website_news:20180151102

ទូតអាមេរិក ចប់អាណត្តិ ស្នើឲ្យរដ្ឋាភិបាល អាមេរិក ពិចារណាដកការ ដាក់ទណ្ឌកម្មទិដ្ឋាការពីមន្ដ្រីរដ្ឋាភិបាល កម្ពុជា

https://www.dap-news.com/ ByID:030 Posted on 14 November 2018 | 20:55

ភ្នំពេញ ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចប់អាណត្ដិប្រចាំកម្ពុជា បានស្នើឲ្យរដ្ឋាភិបាល សហរដ្ឋ អាមេរិក ពិចារណាដកការ ដាក់ទណ្ឌកម្មទិដ្ឋាការ (Visa) ពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួន ដើម្បីបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរ ។នេះបើ យោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះជាការថ្លែងរបស់ លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួង មហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប សម្ដែងការគួរសម របស់លោក William A. Heidt ជាមួយសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ។ លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះយ៉ាងដូច្នេះថា ”ក្នុងនាមឯកឧត្តមផ្ទាល់ខ្លួន បានស្នើយោបល់គួរឲ្យសហរដ្ឋអាមេរិក អាចពិនិត្យលទ្ធភាពសម្រួល ឬដកចេញនូវទណ្ឌកម្ម Visa ដែលបានដាក់មកលើមន្ដ្រីរបស់ កម្ពុជាមួយចំនួន ។ ទោះបីជាមកដល់ពេលនេះ ឯកឧត្តម មិនទាន់ទទួលបានការឆ្លើយ តបយ៉ាងណាពីខាងអន្ដោប្រវេសន៍សហរដ្ឋអាមេរិក ប៉ុន្ដែឯកឧត្តម នឹងបន្ដយកបញ្ហានេះទៅជជែកជាមួយសហរដ្ឋអាមេរិកទៀត នៅពេលឯកឧត្តមទៅកាន់សហរដ្ឋអាមេរិកវិញ”។

ការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការអរគុណចំពោះឯកអគ្គរាជទូត ដែលបានស្នើឲ្យមានពិចារណាដើម្បីដកការដាក់ទណ្ឌកម្មនេះ ហើយប្រសិនបើអាមេរិកលុបចោលនូវបំរាមនោះបាន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

បន្ថែមពីនេះ លោក William A. Heidt ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ដែលបានពូនជ្រុំនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ពិសេសក្រសួងមហាផ្ទៃ ជាមួយកងកម្លាំងអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក លើការងារប្រឆាំងការជួញដូរមនុស្ស, ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារថែរក្សាសន្ដិសុខយ៉ាងល្អប្រសើរជូនបុគ្គលិកស្ថានទូតអាមេរិកនៅកម្ពុជា ។

សូមរំលឹកថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល ហើយសម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចផ្អាកជាបណ្តោះអាសន្ន នូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាវិញផងដែរ ។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន និងឆ្លើយតបជាមួយសំណើររបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកលោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្ត ឯកឧត្តម វីនសុន បាយ្ស (Vicent Buys) ៕ដោយ ៖ អេង ប៊ូឆេង

website_news/20180151102.txt · Last modified: 2018/11/15 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki