website_news:2018020403

ថៅកែ និងពលករបរទេស មានពេលដល់ចុងខែមេសា ដើម្បីសុំពន្យារសុពលភាពបណ្ណការងារជនបរទេស

https://wmc.org.kh/ ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ក្រសួងការងារកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា ក្រុមថៅកែ និងពលករបរទេស ដែលកំពុងរកស៊ីនៅកម្ពុជា មានពេលរហូតដល់ចុងខែមេសា ក្នុងការមកបំពេញបែបបទ សុំពន្យារសុពលភាពបណ្ណ ឬ សៀវភៅការងារជនបរទេស។ ករណីដែលជនបរទេស ធ្វើការនៅកម្ពុជា ដោយគ្មានច្បាប់ ពួកគេប្រឈម ការផាកពិន័យជាប្រាក់ ជាប់ពន្ធនាគារ និងបណ្ដេញចេញពីកម្ពុជា។

ក្រសួងការងារកម្ពុជា ធ្លាប់បានចេញសេចក្ដីជូនដំណឹងម្ដងរួចមកហើយ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយកំណត់យកដំណាច់ខែមីនា ឆ្នាំ២០១៨ ជាឱសាវាទក្នុងការពន្យារសុពលភាពបណ្ណ ឬ សៀវភៅការងារជនបរទេស។ ក៏ប៉ុន្ដែក្រសួងការងារបានសម្រេចពន្យារតទៅមុខទៀត បន្ទាប់ពី ក្រសួងសង្កេតឃើញថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសមួយចំនួន នៅមិនទាន់បានស្នើសុំពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជានបរទេសតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅឡើយ។ ដើម្បីបញ្ជៀសការផាកពិន័យតាមអត្រាប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ៤ម៉ឺនរៀល ក្រសួងការងារ ក៏សម្រេចពន្យារពេលសម្រាប់ស្នើសុំបន្ដសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេស រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ក្រសួងការងារបង្ហាញក្ដីសង្ឃឹមថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រញាប់មកស្នើសុំពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេស ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ក្រសួងបញ្ជាក់ថា ក្នុងករណីដែលជនបរទេស ទាំងថៅកែ និងពលករ ខកខានការសុំពន្យារសុពលភាពនេះ ក្រសួងនឹងចាត់វិធានការផាកពិន័យ តាមទោសប្បញ្ញត្ដិក្នុងជំពួក ១៦ នៃច្បាប់ស្ដីពីការងារ និងបទប្បញ្ញត្ដិជាធរមាន។

ជនបរទេស ដែលកំពុងធ្វើការងារនៅប្រទេសកម្ពុជា មានប្រមាណជាង ១៦ម៉ឺននាក់ ក៏ប៉ុន្ដែគឺមានជនបរទេសប្រមាណតែ ៥ម៉ឺន ៧ពាន់នាក់ ប៉ុណ្ណោះ ដែលមានប័ណ្ណការងារ ឬសៀវភៅការងារជនបរទេសស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ ក្នុងឱកាសពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា កម្ពុជាបានបាត់បង់ប្រាក់ចំណូលក្នុងមួយឆ្នាំៗ ជាង ២០លានដុល្លារ ព្រោះតែជនបរទេសទាំងថៅកែ និងពលករ មួយចំនួនមិនបានបង់ពន្ធជូនរដ្ឋ។ ក្រៅតែពីរដ្ឋត្រូវបាត់បង់ចំណូលជាថវិកាជាតិជនបរទេសខុសច្បាប់ទាំងនោះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែរបាត់ឱកាសការងារផងដែរ ។ ព្រោះមើលឃើញដូចនេះ សម្ដេច ស ខេង បានថ្លែងដោយសង្កត់ធ្ងន់ៗថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតឲ្យមានជនបរទេសធ្វើការនៅកម្ពុជា ដោយមិនស្របច្បាប់ទៀតនោះទេ។

ជុំវិញរឿងនេះ លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានកាលពីចុងខែកុម្ភៈ ដែរថា ប្រសិនបើជនបរទេសទាំងថៅកែ និងពលករ រឹងរូសមិនព្រមអនុវត្ដ តាមអ្វីដែលជាច្បាប់របស់កម្ពុជា ពួកគេនឹងត្រូវបានបង្ខំឲ្យបង់ការផាកពិន័យ ឬក៏ត្រូវប្ដឹងឡើងតុលាការ ចាប់ដាក់ពន្ធនាគារ មុនបណ្ដេញចេញពីកម្ពុជា។ ជនបរទេសម្នាក់ៗ ត្រូវបង់ពន្ធជូនរដ្ឋនៅដំណាច់ឆ្នាំនីមួយៗ នូវទឹកប្រាក់ ១០០ដុល្លារ។ ក៏ប៉ុន្ដែក្នុងករណីជនបរទេស ទាំងថៅកែ និងពលករ មិនបានគោរពតាមច្បាប់នេះ ពួកគេនឹងត្រូវអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការគ្នាជាមួយក្រសួងការងារ ធ្វើការផាកពិន័យជាទឹកប្រាក់បន្ថែមពីលើប្រាក់ពន្ធនេះ ចំនួន ១២៥ដុល្លារទៀត៕

website_news/2018020403.txt · Last modified: 2018/04/02 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki