website_news:20180130602

ក្រសួងការងារបន្តក្រើនរំលឹកដល់ពលករខ្មែរឲ្យមកបំពេញឯកសារជាពលករស្របច្បាប់

https://wmc.org.kh/ ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ គណៈកម្មាការផ្តល់ភាពស្របច្បាប់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តក្រើនរំលឹកដល់ពលករខ្មែរខុសច្បាប់កំពុងបម្រើការងារនៅប្រទេសថៃអោយមកបំពេញបែបបទឯកសារនានា ដើម្បីក្លាយជាពលករស្របច្បាប់ ខណៈដែលការិយាល័យច្រកចេញចូលតែមួយនឹងបិទនៅចុងខែ មិថុនានេះ ដោយគ្មានការពន្យាពេលទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាការផ្តល់ភាពស្របច្បាប់ ចុះផ្សាយនៅថ្ងៃទី ១១ ខែ មិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់ពលករខ្មែរខុសច្បាប់កំពុងបម្រើការងារនៅប្រទេសថៃឲ្យប្រញាប់រួសរាន់មកបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ។ តាមសេចក្ដីប្រកាសដដែលនេះ ការទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរ គឺដើម្បីបន្តប័ណ្ណមិនមែនសញ្ជាតិថៃ ឬប័ណ្ណពណ៌ស៊ីជម្ពូ ហើយស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាការងារ ខណៈដែលការិយាល័យច្រកចេញចូលតែមួយនឹងបិទនៅចុងខែ មិថុនានេះ ដោយគ្មានការពន្យាពេលទៀតទេ។ គណៈកម្មាការផ្តល់ភាពស្របច្បាប់នៃក្រសួងការងារ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ពលករដែលមិនទាន់បានមកបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ និងលិខិតធ្វើដំណើរពលករខ្មែរ (TD) ហើយនិង ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ប្រញាប់រួសរាន់មកបញ្ជាក់អត្តសញ្ញាណនៅគណៈកម្មាការផ្តល់ភាពស្របច្បាប់ ហើយពលករខ្មែរដែលចុះបញ្ជីជាមួយអាជ្ញាធរថៃតែមិនទាន់ទទួលបានប័ណ្ណពណ៌ស៊ីជម្ពូ នៅត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ។

ក្រសួងការងារកម្ពុជាបានចាប់ផ្តើមបើកការិយាល័យច្រកចេញចូលតែមួយចំនួន ៨០ កន្លែង នៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួនរបស់ថៃដោយដំណើរការជាងពីរខែមកហើយ ដើម្បីជួយពលករចំណាកស្រុកទៅជាពលករស្របច្បាប់បម្រើការងារនៅប្រទេសថៃ។ ការបើករិយាល័យនេះ នៅចំពេលអាជ្ញាធរថៃធ្វើការបោសសម្អាតពលករបរទេសរស់នៅដោយខុសច្បាប់ ក្រោមការអនុវត្តន៍ច្បាប់ថ្មីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ចំពោះថៅកែថៃជួលពលករខុសច្បាប់ឲ្យធ្វើការក្នុងរោងចក្រ ឬឧស្សាហកម្មរបស់ខ្លួន។

គណៈកម្មាការផ្តល់ភាពស្របច្បាប់ បានផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរខុសច្បាប់បានជិត ៣៨ ម៉ឺននាក់។ ក្នុងចំណោមពលករខ្មែរ ៤០ នាក់ ពុំទាន់ទទួលបានឯកសារស្របច្បាប់ បើគិតត្រឹមថ្ងៃទី ៨ ខែ មិថុនា សប្តាហ៍មុន។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់វិទ្យុស្ត្រីថា ពលករខ្មែរមានចំនួនជាង ២ ម៉ឺននាក់ទៀត ដែលមានប័ណ្ណពណ៌ស៊ីជម្ពូរបស់ថៃ ប៉ុន្តែពលករខ្មែរនៅមិនទាន់មកបញ្ជាក់អត្តសញ្ញាណនៅគណៈកម្មាការផ្តល់ភាពស្របច្បាប់កម្ពុជានៅឡើយទេ។ លោក ហេង សួរ៖ «គិតត្រឹមថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៨នេះ យើងនៅសល់ពលករតែចំនួនជាង ២ ម៉ឺននាក់ទៀតប៉ុណ្ណោះដែលមានប័ណ្ណពណ៌ស៊ីជម្ពូរបស់ថៃ ប៉ុន្តែមិនទាន់បានមកធ្វើការបញ្ជាក់អត្តសញ្ញាណពីគណៈកម្មាការផ្តល់ភាពស្របច្បាប់របស់កម្ពុជាយើង។»

បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ រកឃើញថា ពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃមានចំនួន ១ លាន ៥ ម៉ឺននាក់។ ក្រោយផុតរលុតសុពលភាពផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់នៅចុងខែ មិថុនា នេះ អាជ្ញាធរថៃនឹងចាប់ផ្តើមអនុវត្តន៍យុទ្ធនាការបោសសម្អាតពលករខុសច្បាប់ ក្រោមច្បាប់ថ្មីទើបអនុម័ត។ ច្បាប់ថ្មីនេះផ្តោតការយកចិត្តទុកដាក់ និងការការពារសិទ្ធិពលករជាពិសេសពលករលើទូកនេសាទដោយច្បាប់ថ្មីថៃតម្រូវឲ្យនិយោជិក និងនិយោជកចុះកិច្ចសន្យាក្នុងការផ្ទេរប្រាក់តាមរយៈធនាគារ ហើយថៅកែត្រូវរក្សាកំណត់ត្រាការបង់ប្រាក់ ដើម្បីកាត់បន្ថយការជួញដូរមនុស្ស កេងប្រវ័ញ្ចកម្មករ ដោយមានការត្រួតពិនិត្យដោយតឹងរឹងពីអាជ្ញាធរថៃ។នេះបើតាម កាសែតរបស់ថៃ។

ទោះបីយ៉ាងណា ប្រទេសថៃនៅតែរងការរិះគន់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ ថាជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្នុងរបាយការណ៍អង្គការ Human Right Watch ដែលមានចំណងជើងថា «ការរំលោភសិទ្ធិ និងការបង្ខំឲ្យធ្វើការនៅឧស្សាហកម្មនៅប្រទេសថៃ» បានចេញផ្សាយនៅដើមឆ្នាំនេះ បង្ហាញថា ពលករខ្មែរបានស្ថិតនៅក្នុងចំណោមពលករជាតិសាសន៍ផ្សេងទៀតរកការរំលោភបំពាន់សិទ្ធិ និងការជួញដូរមនុស្ស។ របាយការណ៍នេះរកឃើញទៀតថា កម្មករនៅលើទូកនេសាទ បើកប្រាក់ខែមិនទៀតទាត់ ហើយទទួលមក្រៃទាប និងខ្វះការគាំពារផ្នែកច្បាប់។ អង្គការអន្តរជាតិនេះ ថាពលករធ្វើការលើទូកនេសាទនៅថៃប្រមាណ ៥ ម៉ឺននាក់ ត្រូវបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នៅឆ្នាំ ២០១៥ រដ្ឋាភិបាលថៃរកមិនឃើញសូម្បីមួយករណីក្នុងចំណោមពលករជាង ៤៧ ម៉ឺននាក់ត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង៕

website_news/20180130602.txt · Last modified: 2018/06/13 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki