website_news:20180121106

គណៈកម្មការនីតិកម្មផ្ដើមសិក្សាសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័នរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី

http://bayontv.com.kh/ 12/11/2018

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាគណៈកម្មការប្រជុំពិនិត្យ និងសិក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ នេះជាកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ មុននឹងមានកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើអត្ថបទសេចក្ដីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ មុននឹងសុំការអនុម័តយល់ព្រមពីរដ្ឋសភាជាតិនាពេលខាងមុខ។

សន្ធិសញ្ញាស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សន្ធិសញ្ញានេះមានគោលបំណងជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើស ឲ្យមានប្រសិទ្ធភាពរវាងគូភាគី ជាពិសេសអត្ថប្រយោជន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទាំងសងខាង។ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងបន្តថា សន្ធិសញ្ញាបត្យាប័ននេះបានកំណត់ឲ្យភាគីនីមួយៗ មានភារកិច្ចធ្វើបត្យាប័នទៅភាគីម្ខាងទៀត នូវជនទាំងឡាយណាដែលត្រូវបានរកឃើញនៅលើទឹកដីនៃភាគីណាមួយ ហើយកំពុងត្រូវគេតាមចាប់ខ្លួនដើម្បីធ្វើការចោទប្រកាន់ ធ្វើការជំនុំជម្រះក្តី ឬអនុវត្តទណ្ឌកម្មតាមទោសកំណត់ នៅលើទឹកដីរបស់ភាគីម្ខាងទៀត ចំពោះបទល្មើសណាមួយ។ ដូចនេះសម្រាប់ក្របខ័ណ្ឌច្បាប់ដើម្បីស្វែងរកនូវឧក្រិដ្ឋជន ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ក្នុងវិស័យព្រហ្មទណ្ឌតាមរយៈជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ការធ្វើបត្យាប័ន និងការផ្ទេរទណ្ឌិត។

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សន្ធិសញ្ញា ស្ដីពីបត្យាប័នបែបនេះមានចំនួន ៧ប្រទេសរួចមកហើយ មានជាមួយប្រទេសថៃនៅឆ្នាំ១៩៩៩, ជាមួយប្រទេសចិននៅឆ្នាំ២០០០, ជាមួយប្រទេសឡាវឆ្នាំ២០០៥, ជាមួយប្រទេសឥណ្ឌាឆ្នាំ២០០៩, ជាមួយសាធារណរដ្ឋកូរ៉េឆ្នាំ២០១០, ជាមួយប្រទេសវៀតណាមឆ្នាំ២០១៤ ហើយនៅពេលនេះជាមួយប្រទេសរុស្ស៊ីនេះ។ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា បានស្នើដល់សមាជិកគណៈកម្មការទាំងអស់ពិនិត្យ និងសិក្សាសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីនេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ៕

website_news/20180121106.txt · Last modified: 2018/11/12 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki