website_news:20180151104

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក្រសួងសង្គមកិច្ច ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារ ឲ្យរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយ

http://www.cen.com.kh/archives/ November 15, 2018

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជម្រាបជូនរដ្ឋសភា អំពីសមិទ្ធិផលនានារបស់ក្រសួងសម្រេចបានក្នុងអាណត្តិទី៥។ លោក វង សូត បានលើកឡើងផងដែរថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក្រសួងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឲ្យយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយ ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញនូវជំងឺប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម។

គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

លោក វង សូត បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាថា ក្នុងអាណត្តិទី៥កន្លងមកនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបានលទ្ធផលការងារជាច្រើន ស្របទៅនឹងផែនការយុទ្ធសាស្ត្រ៣យ៉ាង និងកម្មវិធីអាទិភាព៨ចំនុចរបស់ក្រសួង។ យុទ្ធសាស្ត្រទាំង៣ រួមមាន ១-បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ២-ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម ៣-ពង្រឹងសមត្ថភាពស្ថាប័ន និងកៀងគរប្រភពធនធាន ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ចំណែកឯកម្មវិធីអាទិភាពទាំង៨ចំណុចរបស់ក្រសួងវិញមាន ១-អភិវឌ្ឍន៍សុខុមាលភាពសម្រាប់ជនរងគ្រោះ ជនងាយរងគ្រោះ និងកិច្ចការគ្រួសារ ២-អភិវឌ្ឍន៍សុខុមាលភាពកុមារ និងយុវនីតិសម្បទា ៣-អភិវឌ្ឍន៍សុខុមាលភាពជនពិការ ៤-អភិវឌ្ឍន៍ សុខុមាលភាពចាស់ជរា ៥-អភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ៦-អភិវឌ្ឍន៍សុខុមាលភាពអតីតយុទ្ធជន ៧-សិក្សាស្រាវជ្រាវ បង្កើតប្រព័ន្ធ សន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ៨-អភិឌ្ឍន៍សមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

លោក រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ផងដែរថា ថ្មីៗនេះក្រសួងបានសហការជាមួយអង្គការ UNICEF រៀបចំសន្និសីទថ្នាក់តំបន់ ឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រអ៊ិនស្ពៃ(INSPIRE) ចំនួន៧ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលមានការចូលរួមពី ប្រទេសចំនួន២១ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សន្និសីទបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសឈានមុខគេ ដែលបានសិក្សាស្រាវជ្រាវថ្នាក់ជាតិ ស្តីពីអំពើហិង្សាលើកុមារ និងមានផែនការសកម្មភាពដើម្បីទប់ស្កាត់ ក៏ដូចជាឆ្លើយតបចំពោះអំពើហិង្សាលើកុមាររយៈពេល៥ឆ្នាំ (២០១៧-២០២១) មុនគេ ។ លោក រដ្ឋមន្ត្រី បន្តថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់អោយអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ។

លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងនៅគ្រប់កាលៈទេសៈ ដើម្បី អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ទៅតាមផែនការ និងគោលនយបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកស្រី ប្រធានគណៈកម្មការបានសម្តែងក្តីសង្ឃឹមថា ក្រសួងនឹងបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីរួមគ្នាធ្វើយ៉ាងណា អោយការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ទទួលបានជោគជ័យ៕ ដោយ ៖ បញ្ញាស័ក្តិ

website_news/20180151104.txt · Last modified: 2018/11/15 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki