website_news:20180161102

ឃុំខ្លួនស្ត្រីពពោះ១១នាក់ បន្ទាប់ពីឃុំមេការ និងអ្នកចាត់ការ៤នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ២១:១០ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ ៖ លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា នេះបានសម្រេចចេញដីកាឃុំខ្លួនស្ត្រីមានផ្ទៃពោះចំនួន១១នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់លើសំណុំរឿងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ ។ បានជាមានការឃុំខ្លួនស្ត្រីមានផ្ទៃពោះចំនួន១១នាក់នេះ ព្រោះកាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ២០១៨ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនមនុស្ស៤នាក់ដាក់ពន្ធនាគាររួចហើយដែរ ដែលក្នុងនោះមានស្ត្រី២នាក់ ជាមេការ និងបុរស២នាក់ជាអ្នកចាត់ការ។ មនុស្ស៤នាក់មានម្នាក់ឈ្មោះ ខៀវ ផល្លា អាយុ៣២ឆ្នាំ និងម្នាក់ឈ្មោះ សុខ អឿន អាយុ៤០ឆ្នាំ ជាមេការ ត្រូវឃុំខ្លួនដាក់ពន្ធនាគារ(មណ្ឌលកែប្រែម២)។

ចំណែកបុរស២នាក់ ជាអ្នកចាត់ការទូទៅម្នាក់ឈ្មោះ ចេង សំអុល អាយុ៥០ឆ្នាំ និងម្នាក់ឈ្មោះ អ៊ា ម៉ាន់ អាយុ៤២ឆ្នាំ មុខរបររត់ឡាំប្រឺតាកង់បីឥណ្ឌា សម្រេចដាក់ពន្ធនាគារ(មណ្ឌលកែប្រែម១)ព្រៃស។ ក្រោយពីឃុំខ្លួនមនុស្ស៤ នាក់នោះហើយ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទៅដឹកជញ្ជូនស្ត្រីពពោះចំនួន១១នាក់ តាមរថយន្តទូរីស១២កៅអី ១គ្រឿង មក កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ លើសំណុំរឿង.អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និង អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ។

ស្ត្រីទាំង១១នាក់ ត្រូវបាននាំទៅឃាត់ទុកអស់រយៈពេល១សប្តាហ៍ហើយ នៅមន្ទីរពេទ្យ១៦ ឧសភា ដែលជាមន្ទីរពេទ្យនគរបាលជាតិ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងដែនសមត្ថកិច្ចជាអ្នកបង្ក្រាប ដែលមិនទាន់បានដល់ដៃតុលាការនៅឡើយនោះ ។ ស្ត្រីជាប់សង្ស័យលើករណីពពោះ១១នាក់ ពេលនេះបានស្ថិតដល់ដៃលោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរ ដោយមិនចំបាច់ឆ្លងកាត់ស្ថាប័នអយ្យការនោះទៀតទេ ព្រោះសំណុំរឿងតែមួយ ដែលតំណាងអយ្យការបានចោទ ប្រកាន់រួចហើយ ដូចជនសង្ស័យ៤នាក់ខាងលើនេះដែរ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យ៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ។

ស្ត្រីជាមេការម្នាក់ឈ្មោះ ខៀវ ផល្លា អាយុ៣២ឆ្នាំ និងម្នាក់ឈ្មោះ សុខ អឿន អាយុ៤០ ឆ្នាំ ចំណែកអ្នកចាត់ការទូទៅម្នាក់ឈ្មោះ ចេង សំអុល ភេទប្រុស អាយុ៥០ឆ្នាំ និងម្នាក់ឈ្មោះ អ៊ា ម៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ទាំងពីរនាក់មុខរបររត់ឡាំប្រឺតាកង់បីឥណ្ឌា។ រីឯស្ត្រីពពោះ១១នាក់ និងត្រូវបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញដែរ ក្រោយពេលសាកសួរ មេការ និងអ្នកចាត់ការ៤នាក់រួចរាល់។ គួរំលឹកថា កាលពីថ្ងៃទី៨ វិច្ឆិកា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចុះសហការជាមួយនគរមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្តែងពាក់ព័ន្ធករណីអំពើលក់ដូរ មនុស្សសម្រាប់នាំឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ។

កិច្ចសហការបង្ក្រាបនោះសមត្ថកិច្ចបាន ធ្វើឡើង នៅចំណុចចំនួន៣កន្លែង ក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវ(មេការស្ត្រី)២នាក់ អ្នករត់ម៉ូតូកង់បី ២នាក់ និងស្ត្រីមានផ្ទៃពោះ (ស្ត្រីពពោះ)ចំនួន១១នាក់។ វត្ថុតាងដកហូតមានលិខិតឆ្លងដែន១ក្បាល ឯកសារពេទ្យមួយចំនួន.(ស៊ីរ៉ាំង និងថ្នាំពេទ្យ.ប្រើរួច និងមិនទាន់ប្រើ) និងម៉ូតូកង់បី ចំនួន២គ្រឿង។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច នាំទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

website_news/20180161102.txt · Last modified: 2018/11/16 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki