website_news:20180161103

តុលាការឃុំខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធជួលស្ត្រីខ្មែរឱ្យពពោះជំនួស

http://www.rasmeinews.com/ November 15, 2018, 6:29 PM

ដោយៈសរិទ្ធ/ភ្នំពេញៈ មនុស្ស៤នាក់ក្នុងចំណោមមនុស្ស១៤នាក់ ដែលជាប់ពាក់ព័ន្ធករណីជួលស្ត្រីខ្មែរពពោះជំនួសភ្នំពេញបានត្រូវលោកម៉ុងមុន្នីសោភាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨បានចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។មនុស្សចំនួន៤នាក់នេះ ឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់ ។ ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាន់ពីលោក ស៊ិន វីរ:ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើលក់ដូរមនុស្ស សម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ» តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩និងមាត្រា៣៣២នៃក្រមព្រហ្មទណ្ឌ។ដោយឡែកមនុស្ស១១នាក់ផ្សេងទៀតក៍ត្រូវបានតុលាការធ្វើការចោទប្រកាន់រួចហើយដែរតែកំពុងស្ថិតនៅមន្ទីរពេទ្យ។ដូច្នេះតុលាការនឹងបន្តនីតិវិធីសាកសួរនៅពេលក្រោយ។

គួររំលឹកថាកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពែញ ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។ ក្នុងចំណោមមនុស្ស១៥នាក់នេះមានស្រី១៣នាក់ប្រុស២នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣។ក្នុងចំណោមស្ត្រី១៣នាក់មានស្ត្រី១១នាក់ កំពុងតែមានផ្ទៃពោះ និង២នាក់ផ្សេងទៀតជាចុងភៅ៕S/

website_news/20180161103.txt · Last modified: 2018/11/16 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki