website_news:2018020101

សាលាដំបូង ជំនុំជម្រះស្ត្រីម្នាក់ពីរឿងជួញដូរមនុស្ស

http://www.postkhmer.com/ ប្រភពភ្នំពេញប៉ុស្ដិ៍ Fri, 29 December 2017 នៀម ឆេង

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានជំនុំជម្រះករណីស្ត្រីម្នាក់ពាក់ព័ន្ធនឹងការជួញដូរមនុស្សបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០១៧ ខណៈត្រឡប់មកពីប្រទេសចិន។ ស្ត្រីជាជនសង្ស័យឈ្មោះ ផៃ ចន្ថា អាយុ ៣៤ ឆ្នាំជាប់ចោទពីបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស។ បើតាមមាត្រានេះជនជាប់ចោទប្រឈមជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ។ ក្នុងសវនាការ ផៃ ចន្ថា បានរៀបរាប់ថា គាត់មានទីលំនៅនៅកៀនស្វាយក្នុងភូមិជាមួយនឹងជនរងគ្រោះហើយបានការប្តីចិនតាមរយៈមេខ្យល់កាលពី ៥ ឆ្នាំមុន។

កាលពី ២ ឆ្នាំមុនគាត់បានមកលេងស្រុកខ្មែរហើយគ្រួសារជនរងគ្រោះឈ្មោះ .ម.ន.ក បានសួរនាងថា មានចិនចង់បានប្រពន្ធខ្មែរទៀតឬអត់? ពេលនោះនាងក៏បានប្រាប់ថា មានបន្ទាប់មកក៏បានជូនជនរងគ្រោះទៅធ្វើលិខិតឆ្លងដែន ហើយបាននាំទៅចិនជាមួយគ្នាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងការនាំចេញនេះជនសង្ស័យទទួលប្រាក់ ១.២០០ ដុល្លារពីបុរសចិន ដើម្បីរៀបចំឯកសារ និងប្រគល់ ៧០០ ដុល្លារទៅម្តាយជនរងគ្រោះ ចំណែកខ្លួនបាន ២០០ ដុល្លារ។ ជនសង្ស័យបន្តថា៖ «ពេលទៅដល់ចិន បុរសចិនបានមកទទួលជនរងគ្រោះហើយបានយកទៅធ្វើពិធីរៀបការ និងចុះលិខិតអាពាហ៍ពិពាហ៍។ ខ្ញុំទាក់ទងសួរសុខទុក្ខគាត់ញឹកញាប់ តែក្រោយមកតេលែងចូល»។

ប៉ុន្តែតាមចម្លើយជនរងគ្រោះដែលត្រូវបានអានក្នុងសវនាការថាពេលគាត់ទៅដល់ចិនគាត់បានទៅការប្តីចិនជាជាងសំណង់។ ជនរងគ្រោះថា៖ «៣ ខែដំបូងមិនមានរឿងអ្វីកើតឡើងទេ ប៉ុន្តែក្រោយមកប្តីចេះតែរករឿង និងបង្ខំរួមភេទទាំងពេលមានរដូវ។ ប្តីបានប្រាប់ថាគេបានចំណាយប្រាក់អស់ ២ ម៉ឺន ២ ពាន់ដុល្លារដើម្បីយកខ្ញុំមកទីនេះ។ ប្តីក៏បានប្រាប់ថា ឈ្មោះ ផៃ ចន្ថា បានយកប្រាក់គាត់ ៧ ពាន់ដុល្លារដើម្បីឲ្យម្តាយខ្ញុំ តែម្តាយខ្ញុំមិនដែលបានទទួលទេ»។ ជនរងគ្រោះ ន.ម.ន.ក បន្តថានាងបានរត់មកកម្ពុជាវិញដោយមានស្ត្រីខ្មែរម្នាក់ជួយ។ ពេលមកដល់ភ្លាមនាងក៏ដាក់ពាក្យបណ្ដឹងតែម្ដងដោយទាមទារសំណង ៣ ពាន់ដុល្លារ និងបានស្នើសុំឲ្យតុលាការផ្ដន្ទាទោស ផៃ ចន្ថា តាមច្បាប់។

ព្រះរាជអាជ្ញាលោក សេង ហៀង ថ្លែងថា ពិតជាមានបទល្មើសដូចការចោទមែន ហើយស្នើឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែលោក កែវ វ៉ាន្នី មេធាវីការពារជនជាប់ចោទបានស្នើថា៖ «សូមតុលាការឲ្យកូនក្តីរបស់ខ្ញុំរួចផុតពីបទចោទ និងសូមច្រានចោលការទាមទារសំណងទាំងអស់។ កូនក្តីខ្ញុំមិនបានទៅលួងលោមជនរងគ្រោះទេ ហើយគាត់ទៅដល់ចិនបានរៀបការប្តីចិនពិតប្រាកដមែន។ រឿងហិង្សាដោយប្តីរបស់ជនរងគ្រោះគឺជារឿងកើតឡើងក្រោយមិនពាក់ព័ន្ធនឹងកូនក្តីខ្ញុំទេ»។ ចំណែក ផៃ ចន្ថា បាននិយាយជាសម្តីចុងក្រោយថា៖ «សូមដោះលែងខ្ញុំទៅ!»។

លោក ម៉ុង វិមានសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឲ្យដឹងថា សាលក្រមរឿងនេះនឹងប្រកាសនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៨៕

website_news/2018020101.txt · Last modified: 2018/12/28 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki