website_news:2018020402

រដ្ឋាភិបាលយោធាថៃនឹងបន្ថយការរឹតបន្តឹងច្បាប់សម្រាប់ពលករខ្មែរក្នុងអំឡុងបុណ្យចូលឆ្នាំ

https://wmc.org.kh 30 មិនា 2018 ហ៊ុល រស្មី

ភ្នំពេញ៖ រដ្ឋាភិបាលយោធាថៃបានផ្តល់ការសម្រួលដល់ពលករខ្មែរ ដែលកំពុងធើ្វការបណ្តោះអាសន្ននៅប្រទេសថៃ ដោយឲ្យពួកគេមានលទ្ធភាពធ្វើដំណើរចេញចូលប្រទេសថៃ នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រហូតដល់ដំណាច់ខែមេសា។ នេះបើយោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ លិខិតរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដែល VOA បានទទួលកាលពីយប់ថ្ងៃព្រហស្បតិ៍ បានសរសេរក្នុងន័យដើមថា៖ «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ភាគីកម្ពុជា និងថៃនឹងសហការគ្នាដើម្បីសម្រួលដល់ពលករ ដែលកាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) នៅមានសុពលភាព និងពលករដែលកាន់លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ដែលមានទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារនៅមានសុពលភាព ព្រមទាំងអ្នកនៅក្នុងបន្ទុក អាចធ្វើដំណើរចេញ-ចូលប្រទេសថៃ-កម្ពុជាបានចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨»។

លិខិតដដែលបានសរសេរបន្តថា៖ «ចំពោះបងប្អូនពលករ កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ដែលមានបំណងធ្វើដំណើរត្រឡប់មកកម្ពុជាវិញក្នុងអំឡុងពេលនេះ ត្រូវទៅស្នើសុំលិខិតអនុញ្ញាតពីមន្ទីរការងារថៃក្នុងខេត្ត ដែលខ្លួនធ្វើការ។ ដោយឡែក ចំពោះបងប្អូនពលករ ដែលកាន់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) ត្រូវទៅស្នើសុំទិដ្ឋាការចេញ-ចូល (Re-Entry Visa) នៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្ត ដែលខ្លួនធ្វើការ ឬនៅច្រកព្រំដែនអន្តរជាតិ ដោយពុំមានបង់កម្រៃសេវាឡើយ»។ លិខិតរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំងអស់ត្រូវឆ្លងកាត់តាមព្រំដែនអន្តរជាតិ ហើយប្រសិនជាត្រឡប់មកកម្ពុជាតាមច្រកណាត្រូវត្រឡប់ទៅថៃវិញតាមច្រកនោះ។ លិខិតបានបន្ថែមថា ពលករកម្ពុជាកាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) មិនតម្រូវឲ្យសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន (Laissez Passer) ដើម្បីធ្វើដំណើរត្រឡប់មកកម្ពុជាឡើយ ក្នុងអំឡុងពេលភាគីថៃ និងកម្ពុជាបានឯកភាពគ្នានេះ។

កាលពីពាក់កណ្តាលខែមីនា រដ្ឋាភិបាលយោធាថៃបានជូនដំណឹងដល់ពលករកម្ពុជាតាមស្ថានទូតប្រទេសកម្ពុជាប្រចាំនៅប្រទេសថៃ អំពីការកំណត់យកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ជាឱសានវាទសម្រាប់ពលករខ្មែរ ដើម្បីចុះឈ្មោះបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅប្រទេសនេះ មុនពេលអាជ្ញាធរថៃចាត់វិធានការខាងច្បាប់ «យ៉ាងតឹងរឹង»។

យោងតាមលិខិតរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលបានលើកឡើងខាងលើនេះ ពលករខ្មែរអាចធ្វើដំណើរចេញចូលប្រទេសថៃបាន តែលិខិតនោះមិនបានបញ្ជាក់ថា ពលករខ្មែរអាចបន្តធ្វើការនៅប្រទេសថៃ ដោយមិនប្រឈមនឹងចំណាត់ការផ្លូវច្បាប់នោះឡើយ។

រដ្ឋាភិបាលយោធាថៃ បានបង្កើនការរឹតបន្តឹងលើភាពស្របច្បាប់របស់ពលករបរទេសដែលកំពុងធ្វើការនៅប្រទេសខ្លួន ក្រោយការធ្វើវិសោធនកម្មច្បាប់ការងារថៃកាលពីឆ្នាំ២០១៧។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករ ហៅកាត់ថាសង់ត្រាល បានប្រាប់ VOA កាលពីពេលកន្លងមកថា រដ្ឋាភិបាលថៃតែងតែធ្វើការពន្យារពេលដល់ពលករកម្ពុជាសម្រាប់ឲ្យពួកគេបានទទួលនូវភាពស្របច្បាប់ធ្វើការងារនៅប្រទេសថៃ។ លោកមានប្រសាសន៍ថា ប្រសិនបើភាគីថៃអនុវត្តទៅតាមច្បាប់ការងារដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ឬហៅថា ច្បាប់ការងារថៃថ្មីនោះ នោះកម្មករដែលធ្វើការមិនតាមប្រភេទការងារដែលត្រូវបានអនុញ្ញាត ឬក៏ពុំមានឯកសារត្រឹមត្រូវ អាចប្រឈមនឹងការបណ្តេញចេញ ផាកពិន័យ និងជាប់ពន្ធនាគារមិនក្រោមពីប្រាំឆ្នាំទេ។ ការបង្រ្កាបរបស់រដ្ឋាភិបាលថៃលើពលករខ្មែរធ្លាប់បានធ្វើឡើងជាទ្រង់ទ្រាយធំ កាលពីបួនឆ្នាំមុន ពោលគឺកាលពីខែមិថុនាឆ្នាំ២០១៤ដែល ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់៕

website_news/2018020402.txt · Last modified: 2018/04/02 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki