពីចុងខែតុលាឆ្នាំ ២០១៨ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា មេធាវីការពារឲ្យស្ត្រីពពោះទាំង ៣២ នាក់បានរៀបចំឯកសារដាក់ទៅតុលាការដើម្បីស្នើសុំឲ្យតុលាការធ្វើការពិចារណាដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីឲ្យពួកគេបានចិញ្ចឹមកូនៗដែលពួកគេស៊ីឈ្នួលបង្កើតឲ្យអ្នកផ្សេងនោះ ដោយពួកគេមិនបញ្ជូនកូនទាំងនោះទៅឲ្យអ្នកដែលជួលពួកគេឡើយ។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សធ្លាប់ឲ្យដឹងថា ស្ត្រីខ្មែរត្រូវបានជួលឲ្យពពោះជំនួសក្នុងតម្លៃ ១ ម៉ឺនដុល្លារក្នុងម្នាក់ដោយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះ ៥០០ ដុល្លារ ហើយពេលកូនកើតមកពួកគេទទួលបាន ៣០០ ដុល្លារក្នុង ១ ខែរហូតគ្រប់ចំនួន៕

website_news/20180121103.txt · Last modified: 2018/11/12 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki