website_news:20180161101

សង្គមស៊ីវិលថា ថៃនៅតែបន្តបញ្ជូនពលករខ្មែរត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនប៉ោយប៉ែត

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន 2018-11-15

មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យលើកឡើងថា សមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនប៉ោយប៉ែតនៅតែមានចំនួនច្រើន។ មន្ត្រីទាំងនោះអះអាងថា ពលករខ្មែរត្រូវបានចាប់ដឹកតាមឡានទ្រុងយ៉ាងណែនចង្អៀតដូចសត្វធាតុ ដែលទង្វើនេះជាការរំលោភសិទ្ធិមនុស្ស។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករខ្មែរនៅតែបន្តឆ្លងដែនទៅធ្វើការប្រទេសថៃខុសច្បាប់ជារៀងរាល់ថ្ងៃ ស្របពេលដែលថៃនៅតែចាប់បញ្ជូនត្រឡប់មកស្រុកកំណើតវិញនៅតែមានចំនួនច្រើនដដែល។ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចេញរបាយការណ៍ឲ្យដឹងថារយៈពេល១០ខែក្នុងឆ្នាំ២០១៨សមត្ថកិច្ចថៃចាប់បញ្ជូនពលករខុសច្បាប់ត្រឡប់មកកម្ពុជាតាមច្រកប៉ោយប៉ែតដល់ទៅជិត៣ម៉ឺននាក់។ លោក ស៊ុំ ច័ន្ទគារ បន្ថែមទៀតថា ថៃចាប់បញ្ជូនពលករជាង២ម៉ឺននាក់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ ជាតួលេខដ៏ច្រើនគួរឲ្យព្រួយបារម្ភ ដោយសារពួកគេគ្មានការងារធ្វើនៅក្នុងស្រុក ទើបបានជានាំគ្នាទៅធ្វើការទាំងប្រថុយប្រថាននៅក្រៅប្រទេសនោះ៖ «ដូច្នេះអាជ្ញាធររបបលោកហ៊ុន សែនគិតយ៉ាងណាដែរ ហើយមួយវិញទៀតបញ្ហាខ្វះកម្លាំងពលកម្មនៅក្នុងស្រុកច្រើន ប៉ុន្តែពលរដ្ឋមិនចូលចិត្តធ្វើដោយសារតម្លៃប្រាក់ឈ្នួលថោក និងមិនយកចិត្តដាក់លើការធានារ៉ាប់រងអាយុជីវិតអំឡុងពេលធ្វើការ ដូច្នេះរឿងនេះវាជាដំបៅនៅក្នុងសង្គម»។

ពលករធ្វើការនៅប្រទេសថៃលោក ជា សុខណា ឲ្យដឹងនៅថ្ងៃទី១៤វិច្ឆិកាថា លោកទៅធ្វើការប្រទេសថៃជាង ៤ឆ្នាំហើយ ដោយសារនៅផ្ទះគ្មានការងារធ្វើ ហើយគ្មានមុខរបរដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ ពលកររូបនេះបន្ថែមទៀតថា បើសិនជានៅក្នុងស្រុកមានការងារធ្វើបានប្រាក់ខែសមរម្យលោកនឹងនាំប្រពន្ធកូនត្រឡប់ទៅផ្ទះវិញ ដោយមិននៅធ្វើការស្រុកគេនោះទេ ព្រោះធ្វើការស្រុកគេគ្មានសិទ្ធិសេរីភាពពេញលេញហើយឃ្លាតឆ្ងាយពីឪពុកម្ដាយ៖ «ហើយយើងពិបាកនៅពេលយើងប្ដូរថៅកែពិបាកធ្វើលិខិតស្នាមណាស់ កាលណាយើងចេញពីការងារមួយទៅការងារមួយទៀតគេមិនសូវប្ដូរឲ្យយើងទេ ដូចជាការងារចាស់អស់ការងារទៅហើយប្ដូរទៅថៅកែថ្មី ហើយថៅកែថ្មីគេតម្រូវឲ្យយើងយកឯកសារពីថៅកែចាស់មកបង្ហាញគេទើបគេទទួលឲ្យចូលធ្វើការដូច្នេះពលករនៅថៃជួបការលំបាកលើរឿងនេះគ្រប់គ្នា»។ លោក ស៊ុំ ច័ន្ទគា អះអាងទៀតថា អាជ្ញាធរថៃនៅតែចាប់បញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជា ដឹកតាមរថយន្តទ្រុង ហើយពួកគេឈរតម្រៀបគ្នាយ៉ាងណែនពិបាកដកដង្ហើម ដោយមិនទាន់មានការកែសម្រួលឲ្យបានល្អនៅឡើយទេ។ សព្វថ្ងៃពលករខ្មែរធ្វើការនៅថៃមានជាង ១លាននាក់៕

website_news/20180161101.txt · Last modified: 2018/11/16 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki