website_news:20180161104

ឆ្នាំ២០១៨នេះ ពលករខ្មែរនៅកូរ៉េខាងត្បូងបញ្ជូនថវិកាចូលក្នុងប្រទេសច្រើនជាង៦០០ លានដុល្លារ

http://bayontv.com.kh/ 16/11/2018

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០១៨នេះ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានចំនួន៥ម៉ឺន៦ពាន់នាក់។ ទន្ទឹមនឹងនេះ អគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងឯកឧត្តម ឡុង ឌីម៉ង់ បានប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទនៅថ្ងៃទី១៦នេះ ថាពលករខ្មែរធ្វើការនៅកូរ៉េ បានបញ្ជូនថវិកាចូលក្នុងស្រុកប្រមាណ៦០០លានដុល្លារក្នុង១ឆ្នាំៗ។ ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងថា ពលករខ្មែរម្នាក់ដែលធ្វើការនៅកូរ៉េខាងត្បូងបានបញ្ជូនថវិកាមកកាន់គ្រួសារក្នុងស្រុកវិញយ៉ាងហោចណាស់១ពាន់ដុល្លារក្នុងមួយខែ ដើម្បីជួយបង្កើនសកម្មភាពសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តម បានបន្តលើកឡើងថា ចំនួនថវិកា ប្រមាណ៦០០លានដុល្លារនេះ គឺជាចំណែកមួយដ៏សំខាន់សម្រាប់ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចប្រទេសជាតិដែលពលករទាំងអស់បានរួមចំណែក។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរាជទូត បានលើកឡើងពីការយកចិត្តទុកដាក់ របស់ស្ថានទូតដល់ពលករដែលកំពុងធ្វើការនៅគ្រប់តំបន់ក្នុងប្រទេសកូរ៉េខាងត្បូងដូចជាការផ្តល់សេវាកម្មពិតសុខភាពដោយឥតគិតថ្លៃដល់កន្លែងធ្វើការ និងការផ្តល់សេវាកម្មផ្លូវច្បាប់ដោយឥតគិតថ្លៃដល់ទីកន្លែងធ្វើការផងដែរ។ គិតត្រឹមឆ្នាំ២០១៨នេះ ពលករខ្មែរចំនួន៥ម៉ឺន៦ពាន់នាក់ កំពុងបម្រើការងារលើវិស័យចំនួន៣ធំៗគឺ កសិកម្ម វិស័យសំណង់ និងឧស្សាហកម្មដែលទទួលប្រាក់បៀវត្សរ៍ ពីជាង១ពាន់ដុលា្លរដល់ជាង៤ពាន់ដុល្លារ។ ជាមធ្យមកូរ៉េខាងត្បូងទទួលយកពលករខ្មែរប្រមាណ៨ទៅ៩ពាន់នាក់ ក្នុងមួយឆ្នាំៗ តាមរយៈកូតាអនុគ្រោះដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជានិងកូរ៉េខាងត្បូង៕

website_news/20180161104.txt · Last modified: 2018/11/16 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki