website_news:20180191102

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរខេត្ដ និងកងកម្លាំងសមត្ថកិច្ចព្រំដែន ត្រូវទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរចូលប្រទេសថៃ

Headline

http://akpnews.info/kh/ AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កងកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលនៅប្រចាំការការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើការទប់ស្កាត់ឱ្យខាងតែបានចំពោះការលួចចូលឆ្លងដែនខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរទៅកាន់ប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង តាមច្រករបៀងខុសច្បាប់ ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះបានធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យថ្មី កាលពីថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ សម្ដេចក្រឡាហោមបានជំរុញដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការជាមួយថៃ ស្នើឱ្យភាគីថៃ កុំបាញ់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ ត្រូវសហការចាប់បញ្ជូនមកវិញតាមនីតិវិធីច្បាប់ និងតាមនីតិវិធីដែលអាចធ្វើទៅបាន ។

សម្ដេចក្រឡាហោមបានលើកឡើងទៀតថា ច្រករបៀងមិនមែនជាច្រកស្របច្បាប់ទេ ព្រំដែនកម្ពុជា-ថៃមានប្រវែង២២១គីឡូម៉ែត្រ សព្វថ្ងៃនេះក្នុងមួយថ្ងៃៗថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់មកវិញពី៨០ ទៅ១០០នាក់។ ទន្ទឹមនេះ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលការពារព្រំដែន ធ្វើយ៉ាងណាត្រូវទប់ស្កាត់ឱ្យបានពីការលួចចូលឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ហេតុនេះ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់គ្រងច្រកព្រំដែនឱ្យបានត្រឹមត្រូវ គឺធ្វើយ៉ាងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបាន ហើយមានប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា បើតាមលទ្ធផលនៃការផ្តល់សេវារដ្ឋបាល របស់ការិយាល័យច្រកចេញ ចូលតែមួយ ដែលបង្កើតឡើងនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ នាពេលកន្លងមកបានបង្ហាញឱ្យឃើញនូវលទ្ធផលវិជ្ជមាន គួរជាទីមោទនគឺ មានការសម្របសម្រួល ដោះស្រាយបញ្ហាបន្ដឹងនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ លើសពីនេះទៀត ការិយាល័យទាំងពីរនេះ បាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ បង្កដល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋដែលមកទទូលសេវា និងបានផ្តល់សេវាជូនពួកគាត់បានទាន់ពេលវេលា ព្រមទាំងបានប្រមូលចំណូលចូលថវិកាជាតិ ពីការផ្តល់សេវានេះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយផងដែរ ។

សូមបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប៉ែន កុសល្យ អតីតអភិបាលរងខេត្តត្បូងឃ្មុំ ទៅជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួស ឯកឧត្តម ស ថាវី ត្រូវបានផ្ទេរភារកិច្ច និងទទួលតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕ ដោយ ទិត ស្រ៊

website_news/20180191102.txt · Last modified: 2018/11/19 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki