website_news:20180141101

ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ដល់ទៅចំនួន២៦,៩៨១នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:២៤ ប៊ុន ធឿន

បន្ទាយមានជ័យ ៖ អាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ រយៈពេល១០ខែ ឆ្នាំ២០១៨ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន២៦,៩៨១នាក់ ដោយតាមរបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាអិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានមានប្រសាសន៍ថា ពលករចំណាកចេញទៅប្រទេសក្រៅប្រចាំខែតុលា ឆ្នាំ២០១៨ មានសរុបចំនួន ១,៤៦៩នាក់ ស្រី៦៨៦នាក់ កុមារ៥នាក់ កុមារី២នាក់ បើប្រៀបធៀបខែកញ្ញា ឆ្នាំ២០១៨ មានចំនួន១,៥៦២នាក់ មានការថយចុះចំនួន៩៣នាក់ ។ ចេញដោយស្របច្បាប់ ៤៤៥នាក់ ស្រី២៥៣នាក់ ចេញមិនស្របច្បាប់១,០២៤នាក់ ស្រី៤៣៣នាក់ កុមារ៥នាក់ កមារី២នាក់ពលរដ្ឋត្រឡប់មកវិញចំនួន១,៤៤៧នាក់ (ស្រី៧១៧នាក់ កុមារ១៨នាក់ កុមារី៤នាក់ ។ លោកបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល១០ខែ ក្នុងឆ្នាំ២០១៨ មានសរុបចំនួន២៦,៩៨១នាក់ (ស្រី៩,២២៤នាក់) ក្នុងនោះមានកុមារ២,៥៣២នាក់ (កុមារី១,០៣៩នាក់) ។ បើប្រៀបធៀម និងរយៈពេល១០ខែឆ្នាំ២០១៧ មានចំនួន៦២,៧២៨នាក់ គឺមានការថយចុះចំនួន៣៥,៧៤៧នាក់ ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តបានមានប្រសាសន៍ថា ដោយយោងតាមរបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត ក្នុងកិច្ចប្រជុំលទ្ធផលប្រចាំខែតុលា ឆ្នាំ២០១៨ និងរយៈពេល១០ខែ ឆ្នាំ២០១៨ ឃើញថា ពលករខ្មែរចេញទៅរកការងារធ្វើខុសច្បាប់ នៅប្រទេសថៃមានការថយចុះ ។ លោកស្រីបានមានប្រសាសន៍ណែនាំ និងដាក់វិធានការដល់មន្ត្រី និងសមត្ថកិច្ចជំនាញ និងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនមានកម្លាំងនគបាលការពារព្រំដែនគោក និងកម្លាំងយោធារតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ និងអំពើជួញដូរ និងរត់ពន្ធមនុស្សខុសច្បាប់ត្រូវទប់ស្កាត់ឲ្យបាននូវសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ៕

website_news/20180141101.txt · Last modified: 2018/11/14 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki