website_news:20180191103

លោក ស ខេង៖ ករណីពលរដ្ឋ លួចឆ្លងដែន ចូលទៅកាប់ឈើ នៅទឹកដីថៃ គឺដោយសារមានមន្ត្រីព្រំដែន លួចបើកដៃ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 18 November 2018 | 19:46 ICT

ឧត្តរមានជ័យៈ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងថា ករណីពលរដ្ឋកាប់ឈើគ្រឈូងនៅតាមបន្ទាត់ព្រំដែន និងការលួចឆ្លងដែនចូលទៅកាប់ដល់ក្នុងទឹកដីថៃដោយខុសច្បាប់ នាពេលកន្លងមក គឺដោយសារមានការលួចបើកដៃពីមន្ត្រីនៅព្រំដែន ប៉ុន្តែបច្ចុប្បន្ន ករណីនេះ មានភាពស្ងប់ស្ងាត់បន្តិច ដែលទំនងជាមកពីអស់ឈើកាប់។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានលើកឡើងនូវបញ្ហានេះ នៅក្នុងឱកាសលោកអញ្ជើញចូលរួមពិធីប្រកាសតែងតាំង លោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរិ៍ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨។ លោកបានថ្លែងដោយរំលឹកដល់មន្ត្រីពាក់ព័ន្ធនានា នៅតាមព្រំដែនម្ដងហើយម្ដងទៀតថា ច្រករបៀងមិនមែនជាច្រកស្របច្បាប់ទេ ដូច្នេះករណីពលរដ្ឋចំណាកស្រុក ដែលមកពីក្នុងផ្ទៃប្រទេស ចេញទៅថៃ តាមច្រករបៀងគឺខុសច្បាប់ ដែលមួយថ្ងៃៗភាគីថៃបានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ពី ៨០នាក់ទៅ ១០០នាក់។ លោកបញ្ជាក់ថា៖«ឥឡូវ[ខ្ញុំ]សុំអង្វរបិទច្រករបៀងទាំងអស់ទៅ។ មិនមែនខ្ញុំមិនយល់អ្វីនោះទេ អ្នកដែលឲ្យពលរដ្ឋចេញ ទៅតាមច្រករបៀង គ្មានអ្នកណាក្រៅពី សមត្ថកិច្ចយើងនៅជាប់ព្រំដែននោះទេ»។ លោករដ្ឋមន្ត្រីបានបន្តថា ពីមុនមានករណីកាប់ឈើគ្រញ៉ូង នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អ្នកដែលត្រូវបានបង្ក្រាបចាប់បានភាគច្រើន ជាពលរដ្ឋដែលចំណាកស្រុកពីខេត្ត ស្វាយរៀង កំពង់ចាម និង ខេត្តផ្សេងទៀត ដែលពួកគាត់មួយចំនួនមិនទាំងស្គាល់ដើមគ្រញ៉ូងយ៉ាងដូចម្ដេចផង ហើយរឹតតែមិនដឹងថា ឈើគ្រញ៉ូងហ្នឹង វាដុះនៅត្រង់កន្លែងណាទៀត ប៉ុន្តែ ហេតុអ្វី បានជាពួកគាត់ពូកែម្លេះ មកចំកន្លែងដុះឈើគ្រញ៉ូង ហើយនាំគ្នាកាប់យ៉ាងអាណាធិបតេយ្យទាំងនៅក្នុងទឹកដីខ្មែរនិងក្នុងទឹកដីថៃ។

លោកបញ្ជាក់ថា៖«ចឹងករណីហ្នឹង វាមានតែឈ្មួញឈើ ខ្មែរ និង ថៃ ដែលនៅជាប់ព្រំដែនឃុបឃិតគ្នា រួចប្រើឲ្យពួកគាត់ហ្នឹង ទៅកាប់។ ការពិតពួកគាត់ មិនដឹងខ្យល់អីទេ ហើយអ្នកដែលរងគ្រោះ គឺពួកគាត់ដែលគេប្រើឲ្យទៅកាប់ហ្នឹងឯង»។ លោកបានបន្ថែមថា៖«ឥឡូវ[ករណីហ្នឹង] វាធូរបន្តិច ព្រោះវាអស់[ឈើ]កាប់ហើយ…តែថា ខាងថៃគេនៅមានឈើ ចឹងយើងស្នើឲ្យភាគីថៃ ធ្វើម៉េចកុំបាញ់សម្លាប់ [បើឃើញមានករណីបែបនេះកើតឡើង] សូមចាប់យកទៅដាក់គុកតាមច្បាប់ហ្នុងទៅ ឬ ក៏ត្រូវបញ្ជូនមកកម្ពុជាវិញ»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវនឹងជំរុញឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដែលទើបត្រូវបានតែងតាំងថ្មីនេះ បន្តកិច្ចសហប្រតិបត្តិការ ជាមួយមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ទប់ស្កាត់ឲ្យបាននូវបញ្ហាអវិជ្ជមានដែលបានលើកឡើងខាងលើនេះ ដើម្បីធានាដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដើម្បីការពារនូវកិត្យានុភាពរបស់ជាតិ ដោយធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការកាប់ឈើ និង ការឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាង។ ជុំវិញករណីនេះ លោក ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសិករង ស្រុកត្រពាំងប្រាសាទ បានទទួលស្គាល់ថា កន្លងមកពិតជាមានបទល្មើសព្រៃឈើកើតឡើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើង ដោយក្រុមឈ្មួញឈើក្នុងស្រុកឃុបឃិតជាមួយឈ្មួញឈើថៃ ជួលពលករចំណាកស្រុក ពីខេត្តផ្សេងៗឲ្យមកកាប់ ប៉ុន្តែករណីនេះ ត្រូវបានក្រុមសមត្ថកិច្ចយោធា និង នគរបាលព្រំដែន រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបចាប់ និង ទប់ស្កាត់បានជាបន្តបន្ទាប់ផងដែរ។ លោកបូរ៉ាន់ បានថ្លែងថា៖«បច្ចុប្បន្ន ករណីនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែ មិនមានន័យថា វាគ្មានបទល្មើសហ្នឹងកើតមាននោះទេ គឺ វាអាចមានដោយកន្លែង ព្រោះពួកឈ្មួញទុច្ចរឹត វាតែងតែឆ្លៀតឱកាសនៅពេលដែលយើងមានភាពឆកល្វែង»។ លោកបូរ៉ាន់ ក៏បានបដិសេធផងដែរ នៅពេលដែលសួរថា តើកន្លងមកមានមន្ត្រីយោធាព្រំដែនខ្លះ មានការលួចឃុបឃិតជាមួយឈ្មួញឈើខ្មែរ និងឈ្មួញឈើថៃ នាំពលករខ្មែរចំណាកស្រុកពីខេត្តផ្សេងៗ ចូលទៅកាប់ឈើនៅក្នុងទឹកដីថៃដែរឬទេ?

ដូចគ្នានេះដែរ លោក ប៉ុក សុផល មេបញ្ជាការយោធាវរៈព្រំដែនលេខ ៤០២ បានថ្លែងថា មន្ត្រីយោធាណាមួយ ដែលមានការជាប់ពាក់ព័ន្ធក្នុងការជួយសម្រួលឲ្យមានបទល្មើសនឹងត្រូវទណ្ឌកម្មតាមវិន័យកងទ័ព។ លោកសុផល បានបញ្ជាក់ថា៖«កន្លងមក យើងបានអនុវត្តដោយដាក់ពិន័យ ទៅលើមន្ត្រីយោម្នាក់ ដែលបានអនុវត្តផ្ទុយពីបទបញ្ជារបស់កងកម្លាំង បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីជនរងគ្រោះ ជាពលករចំណាកស្រុកថា បានយកលុយពីពួកគេជាថ្នូរក្នុងការអនុញ្ញាតឲ្យពួកគេ ឆ្លងដែនចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ ហើយត្រូវភាគីថៃចាប់បញ្ជូនខ្លួនមកវិញ»។ ជុំវិញករណីនេះផងដែរ លោក ស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ បានគាំទ្រចំពោះសេចក្ដីថ្លែងរបស់លោក ស ខេង ដែលជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ទប់ស្កាត់ឲ្យបាននូវរាល់បទល្មើស ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ទៅក្នុងទឹកដីថៃ ។ លោក ណារ៉េន បានថ្លែងថា៖«ដើម្បីសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពរបស់ជាតិ យើងទាំងអស់គ្នា គាប់បីរួមគ្នា បញ្ឈប់ និង ទប់ស្កាត់ឲ្យបាននូវរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយ ពិសេសបទល្មើសគ្រឿងញៀន កាប់បំផ្លាញព្រៃឈើ នេសាទ អាជីវកម្មរ៉ែខុសច្បាប់ និង ការឆ្លងដែនខុសច្បាប់ ជាដើម»៕

website_news/20180191103.txt · Last modified: 2018/11/19 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki