website_news:20180200602

យុទ្ធនាការផ្តល់ឯកសារដល់ពលករខ្មែរ នៅថៃ ត្រូវបញ្ចប់ចុងខែនេះ

https://www.postkhmer.com/ គង់ មេត្ដា | Publication date 20 June 2018 | 09:24 ICT

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលមិនទាន់មានឯកសារហើយកំពុងធ្វើការនៅប្រទេសថៃនៅសល់ចំនួនប្រមាណ ១ ម៉ឺននាក់ទៀតនៅត្រឹមដំណាច់ខែនេះ ឬពួកគេត្រូវត្រឡប់មកធ្វើឯកសារនៅកម្ពុជាវិញ បន្ទាប់ពីបានផ្តល់ភាពស្របច្បាប់ដល់ពលករ ១ លាន ៧ ម៉ឺននាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមន្ត្រីការពារសិទិ្ធកម្មករបានថ្លែងថាចំនួនកម្មករខ្មែរដែលគ្មានឯកសារគឺអាចមានចំនួនច្រើនជាងនេះ ហើយកំពុងប្រឈមនឹងការលំបាកនៅពេលពួកគេទៅបំពេញបែបបទធ្វើឯកសារស្របច្បាប់។ នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមិថុនាបានបញ្ជាក់ថានឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណដល់ពលករខ្មែរឲ្យបានចប់មុនថ្ងៃទី ៣០ ខែមិថុនានេះ។

សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៨ ខែមិថុនាប្រទេសទាំង ២ បានរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាចំនួន ១ លាន ៧ ម៉ឺននាក់។ សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា៖ «ភាគីថៃឯកភាពអនុញ្ញាតឱ្យពលករកម្ពុជាដែលមិនទាន់មានឯកសារក្រោយបញ្ចប់យុទ្ធនាការនេះ អាចត្រឡប់ទៅប្រទេសកម្ពុជាដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយវិលត្រឡប់មកធ្វើការនៅប្រទេសថៃវិញ»។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ភាគីថៃនឹងសហការជាមួយភាគីកម្ពុជាដោយភាពទន់ភ្លន់ក្នុងករណីរកឃើញថា មានពលករកម្ពុជាដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ ក្រសួងការងារបានហៅការផ្តល់ឯកសារស្របច្បាប់ដល់កម្មករនេះថាជារឿង «ជោគជ័យ» មួយដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២។

លោក Dy The Hoya មន្ត្រីអង្គការ Central ដែលជាអង្គការសិទ្ធិការងារបានថ្លែងថាចំនួនពលករកម្ពុជាដែលគ្មានឯកសារនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងអ្វីដែលក្រសួងបានប្រកាស ហើយក្រសួងប្រហែលជាមិនអាចផ្តល់ឯកសារស្របច្បាប់ដល់ពលករកម្ពុជាដែលគ្មានឯកសារទាំងអស់ឲ្យបានទាន់ពេលវេលាបានទេ ទោះបីជាបានពន្យារពេលជាច្រើនលើកច្រើនសាហើយក្តី។ លោកថ្លែងថា៖ ដំណើរការផ្តល់ឯកសារស្របច្បាប់ប្រហែលមិនអាចទៅដល់ពលករគ្រប់គ្នាបានទេ។ ចំពោះតួលេខដែលផ្តល់ជូនដោយក្រសួង ខ្ញុំមិនគិតថាពលករដែលគ្មានឯកសារនៅសល់តិចជាង ២ម៉ឺនឬ ៣ម៉ឺននាក់នោះទេ។ យើងបានសង្កេតហើយរកឃើញថា ម្ចាស់អាជីវកម្មខ្នាតតូចតាមផ្ទះ និងនិយោជិតមិនបានដឹងអំពីដំណើរការផ្តល់ឯកសារនោះទេ ជាពិសេសអ្នកធ្វើការជាអ្នកលក់ដូរនៅក្នុងផ្ទះ

លោក Hoya បានបន្ថែមថា ពលករដែលគ្មានឯកសារ ពួកគេប្រឈមនឹងការលំបាកក្នុងការទទួលបានភាពស្របច្បាប់។ លោកបន្តថា៖ «នៅពេលដែលយើងនិយាយជាមួយពលករចំណាកស្រុកទាំងនោះពួកគេបានប្រាប់យើងថា ឧទាហរណ៍ អំពីតម្លៃគឺអស់ប្រហែលពី ៣ ពាន់ទៅ ៤ ពាន់បាត ប៉ុន្តែពួកគេត្រូវចំណាយអស់ប្រមាណ ១ ម៉ឺនបាត ដោយសារតែឈ្មួញកណ្តាលប្រាប់ពួកគេ។ ដូច្នេះហើយទើបពួកគេបាត់បង់ទំនុកចិត្តក្នុងការធ្វើវា»។ លោក Hoya ថ្លែងថា ទាំងពលករ និងថៅកែ ពួកគេមិនទទួលបានព័ត៌មានអំពីដំណើរការផ្តល់ឯកសារស្របច្បាប់នេះទេ ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច។ លោកបញ្ជាក់ថា៖ «ចំពោះក្រុមហ៊ុនធំៗដែលបានចុះបញ្ជី ពួកគេដឹងហើយបានបញ្ជូនបុគ្គលិករបស់ខ្លួនទៅធ្វើឯកសារនោះ»។ លោកបន្ថែមទៀតថា ដូចអ្វីដែលជាច្បាប់ចុងក្រោយបំផុតរបស់ប្រទេសថៃ គឺថាពួកគេអាចប្រឈមនឹងការផាកពិន័យ គឺទាំងពលករ និងនិយោជករបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមិនគិតថាវាអាចឈានដល់ដំណាក់កាលនេះទេ ពីព្រោះថាប្រទេសថៃនៅតែត្រូវការពលករចំណាកស្រុក ដើម្បីធ្វើការដដែល»៕ NS

website_news/20180200602.txt · Last modified: 2018/06/20 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki