website_news:20180121104

អង្គការ CENTRAL ៖ ការរៀបចំផ្ទះស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពលករខែ្មរនៅថៃគឺល្អ តែចង់ឲ្យមានគាំទ្រទាំងស្រុង

http://wmc.org.kh/ ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ នាយកប្រតិបត្ដិអង្គការ Central យល់ថា ជាចំណុចល្អដែលរដ្ឋមន្ដ្រីស្នើឲ្យរៀបចំផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជានៅថៃ អំឡុងពេលដែលប្ដូរការងារ និងរង់ចាំដំណោះស្រាយវិវាទការងារជាមួយថៅកែនិយោជក។ តែលោកចង់ឲ្យគាំទ្រទាំងទាំងការស្នាក់នៅ និងម្ហូបអាហារ។

ជំនួបរវាងរដ្ឋមន្ដ្រីក្រសួងការងារ ជាមួយសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមទំនាក់ទំនងកម្ពុជា-ថៃ (TCRA) គឺដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី “ការសហការការពារពលករកម្ពុជាធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍”។ ជំនួបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើទៅសមាគមបញ្ជូន និងទទួលពលករ ធ្វើការនៅថៃ រៀបចំផ្ទះស្នាក់បណ្ដោះអាសន្ន សម្រាប់ពលករកម្ពុជានៅថៃ បន្ទាប់ពីបានធ្វើដោយជោគជ័យនៅប្រទេសកូរ៉េខាងត្បូង។ លោករដ្ឋមន្ដ្រីក្រសួងការងារ បានផ្ដួចផ្ដើមរៀបចំឲ្យមានកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករកម្ពុជា ធ្វើការនៅប្រទេសកូរ៉េ ក្នុងអំឡុងពេលដែលពួកគេ ផ្លាស់ប្ដូរការងារ ឬក៏រង់ចាំដំណោះស្រាយវិវាទការងារជាមួយថៅកែនិយោជក។ កន្លែងស្នាក់នៅបណ្ដោះអាសន្ននេះ មិនមែនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាកន្លែងប្រឹក្សាយោបល់សម្រាប់ពលករផងដែរ។ ចាប់តាំងពីកន្លែងស្នាក់នៅបណ្ដោះអាសន្ននេះបានបង្កើតឡើង គឺបានសម្រួលយ៉ាងច្រើនដល់ពលករកម្ពុជានៅប្រទេសកូរ៉េ។ ក្រោយពីការមើលឃើញ ផលវិជ្ជមានដូចនេះទើបលោករដ្ឋមន្ដ្រី មានបំណងចង់ឲ្យកន្លែងស្នាក់នៅបណ្ដោះអាសន្នបែបនេះ នៅប្រទេសថៃដែរ ៖«កន្លែងស្នាក់នៅបណ្ដោះអាសន្ននេះ គេអាចមកស្នាក់នៅ គេអាចមកទទួលប្រឹក្សាយោបល់ ហើយក៏អាចទទួលឱកាសដើម្បីស្វែងរកការងារថ្មីដែលខ្លួនពេញចិត្ដ។ ជាជាងការដែលឲ្យបងប្អូនយើងចេញមកហើយ ទៅនៅត្រង់នេះ ត្រង់នោះ ដែលមិនច្បាស់លាស់។ បាទនេះគឺជាបទពិសោធន៍មួយដែលយើងធ្វើបានជោគជ័យនៅសាធារណរដ្ឋកូរ៉េ»។

ចំពោះករណីនេះ នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សហៅកាត់ថា (Central) យល់ថា ជារឿងដែលល្អក្នុងការជួយដល់ពលករកម្ពុជានៅថៃ។ តែលោកគិតថា កន្លែងនោះគួរតែរៀបចំឲ្យបានសមស្របតាមស្ដង់ដារ ដោយដាក់ឲ្យបានដាច់ដោយឡែកពីគ្នារវាងស្ដ្រី និងបុស ឬក៏គូស្វាមី លើសពីនេះបន្ទប់ទឹកគួរតែមានដាច់ឡោយឡែក។ ជាងនេះលោកគិតថា ក៏គួរតែមានការគាំទ្រផ្នែកម្ហូបអាហារផង៖«មួយទៀតហ្នឹងគឺរឿងស្បៀងអាហារសំខាន់ណាស់។បើសិនអត់មានស្បៀងអាហារឬក៏ការគាំពារផ្នែកសង្គមអីមួយចំនួនដល់គាត់ទៀតក៏មិនទាន់គ្រប់គ្រាន់ដែរនិយាយឲ្យខ្លីទៅមិនគួរមានតែទីតាំងមួយមុខទេគឺត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធអីថែមទៀត»។បន្ថែមលើនេះលោកថា បើក្នុងករណីដែលតម្រូវឲ្យមានការបង់ថវិការអំឡុងស្នាក់នៅផ្ទះស្នាក់បណ្ដោះអាសន្ន លោកយល់ថា គួរតែមានការបង់តិចតូចប៉ុណ្ណោះ ដើម្បីជាការសម្រួលកាន់តែច្រើនទៀតដល់ការចំណាយរបស់ពលករខ្មែរធ្វើការនៅថៃ។

តាមប្រសាសន៍របស់លោករដ្ឋមន្ដ្រី បញ្ជាក់ថា ផ្ទះស្នាក់នៅបណ្ដោះអាសន្នេះអាចនឹងបង្កើតនៅតំបន់មួយមាន ២ ឬក៏ ៣កន្លែង តាមស្ថានភាពជាក់ស្ដែង។ លោកថា អាចជ្ញាធរនឹងជូនដំណឹងទៅពលករខ្មែរធ្វើការនៅថៃឲ្យបានដឹង ប្រសិនកន្លែងស្នាក់បណ្ដោះអាសន្ននេះ មាននៅតំបន់ណា។ លោក អ៊ិត សំហេង បន្ដថា គិតមកដល់ពេលនេះពលករកម្ពុជាមានចំនួនប្រមាណជា ១លាន ៨ម៉ឺននាក់ គឺសុទ្ធតែបានទទួលភាពស្របច្បាប់ជាពលករបរទេស។ តែយ៉ាងណាលោកគិតថា ក៏អាចមានចំនួនតិចតូចទៀត ដែលមិនទាន់បានទទួលភាពស្របច្បាប់។ ករណីនេះ លោករដ្ឋមន្ដ្រី សំណូមពរថា ពលករកម្ពុជាដែលដឹងថា ខ្លួនកំពុងធ្វើការដោយខុសច្បាប់ ឬក៏ផុតសុពលភាពការងារ ឬលិខិតឆ្លងដែន ត្រូវរួសរាន់ផ្ដល់ដំណឹងមកស្ថានទូតខ្មែរប្រចាំនៅទីនោះ ដើម្បីគេចផុតពីការចាត់វិធានការផ្លូវច្បាប់ពីអាជ្ញាធរថៃ ៖«នៅក្នុងករណីដែលរកឃើញ ឬក៏បងប្អូនដឹងថា ខ្លួនឯងហ្នឹងវាហួសពេលវេលានៃលិខិតឆ្លងដែន ហួសពេលវេលានៃការស្នាក់នៅនៃការធ្វើការងារហ្នឹង ហើយមិនទាន់បានធ្វើឯកសារឡើងវិញ គឺសុំឲ្យជូនដំណឹងទៅស្ថានទូតភ្លាម ហើយស្ថានទូតនឹងចាត់មន្ដ្រីឲ្យចុះទៅដើម្បីនឹងចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន។ ភាគីថៃបានព្រមព្រៀងចំណុចនេះសម្រួលសម្រាប់បងប្អូនពលករយើង មិនឲ្យមានការចាត់វិធានការផ្លូវច្បាប់អីចំពោះករណីនេះទេ»។

រដ្ឋមន្ដ្រីក្រសួងការងារ អះអាងថា រដ្ឋាភិបាលកំពុងរៀបចំយន្ដការជាច្រើនដើម្បីធ្វើយ៉ាងណាការពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យបានទទួលផលប្រយោជន៍ និងគេផុតពិការកេញប្រវ័ញ្ច។ លោកសង្កត់ធ្ងន់ថា ការចុះអនុស្សរណៈ ស្ដីពី “ការសហការការពារពលករកម្ពុជាធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍”នេះ គឺជាយន្ដការថ្មីមួយទៀត ក្នុងការការពារដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃបន្ថែមលើកិច្ចការពារ ដែលមាននាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកជួយដល់ករខ្មែរនៅប្រទេសថៃ ឲ្យមានភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាងនេះលោកក៏បានបង្ហាញការគាំទ្រចំពោះសមាគមទាំងបី ដែលនឹងរៀបចំផ្ដល់ជូនសេវាកម្មធានារ៉ាប់រងដល់ពលករកម្ពុជា លើការធានាគ្រោះថ្នាក់ការងារ និងអាយុជីវិត ដែលស្របតាមអនុសាសន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា៕

website_news/20180121104.txt · Last modified: 2018/11/12 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki