website_news:2018020304

ថៃ ចាប់ខ្មែរ និង បរទេសផ្សេងជាង ៧០ នាក់រឿងស្នាក់នៅ និងធ្វើការផុតទិដ្ឋាការ

http://www.postkhmer.com/ ភ្នំពេញប៉ុស្ដិ៍ ឃុត សុភចរិយា | Publication date 01 March 2018 | 18:44 ICT

ភ្នំពេញៈ ជនបរទេសចម្រុះជាតិសាសន៍ជាង ៧០ នាក់ដែលរួមទាំងជនជាតិកម្ពុជាផងត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនដោយចោទពីបទស្នាក់នៅហួសទិដ្ឋាការនិងធ្វើការងារខុសច្បាប់។ នេះបើតាមកាសែត ឈ្មោះ «Khaosod English» ចេញផ្សាយកាលពីព្រឹកថ្ងៃទី១ ខែមីនា នេះ។ កាសែតនេះបានរាយការណ៍ថានៅម៉ោង ១:៣០ នាទីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំនេះ នគរបាលទេសចរណ៍ ថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស៊ូរ៉ាចិតហាក់ប៉ាល់ បានឆ្មក់ចូលក្នុងតំបន់ទេសចរផ្លូវភេទល្បីឈ្មោះមួយនៅក្រុងបាងកកតាមដងវិថី Sukhumvit 23 ត្រង់ចំណុចផ្លូវកែង Soi Cowboy និង Asoke Montri។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស ៧៥ នាក់ រួមមានជនជាតិអ៊ុយហ្គង់ដា ស៊ូដង់ បង់ក្លាដេសឥណ្ឌានិងកម្ពុជាដោយចោទប្រកាន់ពីបទ «ស្នាក់នៅហួសកំណត់ទិដ្ឋាការនិងចូលមករស់នៅនិងធ្វើការខុសច្បាប់នៅទីនោះ»។ កាសែតនេះក៏បានដកស្រង់សម្ដីរបស់លោកឧត្តមសេនីយ៍ ទោ ស៊ូរ៉ាចិត ហាក់ប៉ាល់ មកបញ្ជាក់ផងដែរថា៖ «ជនបរទេសភាគច្រើនបានចូលក្នុងប្រទេស ថៃ ដោយប្រើទិដ្ឋាការទេសចរណ៍និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស សាសនា ទូតឬជាកីឡាករបាល់ទាត់»។

កាលពីម្សិលមិញមន្ត្រីការទូតកម្ពុជាម្នាក់ប្រចាំក្រុង បាងកក បានបដិសេធការធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះទេដោយអះអាងថា គាត់ពុំមានតួនាទីក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មាន ខណៈលោក ឈីវ ឆន្ទៈ លេខាទី២នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏មិនអាចទាក់ទងសុំការអធិប្បាយបាន ។ ប៉ុន្តែបើតាមមន្ត្រីខ្មែរដែលកំពុងបំពេញបេសកកម្មផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅថៃបានឲ្យថាអាជ្ញាធរថៃជារឿយៗតែងចុះបង្ក្រាបនិងចាប់ជនបទេសដែលស្នាក់នៅនិងធ្វើការងារលើវិស័យផ្សេងៗដោយខុសច្បាប់ក្នុងប្រទេសគេ។

ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះមន្ត្រីរូបនោះបានបន្តថា៖ «វាពុំមានអ្វីប្លែកឬត្រូវព្រួយបារម្ភនោះទេព្រោះករណីចុះបង្ក្រាបជនបរទេសរស់នៅនិងធ្វើការងារខុសច្បាប់នៅថៃ គឺកើតមានស្ទើរជារៀងរាល់ថ្ងៃទៅហើយ។ ចំណែកជនសង្ស័យ ដូចករណីខាងលើនេះ ពួកគេត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងរយៈពេលខ្លី ឬ ត្រូវផាកពិន័យបន្ទាប់មកនឹងត្រូវចាប់បញ្ជូនឲ្យត្រឡប់ទៅប្រទេសពួកគេវិញ»។ កាលពីដើមខែកុម្ភៈក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា «ប្រតិបត្តិការឥន្ទ្រីខ្មៅ» នគរបាលទេសចរណ៍ក្រុងបាងកកឆ្មក់ចូលក្នុងសណ្ឋាគារឈ្មោះ NANA ក្នុងតំបន់ Soi Sukhumvit 4 ដែលជាតំបន់ទេសចរផ្លូវភេទហើយបានចាប់ខ្លួនជនសង្ស័យ ១០ នាក់ដោយចោទពីបទល្មើសផ្សេងៗពីគ្នាប៉ុន្តែពុំមានជនជាតិកម្ពុជានោះទេគឺមានតែជនជាតិឥណ្ឌានិងអាហ្វ្រិកប៉ុណ្ណោះ៕

website_news/2018020304.txt · Last modified: 2018/03/02 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki