website_news:20180151106

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាការងារជាមួយមន្ត្រីFBI

http://cambodiapolice.com/ 1:49 pm 15 វិច្ឆិកា 2018

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ លោកចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយអាមេរិក (FBI) ។ ជំនួបនេះ បានធ្វើនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលកម្ពុជានិង មន្ត្រីអាមេរិកមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធ ។

ជំនួយការអគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានសេនាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សាលីដេត បានប្រាប់សារព័ត៌មាននគរបាលជាតិ ថាជំនួបគ្នានេះ បានផ្តោតលើកគម្រោងចុះហត្ថលេខាលើអនុស្សារណៈរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងការិយាល័យ FBI ។ ជំនួយការអគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានសេនាធិការ បានបញ្ជាក់ថា អនុស្សារណៈដែលគ្រោងចុះហត្ថលេខានោះ គឺជាគម្រោង « ស៊ើបអង្កេតរួមគ្នាមួយដែលនឹងធ្វើរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹង FBI និងក៏មានការចូលរួមជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ» ។ លោកបន្តថា ស្ថាប័នទាំង ៣នេះ នឹងសហការគ្នា តាមរយៈអនុស្សារណៈនេះ ដើម្បីទប់ស្កាត់ទៅលើឧក្រិដ្ឋកម្មផ្សេងៗ ដូចជាទប់ស្កាត់បញ្ហា ជួញដូរគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋនានាដើម្បីពង្រឹងសន្តិសុខដល់ប្រទេសទាំង២

ក្នុងជំនួបនោះផងដែរ ភាគីអាមេរិកមានគម្រោងអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅទីបញ្ជាការធំរបស់ FBI ដែលស្ថិតក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនឌីស៊ី ដើម្បីចុះហត្ថលេខា លើអនុស្សារណៈនោះ ជាមួយប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ (FBI) ។ ក្នុងប្រសាសន៍ឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសានស៍ ជម្រុញអោយមានការត្រួតពិនិត្យខ្លឹមសារអឹមអូយូ (MOU) នេះបន្ថែមទៀត ហើយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នឹងពិនិត្យរកមើលឱកាស និងពេលវេលាសមស្របណាមួយដើម្បីឆ្លើយតបការបំពេញទស្សនកិច្ចរបស់ FBI ៕

website_news/20180151106.txt · Last modified: 2018/11/15 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki