website_news:20180150604

អាណិតណាស់លោកអើយ! ឪពុកម្តាយទៅធ្វើការជាកម្មករនៅថៃ រស់នៅជាមួយជីដូន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១១:៥២ ថុក សុខា

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងក្នុងភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរៈសេនីយ៍ត្រី យន់ ឆៃយាន អធិការរងនគរបាលស្រុកកំពុងស្វាយបានឲ្យដឹងថា កុមារដែលស្លាប់ឈ្មោះ គង់ គួន ភេទប្រុស អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ង៉ោ គង់ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ប៊ី ចាន់ថន អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

បើយោងតាមការឲ្យដឹងពីសាច់ញាតិនិយាយថា ឪពុកម្តាយកុមារារងគ្រោះខាងលើបាននាំគ្នាទៅធ្វើការជាកម្មករនៅឯប្រទេសថៃ ហើយក៏បានផ្ញើកូនប្រុស(កុមារាដែលលង់ទឹកស្លាប់)ឲ្យរស់នៅជាមួយនឹងជីដូន ។ មុនពេលកើតហេតុ ជីដូនជាប់រវល់នឹងការងារមិនបានប្រយ័ត្នមើលចៅ ពេលនោះកុមារារងគ្រោះក៏បានដើរលេងនៅតាមមាត់ស្រះខាងលើ ហើយក៏រអិលជើងធ្លាក់ចូលទៅក្នុងស្រះបណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ មួយសន្ទុះក្រោយពីបាត់ចៅក៏នាំគ្នាដើររក ឃើញដានជើងធ្លាក់ចូលក្នុងស្រះទឹកនាំគ្នាចុះរាវរកស្រង់យកសពមកដាក់លើផ្ទះ ។

ពេលទទួលបានព័ត៌មាននេះភ្លាម កំលាំងជំនាញក៏បានចុះដល់ទីកន្លែងកើតហេតុ និងពិនិត្យសព រកឃើញថា កុមារារងគ្រោះខាងលើពិតជាស្លាប់ដោយសារទៅលង់ទឹកស្រះប្រាកដមែន ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/20180150604.txt · Last modified: 2018/06/15 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki