website_news:2018020301

កម្ពុជាប្រើវិធានក្តៅគ្រោងបណ្តេញពលករបរទេសជាង១០ម៉ឺននាក់

http://www.ppd-news.net/ 02-March-2018 / ព័ត៌មានជាតិ

រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងនឹងប្រើវិធានការក្តៅទៅលើពលករបរទេសដែលបាននិងកំពុងធ្វើការនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ហើយមិនគោរពច្បាប់ជាធរមានរបស់ កម្ពុជា ។ បន្ទាប់ពីរកឃើញថា មានពលករបរទេសប្រមាណជាង១០ម៉ឺននាក់ ដែលចូលមកធ្វើការ ដោយមិនស្របច្បាប់ កម្ពុជាក៏គ្រោងនឹងបណ្តេញជនបរទេសទាំងនោះចេញផងដែរ បើនៅតែមិន បំពេញបែបបទតាមការកំណត់នៃច្បាប់ ។

លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ថា កម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានទៅដល់ការបណ្តេញ ចេញពីកម្ពុជាតែម្តង នូវពលករបរទេសជាង១០ម៉ឺននាក់ដែលកំពុងធ្វើការមិនស្របច្បាប់នៅកម្ពុជា ដូចជាគ្មានប័ណ្ណការងារដែលនាំឲ្យខាតបង់ចំណូលរដ្ឋប្រមាណជា២០លានដុល្លារក្នុងមួយឆ្នាំៗ ឯណោះ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក សុខ ផល ចូលរួមក្នុងពិធីប្រជុំ ផ្សព្វផ្សាយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ ស្តីពីការពង្រឹងការងារ អធិការកិច្ច ហត្ថពលកម្ម បរទេសនៅកម្ពុជា រួមទាំងសេចក្តីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណ និង សៀវភៅជនបរទេសរបស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេស ដែលមកវិនិយោគឬ ប្រកបមុខរបរណាមួយនៅកម្ពុជា ។

យ៉ាងណាក៏ដោយ លោក សុខ ផល បានបញ្ជាក់ថា អាជ្ញាធរទុករយះពេលមួយខែ សម្រាប់ជនបរទេស ដើម្បីមកចុះបញ្ជីការងារស្របច្បាប់ ហើយក្រោយពីរយះពេលមួយខែនោះ អាជ្ញាធរនឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ ហើយបើរកឃើញជនបរទេសណាមិនទាន់អនុវត្ត តាមច្បាប់ត្រូវប្រឈមនឹងការពិន័យឬបណ្តេញចេញតែម្តង ។

ពាក់ព័ន្ធករណីនេះមន្ត្រីជំនាញក្រសួងការងារបានឲ្យដឹងថា បើតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារក្នុងឆ្នាំ២០១៨ គឺពលករបរទេសទាំងនោះនឹងតម្រូវឲ្យផាកពិន័យ ប្រសិនបើមិន បានធ្វើប័ណ្ណ និងសៀវភៅការងារឆ្នាំ២០១៧ ។ ចំពោះកាតព្វកិច្ចបង់ជូនរដ្ឋសម្រាប់ជនបរទេស ក្នុងម្នាក់៤០ម៉ឺនរៀលក្នុងមួយឆ្នាំៗ ។ ប៉ុន្តែបើមិនបានបំពេញកាតព្វកិច្ចនេះ ក្រសួងនឹងផាកពិន័យ តាមច្បាប់ ដោយកំណត់ផាកពី៦០ថ្ងៃទៅ៩០ថ្ងៃ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ពោលគឺកំណត់យកមួយ ថ្ងៃ៤ម៉ឺនរៀល ។

ចំណែកលោកអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់បន្ថែមដែរថា ប្រសិនបើពលករបរទេសនៅតែមិនព្រមបង់ពិន័យនោះ នឹងត្រូវប្រឈមផ្លូវច្បាប់ ដោយអាចជាប់ ពន្ធនាគាររយះពេលខែ ហើយត្រូវបណ្តេញចេញពីកម្ពុជា ៕

website_news/2018020301.txt · Last modified: 2018/03/02 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki