website_news:20180190603

កម្ពុជា-ថៃ៖ ពលករខ្មែរជាង១លាននាក់ទទួលបានភាពស្របច្បាប់ ខណៈថៃជិតរឹតបន្តឹងច្បាប់

http://km.rfi.fr/cambodia/ ដោយ សឿង ភារៈ 18/06/2018

គិតត្រឹមថ្ងៃទី១៦ ខែមិថុនា កម្ពុជា និងភាគីថៃ បានសហការគ្នា បញ្ជាក់អត្តសញ្ញាណថ្មីឲ្យពលករខ្មែរ បានប្រមាណ៥៤ម៉ឺននាក់ និង៥០ម៉ឺននាក់ទៀត បានទទួលភាពស្របច្បាប់តាមការយោគយល់គ្នារវាងកម្ពុជា និងថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារកម្ពុជា។ ជាការបញ្ជាក់អត្តសញ្ញាណសម្រាប់ពលករបរទេស ដើម្បីបានភាពស្របច្បាប់ធ្វើការក្នុងប្រទេសថៃ ខណៈអាជ្ញាធរថៃគ្រោងនឹងអនុវត្តច្បាប់គ្រប់គ្រងពលករបរទេស នៅដំណាច់ខែមិថុនានេះ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់វិទ្យុបារាំងអន្តរជាតិតាមសារអេឡិចត្រូនិចថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ២០១៨ កម្ពុជា និងភាគីថៃបានសហការគ្នាបញ្ជាក់អត្តសញ្ញាណថ្មី ជូនពលករកម្ពុជា ដែលមានបណ្ណពណ៌ស៊ីជម្ពូ(បណ្ណមិនមែនសញ្ជាតិថៃ) ចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃ បានចំនួនប្រមាណ ៥៤ម៉ឺននាក់។ លោកបន្តថា ទន្ទឹមនឹងនេះ ក្រសួងការងារកម្ពុជា បានសហការគ្នាសម្រួលឯកសារ និងផ្តល់ភាពស្របច្បាប់ដល់ពលករជាលក្ខណនៃការយោគយល់គ្នា (MoU) បានចំនួនប្រមាណ៥០ម៉ឺននាក់ផ្សេងទៀត។ ដោយឡែកសម្រាប់ពលករ ដែលមិនមានបណ្ណពណ៌ស៊ីជម្ពូ គឺក្រសួងការងារកម្ពុជានឹងបន្តសហការជាមួយភាគីថៃសម្រួលឲ្យពលករខ្មែរអាចចេញមកធ្វើឯកសារនៅកម្ពុជារួចចេញទៅវិញជាពលករ តាមរយៈការយោគយល់គ្នានៃក្រសួងការងារទាំងពីរវិញ។ នេះបើតាមលោក ហេង សួរ។

នាយកដ្ឋានផ្នែកការងាររបស់ថៃ លោក Anurak Thossarat បានបញ្ជាក់ កាលពីដើមខែមិថុនា ប្រាប់សារព័ត៌មាន The Nation ថា ការចុះឈ្មោះពលករបរទេសក្នុងប្រទេសថៃ នឹងមិនមានការពន្យារពេលតទៅទៀតទេ។ នាយកដ្ឋានការងារថៃបន្ថែមថា នៅក្រោយថ្ងៃទី៣០ ខែមិថុនា ពលករដែលធ្វើការខុសច្បាប់ ថៅកែរបស់ពួកគេនឹងប្រឈមនឹងការផាកពិន័យពីអាជ្ញាធរថៃក្រោមច្បាប់គ្រប់គ្រងពលករបរទេស ដែលបានវិសោធនកម្មកាលពីឆ្នាំ២០១៧កន្លងទៅ។

បើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានការងារថៃ ការបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ការបន្តបណ្ណមិនមែនសញ្ជាតិថៃ(បណ្ណពណ៌ស៊ីជម្ពូ) និងការស្នើសុំទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារពីការិយាល័យច្រកចេញចូលតែមួយ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមិនមានការពន្យារពេលឡើយ។

សូមជម្រាបជូនថា ពលករបរទេសដែលធ្វើការនៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាតនឹងត្រូវផាកពិន័យពី១៥៥ដុល្លារ ដល់១,៥៦០ដុល្លារ ហើយនឹងមិនអនុញ្ញាតឲ្យដាក់ពាក្យសុំធ្វើការរយៈពេល២ឆ្នាំ។ ចំណែកឯនិយោជករូបណា ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់នឹងត្រូវផាកពិន័យពី៣១២ដុល្លារ ដល់៣,១២០ដុល្លារ ក្នុងពលករម្នាក់៕

website_news/20180190603.txt · Last modified: 2018/11/06 12:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki