website_news:20180190601

ចាប់ស្ត្រីជាប់ចោទម្នាក់ តាមដីកាពីបទអូសទាញពេស្យាចារកុមារ ពេលរត់ចេញពីមន្ទីរពេទ្យ ទៅសម្រាលកូន

http://www.cen.com.kh/archives/ June 19, 2018

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ ខណ្ឌច្បារអំពៅ បានស្វែងរកចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកគុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ០០១ អ.យ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ពីបទអំពើអូសទាញពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីដើមឆ្នាំ២០១៧។ ដោយសារតែស្ត្រីរូបនេះ មានផ្ទៃពោះ ហើយត្រូវសម្រាកកូននោះ ត្រូវបានសមត្ថកិច្ចពន្ធនាគារព្រៃស បញ្ជូនមកមន្ទីរពេទ្យ ហើយក្រោយពេលសម្រាលកូនរួច ស្ត្រីរូបនោះ ក៏រត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនមកវិញ។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា សុខធី អាយុ២៧ឆ្នាំ ជន ជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចាប់ខ្លួន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ។ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ មណ្ឌលអប់រំកែប្រែទី២ (ម២ ព្រៃស) បានបញ្ជូនជនជាប់ឃុំជា សុខធី ទៅសង្គ្រោះបន្ទាន់ ដោយឈឺពោះគ្រប់ខែឆ្លងទន្លេ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រំលងអធ្រាត្រនៅក្នុងមន្ទីរពេទ្យ ដោយមន្ត្រីពន្ធនាគារមានការធ្វេសប្រហែសមួយភ្លែត បណ្តាលឲ្យជនជាប់ឃុំ សុខធី មានឱកាសគេចខ្លួនបាត់តែម្តង។

ព្រះរាជអាជ្ញារង គុជ គីមឡុង បានចេញដីសម្រេចបង្គាប់ឲ្យកងកម្លាំងសាធារណៈទាំងអស់ ស្វែងរកចាប់ខ្លួន ឈ្មោះ ជា សុខធី យកមកធ្វើការឃុំខ្លួនបន្តតាមនីតិវិធី ។ ស្ត្រីរូបនោះ ត្រូវជាប់ចោទពីបទ អំពើអូសទាញពេស្យាចារកុមារ តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពោះធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧។ ស្ត្រី ជា សុខធី អាយុ២៧ឆ្នាំ ត្រូវបានឃុំខ្លួនតាមដីកាបង្គាត់ឲ្យឃុំខ្លួនលេខ ៣២២៥ ទ ដ.ឃ.ដ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ

website_news/20180190601.txt · Last modified: 2018/06/19 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki