website_news:2018020204

នាយករដ្ឋមន្រ្តីថៃ ជំរុញឲ្យរដ្ឋសភា កម្ពុជា-ថៃ មានកិច្ច សហប្រតិបត្តិការល្អ

https://www.dap-news.com/kh/ សុក្រ, 02 កុម្ភៈ ២០១៨ 11:42 ដោយ: ស សំណាង ID:012

ភ្នំពេញ ៖នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសថៃ ដែលត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគូរសមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយក រដ្ឋមន្រ្តីថៃ ក្នុងនោះលោកជំរុញស្ថាប័ននីតិប្បញ្ញត្តិទំាងពីរប្រទេស ត្រូវខិតខំថែរក្សា និង ជំរុញទំនាក់ទំនងនេះឲ្យកាន់តែល្អ រឹងមាំបន្ថែមទៀត។ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានមានប្រសាសន៍បន្តថា ទំនាក់ទំនងប្រទេសថៃ និងកម្ពុជា នាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លំាងដែលមិនធ្លាប់មានពីមុនមក។

នាយករដ្ឋមន្រ្តីថៃបានអះអាងថា លោកនឹងខិតខំថែរក្សាពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួនហើយ នៅខែមិថុនា ឆ្នាំ២០១៨នេះ ពលករខ្មែរនឹងអាចទទួលបាននូវឯកសារស្របច្បាប់។ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រជាពលរដ្ឋទំាងពីរប្រទេស នឹងកាន់តែមានលក្ខណៈងាយស្រួលបន្ថែមទៀត នាពេលខាងមុខនេះ ដោយសារតែការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជា-ថៃ

សម្តេច ហេង សំរិន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីថៃ ដែលបានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភា បានសម្តែងពេញចិត្តដោយសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ មានការរីកចម្រើនខ្លាំងទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទំាងវិស័យផ្សេងៗទៀត៕

website_news/2018020204.txt · Last modified: 2018/02/02 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki