website_news:2018020302

ក្រសួង២ដាក់ចេញ៥ចំណុច ដើម្បីបន្ត តាមដានពលករបរទេស ធ្វើការនៅកម្ពុជា

https://www.dap-news.com/kh ព្រហស្បតិ៍, 01 មិនា ២០១៨ 17:55 ដោយ: ខា ដា ID:049

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានសម្រេចដាក់ចេញ នូវគោលការណ៍អនុវត្តន៍ចំនួន ៥ចំណុច ដើម្បីពង្រឹងនិងបន្ត តាមដានការធ្វើការងាររបស់ ពលករបរទេសនៅកម្ពុជា ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ លោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារ អធិការកិច្ចហត្ថពលកម្ម បរទេសក្នុងប្រទេសកម្ពុជា និងសេចក្ដីជូនដំណឹងស្ដីពី កាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេស របស់ម្ចាស់ សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយ ក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសនោះមានការចូលរួមពី គណៈអភិបាលខេត្តរងទទួលបន្ទុក ២៥រាជធានី-ខេត្ត ស្នងការនគរបាលរងទទួលបន្ទុក ២៤ខេត្ត ក្រុមចំរុះអធិការការងារ ជនបរទេស ម្ចាស់សហគ្រាសគ្រឹះស្ថានចំនួនជាង ៤០០ សមាគមនិយោជក និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជាផងដែរ ។ គោលការណ៍ អនុវត្តផែនការសកម្មភាព បន្តចំនួន៥ចំណុចសំខាន់ៗរួមមាន៖

ទី១.គណៈអភិបាលខេត្តទទួល បន្ទុកទាំង ២៤ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ បន្ត ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងរយៈពេលមួយសប្ដាហ៍ ។

ទី២.ក្រុមចំរុះអធិការកិច្ចហត្ថពល កម្មបរទេស នឹងចុះត្រួតពិនិត្យប័ណ្ណ និងសៀវភៅការងារ ក្រោយបុណ្យចូលឆ្នាំ ប្រពៃណីខ្មែររួច ។

ទី៣.បង្កើតក្រុមការងារ ដើម្បីជួយ តាមដាន ការងារនេះប្រចាំថ្ងៃ។

ទី៤.ក្រុមការងារប្រចាំការ ដើម្បីដោះស្រាយ បញ្ហាចំពោះមុខភ្លាមៗ ចំពោះសំណូមពរ របស់ម្ចាស់ សហគ្រាសគ្រឹះស្ថាន ឬជនបរទេស ដូចជាពាក់ព័ន្ធ ឯកសារផ្សេងៗ។

និងទី៥.ម្ចាស់សហគ្រាសគ្រឹះស្ថាន និងជនបរទេស អាចស្នើសុំធ្វើប័ណ្ណ និងសៀវភៅការងារដោយ គ្រាន់តែចូលទៅក្នុងប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ ៕

website_news/2018020302.txt · Last modified: 2018/03/02 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki