website_news:20180141102

សំណុំរឿងស្ត្រីស៊ីឈ្នួលពរពោះជំនួស: ចោទប្រកាន់មនុស្ស១៨នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន-សមគំនិត

http://www.rasmeinews.com/ November 13, 2018, 4:43 PM

ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោកលី សុផាណា អ្នកនាំពាក្យក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា នេះថា ក្រោយពីពិនិត្យនិងចាត់ការសំណុំរឿងចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន១៤នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។ លោកបន្តថា ចំពោះជនសង្ស័យចំនួន ៤នាក់ ផ្សេងទៀត ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ តាមមាត្រា ១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា ២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនត្រូវចោទចំនួន១៥ នាក់និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។ ជនសង្ស័យទាំង០៤នាក់ មានដូចជា ១.ឈ្មោះ សុខ ឃឿន ២.ឈ្មោះ ខៀវ វណ្ណា ៣.ឈ្មោះ ចេង សំអុល និង៤.ឈ្មោះ អៀង ម៉ាន់។ អ្នកនាំពាក្យក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា រឿងនេះមានជនសង្ស័យសរុប១៨នាក់ ដែលចាប់ខ្លួនបាន ១៥នាក់ ហើយគេចខ្លួន ៣នាក់ ។ ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធក្នុងករណីពរពោះជំនួស ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីឲ្យព្រះរាជអាជ្ញាធរធ្វើការសាកសួរ។

ប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាបករណីស្ត្រីស៊ីឈ្នួលពរពោះជំនួស ដោយបានឃាត់ខ្លួនស្ត្រីពរពោះជំនួសចំនួន ១១នាក់ និងមនុស្សប្រុសស្រីចំនួន៤នាក់ផ្សេងទៀត សង្ស័យជាមេខ្យល់។ ដោយការ បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺបានធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ បានធ្វើឡើងដោយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ សេចក្តីរាយ ការណ៍បានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីពរពោះជំនួសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺខណៈពេលដែលពួកគេបម្រុងនឹងចេញដំណើរទៅក្រៅប្រទេស៕ ល

website_news/20180141102.txt · Last modified: 2018/11/14 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki