website_news:20180200601

ថៃឯកភាពបញ្ជូនពលករខ្មែរគ្មានឯកសារ មកស្រុកកំណើតវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០០:២៨ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំក្រសួងការងារកម្ពុជា និងប្រមុខដឹកនាំក្រសួងការងារថៃ បានឯកភាពគ្នាបញ្ជូនពលករខ្មែរដែលគ្មានឯកសារមកស្រុកកំណើតវិញ បញ្ចប់ការបញ្ជាក់ អត្តសញ្ញាណដល់ពលករកម្ពុជាចំនួនប្រមាណ១ម៉ឺននាក់ឲ្យបានចប់មុនថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៨នេះ។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកឧត្តមសេនីយ៍ Po. Gen .ADUL . SANGSINGKEO រដ្ឋមន្ត្រីគ្រសួងការងារថៃ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តី ការក្រសួងការងារថៃ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដែលមានលោករដ្ឋមន្ត្រី អ៊ិត សំហេង ជាប្រធាន បានឲ្យដឹងថា កិច្ចពិភាក្សាមានបានប្រព្រឹត្តិទៅក្រោមបរិយាកាសយោគយល់ ស្និទ្ធស្នាល និងទទួលបានផលជាវិជ្ជមានជាច្រើន។ ប្រភពបានបន្តថា ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការក្នុងយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ប្រទេសទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាបានចំនួន ១លាន៧ម៉ឺននាក់ ក្នុងនោះ បានសហគា្នបញ្ជាក់អត្តសញ្ញាណថ្មីជូនពលករកម្ពុជា ដែលមានប័ណ្ណស៊ីជម្ពូ (ប័ណ្ណមិនសញ្ជាតិថា) ដែលចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃ បានចំនួនប្រមាណ៤២ម៉ឺននាក់។ បានសហការគ្នាសម្រួលឯកសារ និងផ្តល់ភាពស្របច្បាប់ដល់ពលករតាមរយៈ MOU បានចំនួនប្រមាណជា៦៥ម៉ឺននាក់

ភាគីថៃបានប្តេជ្ញានឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណដល់ពលរដ្ឋកម្ពុជាចំនួនប្រមាណ ១ម៉ឺននាក់ទៀតឲ្យបានចប់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ។សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា«ភាគីថៃបានឯកភាពអនុញ្ញាតឲ្យពលករកម្ពុជា ដែលមិនទាន់មានឯកសារ ក្រោយពេលបញ្ចប់យុទ្ធនាការនេះអាចត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្រប ច្បាប់ ហើយវិលត្រឡប់មក ធ្វើការនៅប្រទេសថៃវិញ ជាពលករតាមរយៈMOU »។ ជាងនេះទៀត ភាគីថៃនឹងសហការជាមួយភាគីកម្ពុជា ដោយភាពទន់ភ្លន់ក្នុងករណីរកឃើញថា មានបងប្អូនលករកម្ពុជាដែលមិនទាន់ឯកសារ ឬបាត់ឯកសារ ដោយសហការជូនដំណឹងមកស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីប្រឹក្សាទទួលបន្ទុកពលករ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវដើម្បីឲ្យពលករទាំងនោះបាន វិលត្រឡប់មកកម្ពុជាវិញ។ ប្រភពដដែលក៏បានលើកឡើងភាគីទាំងពីឯកភាពគ្នាបញ្ចប់ យុទ្ធនាការជាស្ថាពរ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តទៅ។ ជោគជ័យនាយុទ្ធនាការនេះ គឺពិតជាបានផ្តល់ផលប្រយោជន៍ដ៏ធំធេង ចំពោះប្រជាពលរដ្ឋនៃប្រទេសទាំពីរ៕

website_news/20180200601.txt · Last modified: 2018/06/20 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki