website_news:20180121107

ស៊ីឈ្នួលពពោះ៖ ម្តាយបានប្រាក់ចាប់ពី៨ពាន់ដល់១ម៉ឺនដុល្លារ ឯកូនកើតមកភ្លាមត្រូវប្រគល់ម្ចាស់ប្រាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ ។

ការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើងចំនួន៣កន្លែងក្នុងខណ្ឌសែនសុខ ហើយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីអ្នកមើលការខុសត្រូវ(មេការ)២នាក់ អ្នករត់រ៉ឺម៉កម៉ូតូ២នាក់ និងស្ត្រីមានផ្ទៃពោះ(ស្ត្រីពពោះ)ចំនួន១១នាក់ ។ ចំពោះវត្ថុតាងដកហូតមានលិខិតឆ្លងដែន១ក្បាល ឧបករណ៍ពេទ្យមួយចំនួន (សឺរ៉ាំងថ្នាំពេទ្យប្រើរួចនិងមិនទាន់ប្រើ) និងរ៉ឺម៉កចំនួន២គ្រឿង ។ ទាក់ទិននឹងករណីបង្ក្រាបនេះ សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ស្ត្រីមានផ្ទៃពោះទាំង១១នាក់ សុទ្ធសឹងជាស្ត្រីបម្រើការងារនៅតាមរោងចក្រ ដែលមេខ្យល់បានដើរអូសទាញឱ្យមកប្រកបមុខរបរនេះ ។ ស្ត្រីស៊ីឈ្នួលពពោះត្រូវបានគេយកទៅចាក់មេជីវិត ដោយផ្តល់ប្រាក់ឱ្យម្នាក់២០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ និងទិញម្ហូបអាហារបំប៉នសុខភាព ។ បន្ទាប់មក មេខ្យល់ឱ្យពួកគេស្នាក់នៅជួបជុំគ្នា ងាយស្រួលថែទាំគ្រប់គ្រង និងបានផ្តល់ប្រាក់លើការហូបចុកក្នុងម្នាក់១ថ្ងៃ១០ដុល្លារអាមេរិក ។ លុះដល់ពេលសម្រាលបានទារក ម្តាយត្រូវទទួលបានប្រាក់ឈ្នួលម្នាក់ ចាប់ពី៨ពាន់ ដល់១ម៉ឺនដុល្លារអាមេរិក ហើយកូនដែលកើតមកភ្លាមនោះ ត្រូវបានប្រគល់ឱ្យទៅម្ចាស់ប្រាក់ ។ ពេលនេះជនសង្ស័យជាមេខ្លោង ដែលបានរៀបចំប្រមែប្រមូលស្ត្រីធ្វើការតាមរោងចក្រឱ្យពពោះជំនួសនោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ចាប់បានតែមេការនិងអ្នកចាត់ចែងទូទៅប៉ុណ្ណោះ ។

បើតាមចម្លើយមេការនិងស្ត្រីពពោះបានប្រាប់សមត្ថកិច្ចថា ទារកដែលគេបង្កើតបាន ឬក៏ម្តាយដែលមានទារកនៅក្នុងផ្ទៃ ភាគច្រើនត្រូវមេខ្លោងនាំចេញទៅប្រទេសចិន ។ សមត្ថកិច្ចគ្រោងនឹងបញ្ជូនជនសង្ស័យ៤នាក់ គឺមេការ២នាក់និងអ្នករត់រ៉ឺម៉កម៉ូតូ(ឡំប្រឺតាឥណ្ឌា)២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ បន្ទាប់ពីសាកសួរនិងចោទប្រកាន់ជនសង្ស័យទាំង៤នាក់នេះហើយ សមត្ថកិច្ចនឹងបន្តបញ្ជូនស្ត្រីពពោះចំនួន១១នាក់ទៅសាលាដំបូងដែរ ដើម្បីសុំការសម្រេច ។ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការពពោះជំនួសដោយលាក់លៀម ត្រូវបានចាត់ចូលជាបទល្មើសព្រហ្មទណ្ឌ ចាប់តាំងពីក្រោយថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧មក ។ ការបញ្ជាក់របស់លោកជំទាវនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីខ្មែរដែលរងការចោទថាស៊ីឈ្នួលពពោះជំនួស ។

លោកជំទាវ ជូ ប៊ុនអេង បានប្រាប់វិទ្យុបារាំងអន្តរជាតិ(RFI) កាលពីថ្ងៃអាទិត្យទី១១ខែវិច្ឆិកាថា កាលពីមុនថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាមានការយោគយល់ ដោយផ្តល់ឱកាសដល់ស្ត្រីដែលពពោះជំនួស មកធ្វើកិច្ចសន្យានិងសហការជាមួយតុលាការ។ ប៉ុន្តែលោកជំទាវកត់សម្គាល់ថា មិនមានស្ត្រីពពោះជំនួសមកបង្ហាញខ្លួនដូចដែលអាជ្ញាធរចង់បានទេ ហើយករណីពពោះជំនួសនេះនៅតែកើតមាន ទើបសមត្ថកិច្ចចុះឃាត់ខ្លួនបញ្ជួនទៅតុលាការ ។ លោកជំទាវបានឲ្យដឹងថា អ្នកដែលជួលស្ត្រីខ្មែរឲ្យពពោះជំនួសនោះ គឺសុទ្ធតែជាជនបរទេសដែលត្រូវយកទារកឆ្លងដែន ហើយក្នុងនោះក៏មានជនជាតិចិនផងដែរ ។ លោកជំទាវចាត់ទុកករណីនេះថា មានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហើយការចាប់ឃាត់ខ្លួននេះគឺជាការបង្ក្រាបការជួញដូរមនុស្ស ៕

website_news/20180121107.txt · Last modified: 2018/11/12 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki