website_news:2018020102

រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យពលរដ្ឋមានទីលំនៅអចិន្ត្រៃ ក្នុងខេត្ត ធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូថ្មី ចាប់ពីថ្ងៃទី២ មករា នេះ តទៅ

http://ann.com.kh/site/news/ ថ្ងៃអង្គារ, 2 ខែមករា 2018 9:12 ព្រឹក

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃក្នុងខេត្ត ធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូថ្មី នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះតទៅ។ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចេញប័ណ្ណព្រំដែនគំរូថ្មីនេះ ធ្វើបានសម្រាប់តែពលរដ្ឋទូទៅ ដែលមានទំលំនៅអចិន្ត្រៃនៅក្នុងខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ គឺផ្អែកលើកិច្ចព្រមព្រៀងថ្មី ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ ស្តីពីការឆ្លងកាត់ព្រំដែននៃភាគីទាំង២ ដែលបានព្រមព្រៀងគ្នា ដើម្បីប្រើប្រាស់ប័ណ្ណព្រំដែននេះ ជាឯកសារផ្លូវការ សម្រាប់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃ ក្នុងតំបន់ព្រំដែន អាចប្រើប្រាស់នៅពេលចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២។

គួរបញ្ចាក់ផងដែរថា ប័ណ្ណព្រំដែនកន្លងមក គឺធ្វើដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដែលការធ្វើនេះ មានរយៈពេលច្រើនឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ២០១៨នេះ គឺប័ណ្ណព្រំដែនគំរូថ្មី ត្រូវបានបង្វែមកធ្វើដោយរដ្ឋបាលខេត្តបន្ទាយមានជ័យវិញ ទៅតាមលក្ខខណ្ឌនៃក្រសួងមហាផ្ទៃ។

ជុំវិញប័ណ្ណព្រំដែនគំរូថ្មី ដែលនឹងធ្វើឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា ការធ្វើប័ណ្ណព្រំដែននឹងមានលក្ខណៈងាយស្រួលជាងការធ្វើប័ណ្ណព្រំដែន ដែលធ្វើដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ ចំពោះតម្លៃប័ណ្ណព្រំដែនគំរូថ្មីនេះ គឺតាមការកំណត់ក្នុង១ក្បាល សម្រាប់ប្រជាពលរដ្ឋ មានទីលំនៅអចិន្ត្រៃក្នុងខេត្តបន្ទាយមានជ័យ តម្លៃ២ម៉ឺនរៀលតែប៉ុណ្ណោះ។ បន្ថែមលើនេះទៀតនោះ គឺការធ្វើប័ណ្ណព្រំដែនសម្រាប់ឆ្លងទៅប្រទេសថៃ ឬថៃឆ្លងមកកម្ពុជា កន្លងមកមានភាពលំបាកណាស់ ដោយមានការកំណត់ឲ្យថតរូបធ្វើកាត ដើម្បីបិតភ្ជាប់ជាមួយសៀវភៅប័ណ្ណព្រំដែន ដែលការធ្វើនេះ ត្រូវតម្រង់ជួររងចាំធ្វើកាតនៅខាងភាគីថៃ បើមិនដូច្នោះខាងភាគីថៃ នឹងមិនអនុញ្ញាតឲ្យចូលនោះទេ៕

website_news/2018020102.txt · Last modified: 2018/12/28 16:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki