website_news:20180191106

មីងអើយមីង…ឃើញទេលទ្ធផលទង្វើខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:០២ ប៊ុន លីនណា

ខេត្តក្រចេះ ៖ ស្ត្រីជាមេខ្យល់មុខសញ្ញាជួញដូរមនុស្សឱ្យទៅយកប្តីនៅប្រទេសចិនខុសច្បាប់ម្នាក់ ត្រូវបានតុលារសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត ក្រោមបទចោទពីបទលក់ដូរ សម្រាប់នាំឆ្លងដែនត្រូវបានកម្លាំងនគរបាលខេត្តក្រចេះស្រាវជ្រាវ ពន្លាតដែនដីចាប់ខ្លួនបាននៅខេត្តត្បូងឃ្មុំ ។

ស្ត្រីមុខសញ្ញាជាមេខ្យល់ខាងលើ ឈ្មោះ កង ជីម អាយុ៥០ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោកញឹល ប៊ុនលី សម្រេច ចេញដីការឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៩ វិច្ឆិកា ។

ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនលោកស្រីវរសេនីយ៍ឯក នៅ រតនា បានឲ្យដឹងថា នារីរងគ្រោះអាយុ២២ឆ្នាំ រស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានស្ត្រីសង្ស័យនិងបក្សពួកបានបោកបញ្ឆោតលក់នៅប្រទេសចិន ដើម្បីឲ្យយកប្តី តែដោយខុសច្បាប់ កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនជិត២ពាន់ដុល្លារក្រោមលេសថា នាំទៅរកការងារធ្វើ ដើម្បីរកចំណូលមកដោះស្រាយជីវភាព ។ លោកស្រីស្នងការរងបានសម្រងបណ្តឹងរបស់ស្ត្រីជាម្តាយនារីរងគ្រោះឲ្យដឹងទៀតថា ក្រោយពេលកូនស្រីគាត់បានទៅដល់ប្រទេសចិនក៏បាត់ការទំនាក់ទំនង ។ ព្រោះនាងត្រូវបានបង្ខំឲ្យយកប្តីដោយខុសច្បាប់និងត្រូវបានបង្ខាំងទុក មិនឱ្យមានការទំនាក់ទំនងមកស្រុកខ្មែរបាននោះទេ ។ តែក្រោយមក នាងបានលួចទំនាក់ទនងមកស្ត្រីជាម្តាយ ទើបដឹងថា នាងបានចាញ់បោកគេ ដោយត្រូវមេខ្យល់បង្ខំឲ្យមកយកប្តីនៅប្រទេសចិន ។ លោកស្ត្រីស្នងការរងបានឲ្យដឹងទៀតថា ស្ត្រីជាម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យជួយអន្តរាគមន៍កូនស្រីគាត់ តាមរយៈអង្គការពាក់ព័ន្ឋនានា ក៏ដូចជាមកការិយាល័យនគរបាលជំនាញ ។ ក្រោយការទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលជំនាញបានចុះ ស្រាវជ្រាវនិងឈានឲ្យមានការចាប់ខ្លួនស្ត្រីជាមុខសញ្ញាមេខ្យល់រូបនេះបាន។ ដោយលោកស្រីអះអាងថា ចំពោះនារីរងគ្រោះ ដែលត្រូវបានក្រុមមេខ្យល់បោកនាងយក ទៅលក់នេះ ក៏ត្រូវបានអាជ្ញាធរប្រទេសទាំងពីរ កំពុងតែទំនាក់ទំនងគ្នាដើម្បីនាំនាងត្រឡប់ មកស្រុកកំណើតវិញ ។

website_news/20180191106.txt · Last modified: 2018/11/19 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki