website_news:2018020203

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យភាគីថៃជួយគាំពារពលករខ្មែរដែលកំពុងធ្វើការស្នាក់នៅក្នុងប្រទេសថៃ

http://www.akp.gov.kh/kh/ AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨

នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichit cholchai) ប្រធានសភានីតិប្បញ្ញត្តិថៃ សម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីថៃជួយគាំពារពលករខ្មែរដែលកំពុងធ្វើការស្នាក់នៅក្នុងប្រទេសថៃ។

សម្តេចបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលបានបង្កលក្ខណៈងាយស្រួល ទាំងលក្ខខណ្ឌការងារ ក៏ដូចជាកិច្ចការពារចំពោះពលករកម្ពុជា ដែលកំពុងធ្វើការស្នាក់នៅក្នុងប្រទេសថៃ។ នេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះទាំងអស់គ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះថា ប្រទេសថៃត្រូវការកម្លាំងពលកម្ម ហើយពលករកម្ពុជាក៏ត្រូវការប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងអស់គ្នា។សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រថៃ រយៈពេលបីថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិត ឆុលឆ័យ (Pornpetch Wichitcholchai) ប្រធាន សភានីតិប្បញ្ញត្តិថៃ។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណង លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជាតិទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញតិយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងជំនួបដែលបានធ្វើឡើងនៅវិមានរដ្ឋសភាថៃ ឯកឧត្តមសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តមបានលើកឡើងថាកាលពី៨ឆ្នាំមុន សម្តេចធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសថៃម្តង ហើយពេលនេះឯកឧត្តមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាផ្ទាល់ជាមួយសម្តេច ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំឡើងរវាងប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិ។ ឯកឧត្តមសាស្រ្តា ផនពេជ្រ វិចិតឆុលឆ័យ បានបន្តថា ឯកឧត្តមធ្លាប់បានដឹកនាំ គណៈ ប្រតិភូសភាថៃ មកចូលរួមប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី (APA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១៧។ និយាយជារួមសភាប្រទេសកម្ពុជា និងសភាប្រទេសថៃបានរួមសហការជាមួយគ្នាយ៉ាងច្រើននាពេលកន្លងមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយ ហើយប្រជាជនប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាតាំងពីយូរណាស់មកហើយ មានប្រពៃណី សិល្បៈ វប្បធម៌ស្រដៀងគ្នា ដែលអាចនិយាយបានថា ជាប្រទេសបងប្អូនជាមួយគ្នា។ “ខ្ញុំពិតជាមោទនភាពបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ កម្ពុជា-ថៃ មានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ គ្រប់កម្រិត ក្នុងស្មារតីភាតរភាពស្និទ្ធស្នាលក្នុងភាពជាដៃគូរ ហើយកិច្ចសហប្រតិបត្តិការនេះបានគ្របដណ្តប់លើគ្រប់វិស័យ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីឧត្តមភាពទាំងសងខាង” ។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរវិញ សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថាសភាប្រទេសទាំងពីរគួរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរថែមទៀត។ កិច្ចសហប្រតិបត្តិការនេះគួរតែធ្វើនៅគ្រប់កម្រិត រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមមិត្តភាពសភាទាំងពីរ គណៈកម្មការជំនាញរបស់រដ្ឋសភា រហូតដល់អគ្គលេខាធិការដ្នានរដ្ឋសភា។ សម្តេចបន្តថា អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងថៃ គួរពិនិត្យកែលម្អចំណុចខ្វះខាត នៃអនុស្សរណៈកិច្ចព្រមព្រៀង ដែលមានស្រាប់ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានជម្រាបជូនភាគីថៃអំពីស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាដោយ សម្តេចបានគូសបញ្ជាក់ថា សភាពការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន មានលក្ខណៈកាន់តែល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់ទាន់ពេលវេលា នូវឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុសធ្វើបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំង ដោយមានការជួយជ្រោមជ្រែងពីខាងក្រៅប្រទេស។ កន្លងមកគណបក្សនេះតែងតែបំពាន ញុះញង់ បង្កឱ្យមានអស្ថិរភាព អសន្តិសុខ រំលោភបំពានច្បាប់ រដ្ឋធម្មនុញ្ញ ដែលបង្ខំឱ្យតុលាការកំពូលចាត់ការតាមនីតិវិធីច្បាប់ រំលាយគណបក្សនេះ និងហាមឃាត់សិទ្ធិធ្វើនយោបាយរយៈ ពេល ៥ឆ្នាំ៕ ដោយ ប៉ាល់ សុង

website_news/2018020203.txt · Last modified: 2018/02/02 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki