website_news:2018020303

តុលាការលើកពេលប្រកាសសាលក្រម សំណុំរឿងបុរសចិន និងប្រពន្ធខ្មែរ នាំស្ត្រីខ្មែរទៅលក់នៅប្រទេសចិន

http://ann.com.kh/site/news/ ថ្ងៃសុក្រ, 2 ខែមីនា 2018 8:16 ព្រឹក

រាជធានីភ្នំពេញ៖ មិនដូចជាការគ្រោងទុកនោះទេ កាលពីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោក អ៊ី ថាវរៈ ប្រធានក្រមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់អាចបើសវនាការប្រកាសសាលក្រមផ្តន្ទាទោស បុរសជនជាតិចិន និងប្រពន្ធខ្មែរ ក្នុងសំណុំរឿង ជួញដូរស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន នោះទេ។ ប្រភពពីមន្ត្រីពន្ធនាគារព្រៃស ម១ និងម២ បានថ្លែងថា ប្រធានក្រុមប្រឹក្សាចៅជំនុំជម្រះ លោក អ៊ី ថាវរៈ មិនបានបញ្ជាក់ ពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនៃសំណុំរឿននោះទេ ហើយក៏មិនទាន់បានកំណត់ពេលជាក់លាក់ថា នឹងបើកសវនាការប្រកាសសាលក្រមនៅពេលណានោះដែរ បានត្រឹមតែប្រើក្រឡាបញ្ជីមកប្រាប់ពួកលោកថា រឿងនេះ លើកពេលប្រកាសសាលក្រម។

សូមបញ្ជាក់ថា លោក សេង ហៀង ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ម៉ា ចាវហ្វូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និងឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ពីបទនាំចេញដោយមិន ស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ យោងតាមមាត្រា១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសវនាការកាលពីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទ ទាំង២នាក់ បានបដិសេធការចោទប្រកាន់ របស់តុលាការ ដោយអះអាងថា ពួកគេមានបំណងជួយឱ្យជនរងគ្រោះ បានប្តីនៅស្រុកចិន ក្រែងបានជីវភាពធូរធារជាងមុន តែប៉ុណ្ណោះ។

ចំណែកជនរងគ្រោះ ២នាក់ ទី១.ឈ្មោះ ព.ស.ត និងទី២.ឈ្មោះ ហ.ច.ប បានបញ្ជាក់ថា ជនជាប់ចោទ ទាំង២នាក់ និងបក្ខ ពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានលួងលោមពួកនាង ឱ្យទៅរៀបការប្តីនៅស្រុកចិនទៅ បានលុយចាយច្រើន រស់ស្រួល និងអាចបានលុយផ្ញើឱ្យម្តាយឪពុកនៅស្រុក ថែមទៀតផង។ ក្រៅពីនេះក្រុមជនជាប់ចោទ បានប្រាប់ថា ប្តីចិន ឱ្យថ្លៃទឹកដោះដំបូង ចំនួន ២,០០០ដុល្លារ ទៅឪពុកម្តាយរបស់ពួកនាង។ ក្រោយពីពួកនាង ព្រមទៅរៀបការប្តី នៅប្រទេសចិន ក្រុមជនជាប់ចោទ បានរត់ការធ្វើឯកសារឆ្លងដែន និងនាំពួកនាង ឆ្លងទៅប្រទេសចិន តាមប្រទេសវៀតណាម។ នៅពេលទៅដល់ប្រទេសចិន ក្រុមជនជាប់ចោទ បានឱ្យពួកនាង ទៅរៀបការប្តី ចិន។

ក្រោយពីការរួចរស់នៅបានមួយរយៈ ប្តីចិន បានវាយធ្វើបាបពួកនាង និងបង្ខាំងពួកនាងទុកតែក្នុងផ្ទះ និងបម្រុងលក់បន្តឱ្យទៅផ្ទះបនស្រី ទើបពួកនាង លួចរត់ឱ្យសមត្ថកិច្ចជូនទៅរកស្ថានទូតខ្មែរប្រចាំប្រទេសចិន ដើម្បីជួយង្គ្រោះ បានត្រលប់មកប្រទេសកម្ពុជាវិញ។ ជនរងគ្រោះទាំង២នាក់ បានប្តឹងទាមទារ សំណង ពីជនជាប់ចោទ ក្នុងម្នាក់ៗ ចំនួន ២ម៉ឺនដុល្លារ៕ ដោយ៖ ឡុក សំរិត

website_news/2018020303.txt · Last modified: 2018/03/02 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki