website_news:20180131102

សំណុំរឿងស្ត្រីស៊ីឈ្នួលពរពោះជំនួស: ប៉ូលិសបញ្ជូនមនុសុ្សចំនួន០៤នាក់ទៅតុលាការ

http://www.rasmeinews.com/ November 12, 2018, 9:48 PM

ដោយ: មុនីរ័ត្ន / ភ្នំពេញ: ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធក្នុងករណីពរពោះជំនួស ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីឲ្យព្រះរាជអាជ្ញាធរធ្វើការសាកសួរ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនថ្លែងប្រាប់ខ្លីៗ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ។ លោក ទូច សារ៉េន បានឲ្យដឹងទៀតថា ចំពោះស្ត្រីចំនួន១១ ដែលស៊ីឈ្នួលពរពោះជំនួស គឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគាត់មានបញ្ហាសុខភាព។

ចំណែកលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះមនុស្សទាំង០៤នាក់នេះ អយ្យការកំពុងពិនិត្យនិងចាត់ការ ។ ប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាបករណីស្ត្រីស៊ីឈ្នួលពរពោះជំនួស ដោយបានឃាត់ខ្លួនស្ត្រីពរពោះជំនួសចំនួន ១១នាក់ និងមនុស្សប្រុសស្រីចំនួន៤នាក់ផ្សេងទៀត សង្ស័យជាមេខ្យល់។ ដោយការ បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺបានធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការបង្ក្រាបនេះ បានធ្វើឡើងដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះករណីស្ត្រីពរពោះជំនួសទាំង១១នេះ សមត្ថកិច្ចមិនទាន់បញ្ជូនទៅតុលាការនៅឡើយទេ ដោយសារតែការធ្វើនីតិវិធីមិនទាន់បញ្ចប់។ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីពរពោះជំនួសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺខណៈពេលដែលពួកគេបម្រុងនឹងចេញដំណើរទៅក្រៅប្រទេស។ ហើយស្ត្រីពរពោះជំនួសទាំង១១នាក់ សមត្ថកិច្ចបាននាំខ្លួនមកសាកសួរព័ត៍មានដើម្បីបំពេញបែបបទតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពរពោះជំនួសចំនួន៣២នាក់ និងមេខ្យល់ចំនួន៥នាក់។ ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចឃុំខ្លួនមនុស្សចំនួន០៥នាក់ ដែលជាមេការ ជាប់សង្ស័យក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន ក្នុងនោះមានបុរសជនជាតិចិនម្នាក់ និងនារីខ្មែរចំនួន ០៤នាក់ផងដែរ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។ ជនសង្ស័យទាំង៥នាក់មានដូចជា៖ ១.ឈ្មោះ Tiu Qiang ភេទប្រុស ជនជាតិចិន អាយុ ៤៩ឆ្នាំ ជាមេការ។ ២. ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ ៣៤ឆ្នាំ ជាមេការ។ ៣. ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ ២៧ឆ្នាំ ជាមេការ។ ៤. ឈ្មោះ លឹម សុភាព ភេទស្រី អាយុ ១៩ឆ្នាំ ជាអ្នកបកប្រែ និង៥. ឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣ឆ្នាំ ជាមេការ។ មនុស្សទាំង០៥នាក់នេះ ជាប់សង្ស័យក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន។

បើតាមចម្លើយរបស់នារីពរពោះជំនួសទាំង៣២នាក់ នាពេលកន្លងមក បានឱ្យដឹងថា ក្នុងកូនមួយដែលពួកគេពរពោះជំនួសនេះ ទទួលបានប្រាក់កំរៃចំនួន ១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូង ឱ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ ៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន ៦ពាន់ដុល្លារបន្ថែមទៀត។ ចំពោះការថែទាំគភ៌ ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន។ លក្ខណៈពិសេស នៃការពរពោះជំនួសក្នុងករណីនេះ គឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ គឺក្រុមហ៊ុនបញ្ជូនស្ត្រីពរពោះទៅប្រទេសចិន សម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់ ១ម៉ឺនដុល្លារ៕ ល

website_news/20180131102.txt · Last modified: 2018/11/13 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki