website_news:20180200603

សល់ ១០ថ្ងៃទៀត ការផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅថៃប្រមាណ ១ម៉ឺននាក់ នឹងត្រូវបញ្ចប់

https://thmeythmey.com/ 20, Jun 2018 , 8:39 am ដោយ: មឿន ឌីណា

នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា-ថៃ នឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណថ្មីដល់ពលករខ្មែរ ដែលជាបណ្ណស៊ីជម្ពូ (បណ្ណមិនមែនសញ្ជាតិថៃ) ចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីថៃ។ នៅមានពលករខ្មែរប្រមាណ ១ម៉ឺននាក់ទៀត នៅប្រទេសថៃ ដែលត្រូវបញ្ជាក់ពីភាពស្របច្បាប់នេះ។ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ភាគីកម្ពុជា-ថៃ បានផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចំនួន ១លាន ៧ម៉ឺននាក់ ដោយក្នុងនោះ ពលករខ្មែរបានទទួលការបញ្ជាក់អត្តសញ្ញាណបណ្ណស៊ីជម្ពូ (បណ្ណមិនមែនសញ្ជាតិថៃ) ចំនួន ៤២ម៉ឺនាក់ និងចំនួន ៦៥ម៉ឺននាក់ សម្រួលឯកសារ និងផ្ដល់ភាពស្របច្បាប់តាមរយៈ MoU។ នេះបើតាមការឲ្យដឹង ពីគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

គណៈកម្មការខាងលើបានបន្តថា ភាគីថៃបានឯកភាពឲ្យពលករខ្មែរដែលពុំទាន់មានឯកសារ ក្រោយពេលបញ្ចប់យុទ្ធនាការផ្ដល់ភាពស្របច្បាប់ អាចត្រឡប់ទៅកម្ពុជាដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយត្រឡប់មកធ្វើការនៅថៃវិញជាពលករ តាមរយៈ MoU។ ក្នុងករណីពលករខ្មែរដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ត្រូវជូនដំណឹងទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាទទួលបន្ទុកពលករ ដើម្បីចេញលិខិតបើកផ្លូវឲ្យពលករវិលត្រឡប់មកកម្ពុជាវិញ។ នេះជាការបន្ថែមនៃគណៈកម្មការដដែល និងបានបន្តទៀតថា ភាគីទាំងពីរឯកភាពគ្នាបញ្ចប់យុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករខែ្មរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨៕

website_news/20180200603.txt · Last modified: 2018/06/20 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki